រដ្ឋាភិបាលបំភ្លឺពីតួលេខនៃការនាំខ្សាច់ចេញទៅក្រៅប្រទេស

ការបូមខ្សាច់នៅកម្ពុជា​

ក្រសួងរ៉ែ និងថាមពល បកស្រាយពីភាពខុសគ្នា  ចំពោះរបាយការណ៍តួរលេខអំពីការនាំខ្សាច់ចេញទៅក្រៅប្រទេស ដោយថាមកពី បញ្ហាបច្ចេកទេសនៃរបៀបរាយការណ៍តាមគោលការណ៍ស្ម័គ្រចិត្តរបស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។

នៅក្នុងលិខិតចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងរ៉ែង និងថាមពល ដែលឆ្លើយតបនឹងលិខិតក្រុមរបស់ អង្គការសង្គមស៊ីវិល ឲ្យដឹងថា ទិន្នន័យស្ថិតិពាណិជ្ជកម្មដែលអង្គការសង្គមស៊ីវិលទទួលបានពីប្រភពអង្គការសហប្រជាជាតិ និងនាយកដ្ឋានពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី ទាក់ទងនឹងភាពខុសគ្នានៃរបាយការណ៍នាំខ្សាច់ចេញ និងចូលនេះ ថាជាបញ្ហាបច្ចេកទេសនៃរបៀបរាយការណ៍តាមគោលការណ៍ស្ម័គ្រចិត្តរបស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។

លិខិតរបស់ក្រសួងឲ្យដឹងបន្តថា ភាពខុសគ្នានៃរបាយការណ៍នេះ  អាចមកពីមានកត្ដាផ្សេងៗទៀត ដែលធ្វើឲ្យមាន គម្លាតនៃតួរលេខហើយបញ្ហានេះ ក្រសួងកំពុងធ្វើការសិក្សា ស្រាវជ្រាវ និងពិនិត្យឡើងវិញ ។ រីឯការលក់ខ្សាច់វិញ មិនមែនជាភារកិច្ចរបស់ក្រសួងទេ  គឺជាភារកិច្ចរបស់អ្នកកាន់អាជ្ញាប័ណ្ណនិងអ្នកទិញ យ៉ាណាក៏ដោយ  នៅក្នុងលិខិតរបស់ក្រសួងមិនបានបង្ហាញពីឈ្មោះប្រទេសដែលកម្ពុជានាំខ្សាច់ចេញទៅលក់ឡើយ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា មានប្រសាសន៍ថា  ចំពោះរបាយការណ៍តួរលេខអំពីការនាំខ្សាច់ចេញទៅក្រៅប្រទេសនេះ តាមរយៈវេបសាយមួយចំនួន។ លោកថា៖”ចង់ដឹងចូលទៅមើលខ្លួនឯងក្នុងវេបសាយ(UN Contract) https://www .un.org/Depts/ptd/fr/contract-awards/343  ហើយសាកល្បមមើលទៅ ខ្សាច់ក៏បានសាកអីក៏បាន ហើយសាកពីប្រទេសណាមួយទៅប្រទេសណាមួយក៏បានដែរ។ សាកទាំងអស់ចង់ដឹងសាកវៀតណាម ទៅសិង្ហបុរីក្នុងការលក់ខ្សាច់ ចង់ដឹងសាកម៉ាឡេ ឬមួយប្រទេសណាផ្សេងសាកមើលទៅ មិនមែនតែខ្សាច់នៅលើទំនិញណាផ្សេងក៏អាចសាកមើលបានដែល រវាងការនាំចេញនិងការនាំចូល ប្រៀបធៀបគ្នាទៅ តើតម្លៃនិងចំនួននោះវាខុសគ្នាយ៉ាងម៉េច  អាហ្នឹងទាល់តែសាកមើលខ្លួនឯងតែម្ដង”។

លោកបន្តថា ពាក់ព័ន្ធនឹងឈ្មោះប្រទេសដែលកម្ពុជានាំខ្សាច់ចេញទៅលក់នោះ ក្រសួងហៅអង្គការសង្គមស៊ីវិលទាំងអស់មកជួបនៅក្រសួងដើម្បីធ្វើការពិភាក្សា និងបង្ហាញពីចំនួនប្រទេសទាំងអស់នោះនៅថ្ងៃខាងមុខនេះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សារទចំពោះការលើកឡើងរបស់ក្រសួងដែលថា នឹងសិក្សាស្រាវជ្រាវ និងអង្កេតបន្ថែមទៀតនោះ ។

ចំពោះលោកមានប្រសាសន៍ថា៖”រឿងខ្លះវាអាចស្ថិតនៅក្រៅសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពលដែរ តែវាមានពាក់ព័ន្ធជាមួយស្ថាប័នសំខាន់ៗដូច គយ អីជាដើមហ្នឹង ។ ចឹងខ្ញុំថារឿងនេះ បើសិនវាជាបញ្ហា មួយដែលកើតឡើងវាមានលក្ខណៈខុសពីទិន្នន័យដែលក្រសួង គ្រប់គ្រង វាជាប្រភេទនៃ ករណីអាចថាវាពាក់ព័ន្ធអំពើពុករលួយ ។ ចឹងយើងសារទហ្នឹងការបង្ហាញឆន្ទៈរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការវែកញែកក្នុងការស្វែងរក ដើម្បីបង្ហាញបន្ថែមទៅសាធារណជនក្នុងពេលឆាប់ៗនេះ”។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៧ស្ថាប័ន ស្នើឲ្យ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បង្ហាញពីឈ្មោះប្រទេសដែលកម្ពុជាបាននាំខ្សាច់ចេញទៅលក់ តួលេខ រួមទាំងតម្លៃ និងបរិមាណនៃខ្សាច់ដែលនាំចេញទៅកាន់ប្រទេសនីមួយៗ។

សង្គមស៊ីវិលឲ្យដឹងទៀតថា ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីឆ្នាំ ២០០៧ ដល់២០១៥  កម្ពុជាបាននាំខ្សាច់ចេញក្នុងបរិមាណសរុប២.៨ លានតោន  ក្នុងតម្លៃ ៥.៥ ដុល្លារសហរដ្ឋអាមេរិក   ទៅកាន់ប្រទេសសិង្ហបុរី ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ