ក្រុមអង្គការសង្គមស៊ីវិលចំនួន១២ បានផ្ញើលិខិតមួយអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្កើនការធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតឲ្យបានខ្លាំងក្លា ខណៈចំនួនអ្នកបោះឆ្នោតធ្លាក់ចុះ។
បើតាមលិខិតចុះផ្សាយកាលពីថ្ងៃពុធ ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១២ បានទទូចឲ្យ លោក ស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្កើនការអប់រំ និងផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋខ្មែរអំពីការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ឲ្យកាន់តែទូលំទូលាយជាងមុន ។
ក្រុមអង្គការសង្គមស៊ីវិល ក៏បានបង្ហាញក្ដីព្រួយបារម្ភអំពីចំនួនអ្នកចុះបោះឆ្នោត ដោយពួកគេអះអាងថាបានធ្លាក់ចុះក្រោមការរំពឹងទុក គឺក្រោម១០ម៉ឺននាក់ក្នុងមួយថ្ងៃ ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក។
លើសពីនេះ អង្គការសង្គមស៊ីវិលបានកត់សំគាល់ពីភាពអសកម្មរបស់ គ.ជ.ប ខ្លួនឯង និងស្នើឲ្យអាជ្ញាធរកម្ពុជា បើកឱកាសដល់គណបក្សនយោបាយនានា អាចធ្វើសកម្មភាពបំផុសបំផុលពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត ជាជាងចេះតែរារាំងបំបិទសិទ្ធិពួកគេ។
ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើឲ្យ គ.ជ.ប បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ ពិសេសសុំឲ្យ គ.ជ.ប ចេញលិខិតអន្ដរាគមន៍ ប្រសិនបើមានការបង្ក្រាប ឬរារាំងលើគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ពេលពួកគេធ្វើយុទ្ធនាការអប់រំ និងផ្ដល់ព័ត៌មានដល់ពលរដ្ឋ៕