បទយកការណ៍៖ អាគារ «ប៊ុលឌីង» កណ្ដាលក្រុងភ្នំពេញនឹងប្រែមុខមាត់ថ្មីដោយភាពចម្រូងចម្រាស់

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

នៅកណ្ដាលទីក្រុងភ្នំពេញ ចម្ងាយប្រហែល៥០០ម៉ែត្រ ភាគខាងត្បូងពីព្រះបរមរាជវាំង គេនឹងឃើញអាគារពណ៌សដ៏ចំណាស់មួយ ដែលបន្សល់ទុកតាំងពីទសវត្សទី៦០មក។

អាគារសនេះស្ថិតនៅក្នងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលមានអាយុកាលជាង៥០ប្លាយឆ្នាំមកហើយ។

បើប្រៀបធៀបអាគារសនេះ ជាមួយនឹងសំណង់អាគារផ្សេងទៀត ដែលបានសង់ឡើងព្រោងព្រាតនៅជុំវិញនោះ គេនឹងឃើញថាវាខុសគ្នាដាច់ស្រឡះតែម្ដង។ អាគារសនេះមិនល្អស្អាតនិងរឹងមាំដូចអាគារដទៃទៀតឡើយ ដោយសារពណ៌របស់អាគារនេះឡើងក្រម៉ៅ ស្លែដុះពេញ ហើយកាន់តែសឹករិចរិលនិងចាស់ទ្រុឌទ្រោមទៅហើយ។

យោងតាមឯកសារ អាគារសនេះមានឈ្មោះដើមថា «អាគារស្នាក់នៅសាលាក្រុង» ត្រូវបានកសាងនៅចន្លោះទសវត្សទី៥០និង៦០ ពោលគឺស្ថាបនាឡើងក្នុងជំនាន់ សម្ដេច សីហនុ ទ្រង់ជាប្រមុខរដ្ឋសម័យសង្គមរាស្ដ្រនិយម រវាងឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ គឺក្រោយពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង។

កាលនោះដោយសារកំណើនប្រជាជនសម្រុកមករស់នៅក្នុងទីក្រុងភ្នំពេញច្រើនឡើងៗ សម្ដេច សីហនុ បានផ្ញើព្រះរាជលិខិតមួយជូនអភិបាលក្រុង លោក ទេព ផន ដោយចារលើលិខិតនោះថា៖ “រាជធានីរបស់យើង ត្រូវតែដោះស្រាយជាមួយនឹងបញ្ហាកំណើនប្រជាជននៅក្នុងទីក្រុង។ យើងត្រូវចាប់ផ្តើមកសាងអគារបែបបន្ទប់ច្រើនជាន់ ដែលមានតម្លៃថោក សម្រាប់ជួល ឬលក់ដល់គ្រួសារ ដែលមានចំណូលទាបទៅមធ្យម [……]”។

ក្រោមហេតុផលនេះ គម្រោង «អគារស្នាក់នៅសាលាក្រុង» ឬក្រោយមក «អាគារប៊ូឌីង» ក៏ត្រូវបានបង្កើតនិងរចនាឡើងដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ និងស្ថាបត្យកររុស្ស៊ី លោក ឡាឌីម៊ា បូឌៀនស្គី ដោយបានសម្ពោធដាក់ឲ្យប្រើជាផ្លូវការនៅឆ្នាំ១៩៦៣។ អគារប៊ូឌីងនេះមានកម្ពស់៤ជាន់និង៤៦៨បន្ទប់ និងត្រូវបានផ្តល់ជូនប្រជាជនដែលមានចំណូលពីទាបទៅមធ្យមស្នាក់អាស្រ័យនៅក្នុងទីក្រុង។

បច្ចប្បន្ន ទ្រង់ទ្រាយនិងលក្ខណៈរបស់អាគារប៊ុលឌីងបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ដោយសារបាតុភូតធម្មជាតិ បំលាស់ប្ដូរទីលំនៅរបស់ពលរដ្ឋនិងសម័យកាលដ៏ជូរចត់ដែលប្រទេសកម្ពុជាបានឆ្លងកាត់។

លំនៅឋាននៅក្នុងអាគារប៊ុលឌីងនេះមានប្រវែង ខ្នាត និងទំហំដូចគ្នាៗទាំងអស់ ដោយយូនីត២បន្ទប់ មានទំហំ៤គុណ៨ម៉ែត្រ និងសម្រាប់យូនីត៣បន្ទប់ គឺ៤គុណ១០ម៉ែត្រ។

បើតាមតំណាងពលរដ្ឋ ពួកគេកំពុងស្នាក់នៅក្នុងអាគារនេះមានចំនួនសរុប៥៦០គ្រួសារ ភាគច្រើនជាសិល្បៈករ សិល្បៈការិនី មន្ដ្រីរាជការ ជាងកាត់ដេរ អាជីវករ អ្នកលក់អ៊ីវ៉ាន់ចាបហួយ គុយទាវ កាហ្វេ និងម្ហូបអាហារ ជាដើម ។ល។

ទោះបីជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃប្រព្រឹត្តទៅល្អប្រសើរសម្រាប់ពលរដ្ឋភាគច្រើន ពួកគាត់ក៏ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយភ័យខ្លាចការបាក់រលំឬស្រុតអាគារដោយប្រការណាមួយ។

ជាក់ស្ដែង នៅដើមឆ្នាំ២០១៥ ក្រសួងដែនដីនិងអាជ្ញាធរក្រុងភ្នំពេញ បានបញ្ជាឲ្យការដ្ឋានសំណង់មួយកន្លែងដែលនៅក្បែរនោះ ផ្អាកដំណើរការបុកគ្រឹះ បន្ទាប់ពីពលរដ្ឋរស់នៅក្នុងអាគារផ្អើលឆោឡោទាំងកណ្ដាលយប់ ព្រោះឃើញមានស្នាមប្រេះនៅលើអាគារពីជាន់ផ្ទាល់ដីដល់ជាន់ទី៤។

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)
អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

ការណ៍នេះ ញាំងឲ្យអាជ្ញាធរបាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការកែលម្អអាគារដ៏ចំណាស់មួយនេះឡើងវិញ ដោយបារម្ភថាពលរដ្ឋអាចនឹងរងគ្រោះថ្នាក់ដល់អាយុជីវិត បើមានការបាក់រលំមែន។

យ៉ាងណាមិញ អាជ្ញាធរនិងប្រជាពលរដ្ឋហាក់ដូចជាមិនសូវស្រុះស្រួលមូលមតិគ្នាឡើយ ចំពោះគម្រោងអភិវឌ្ឍអាគារប៊ុលឌីង ដោយពលរដ្ឋភាគច្រើនមិនជឿទុកចិត្តចំណាត់ការរបស់រាជរដ្ឋាភិបាល ម្យ៉ាងដោយសារខ្លាចការប្ដូរទីតាំងនិងបណ្ដេញចេញដោយបង្ខំផងនោះ។

អង្គុយនៅលើកៅអីជ័រតូចមួយ ខាងក្រោមដើមឈើមួយដើមដែលផ្ដល់ជាម្លប់ត្រជាក់បង្គួរនិងដោយដៃទាំងពីរក៏កំពុងមមាញឹកត្រឡប់ត្រីនិងប្រែសាច់អាំងទៅមកនៅលើចង្កាក់ អ្នកស្រី ម៉ៅ បានឲ្យដឹងថា អ្នកស្រីចូលមករស់នៅក្នុងអាគារប៊ុលឌីងនេះតាំងពីឆ្នាំ១៩៨២ម្ល៉េះ ហើយថាគាត់និងស្វាមី ជាអាជីវករលក់ដូរកំប៉ិកកំប៉ុក រកលុយទុកគ្រាន់ដើម្បីតែផ្គត់ផ្គង់ជីវភាពនិងកូនៗបានរៀនសូត្រចប់ចុងចប់ដើមប៉ុណ្ណោះ។

អ្នកស្រីថា៖ «លក់បាយក្នុងមួយថ្ងៃយើងលក់បាន២ឆ្នាំងអ៊ីចឹងទៅ គ្រាន់តែដោះស្រាយឲ្យកូនទៅរៀនបាន។ ឲ្យតែលុយមក ខ្ញុំចេះដោះស្រាយក្នុងគ្រួសារខ្ញុំហើយ។ ខ្ញុំចង់ឲ្យគ្រួសារខ្ញុំ រស់នៅមានសេចក្ដីសុខ កុំឲ្យវាលំបាកលំបិន អ៊ីចឹងទៀត»។

ដោយប្រញាប់ប្រញាល់រៀបចំម្ហូបអាហារត្រៀមលក់ពេលថ្ងៃត្រង់ដែរនោះ ខណៈភ្ញៀវក៏ចាប់ផ្ដើមចូលមកបណ្ដើរៗពលរដ្ឋម្នាក់ទៀត អ្នកស្រី អម ស្រីលក្ខណ៍ អាយុ២៥ឆ្នាំ បានបង្ហើបឲ្យយើងដឹង ដោយមានទឹកមុខស្រពាប់ស្រពោនថា គាត់មិនទាមទារអ្វីធំដុំទេ គឺសុំតែរដ្ឋាភិបាលគិតគូរពីសុខទុក្ខប្រជារាស្ដ្រ បើមានករណីប្ដូរទីតាំង។

អ្នកស្រីបន្ដថាគាត់បានចូលមករស់នៅអាគារប៊ុលឌីងតាំងពីកុមារាភាពគឺជាង២៥ឆ្នាំហើយ និងថាសុខចិត្តចាកចេញ បើសិនទទួលប្រាក់សំណងសមរម្យសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃមុខ។

អ្នកស្រី៖ «ឬក៏ថាចង់បានជាសំណង ឬក៏ត្រូវដោះដូរឲ្យទៅនៅកន្លែងផ្សេងអ៊ីចឹង តែថាឲ្យសមរម្យ មានផ្សារ មានអី មានទឹក ភ្លើង អីសមរម្យ ហើយវានៅជិតទីក្រុងដែរ វាមិនឆ្ងាយ។ ហើយបើសិនរាជរដ្ឋាភិបាលចង់ដោះស្រាយជាសំណង ជាទឹកប្រាក់ ក៏ពួកបងអាចទទួលយកបានដែរ ឲ្យតែថាសមរម្យ អាចដែលថាចាកចេញទៅ អាចទៅទិញផ្ទះ នៅកន្លែងផ្សេងបាន»។

កញ្ញា អេង រិទ្ធិច័ន្ទដាណែត ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៃអង្គការពង្រឹងយុវជននៅកម្ពុជា បានឲ្យដឹងថាកញ្ញាមានចិត្តសប្បាយរីករាយដែលបានមកបង្រៀនចំណេះដឹងភាសាដល់សិស្សនិងក្មេងៗនៅទីនេះ។

ប៉ុន្តែពេលសួរថា តើចង់រើចេញពីអាគារនេះឬដែរទេ កញ្ញា ដាណែត ក៏ប្រែទឹកមុខមាំ ដោយថាកញ្ញាគាំទ្រឲ្យមានការកែលម្អអាគារ ប៉ុន្តែទទូចឲ្យប្រជាពលរដ្ឋរួមរួមគ្នាជាសហគមន៍ ដើម្បីការពារក្នុងករណីមានការបណ្ដេញចេញដោយបង្ខំណាមួយ។

កញ្ញាថា៖ «ការអភិវឌ្ឍនៅនឹងកន្លែងវាល្អហើយ ប៉ុន្តែគ្រាន់តែថាផលប៉ះពាល់វាតែងតែមាន។ ខ្ញុំគិតថាបើសិនជាគាត់ចង់អភិវឌ្ឍនៅនឹងកន្លែង ឬមួយក៏ចង់ផ្លាស់ប្ដូរប្រជាជនទៅនៅកន្លែងផ្សេងអ៊ីចឹង។ ខ្ញុំគិតថាគួរតែពិភាក្សាជាមួយអ្នកដែលរស់នៅសហគមន៍ផ្ទាល់ តម្រូវការគាត់ចង់បានអី ហើយខាងរដ្ឋាភិបាលគាត់ចង់បានអី អ៊ីចឹងឲ្យគាត់ពិភាក្សាគ្នា។ ដោយសារប្រទេសយើងមានច្បាប់ អ៊ីចឹងទៅតាមសិទ្ធិមនុស្ស ឬក៏ច្បាប់បណ្ដេញចេញ ច្បាប់ផ្លាស់ប្ដូរទីលំនៅឋានរបស់ពួកគាត់ តើយើងត្រូវអនុវត្តតាមច្បាប់បែបម៉េច ដែលមិនប៉ះពាល់ដល់ប្រជាជន ហើយក៏មិនលក្ខណៈដូចជាអំពើហិង្សា ឬមួយការបណ្ដេញចេញដោយគ្មានសំណង»។

លោក សែម សាវុធ ជាតំណាងពលរដ្ឋនៅភូមិ១ បានបញ្ជាក់ថាប្រជាជននៅក្នុងអាគារប៊ុលឌីងនេះ ភាគច្រើនចង់បានសំណងពី៥ទៅ៧ម៉ឺនដុល្លារ ជាថ្នូរនឹងការចាកចេញ។

លោកថា៖ «ប្រជាជលពលរដ្ឋនៅកន្លែងនេះ ចង់បានលុយ ប្រហែលជា៨០ ទៅ៩០ភាគរយ [……] ចង់បានពី៥ម៉ឺន ទៅ៧ម៉ឺន បើតាមខ្ញុំឮផ្ទាល់មាត់គ្នាច្រើន សូម្បីតែចូលរួមជាមួយលោកទេសរដ្ឋមន្ដ្រីក៏ឮភាសាហ្នឹងដែរ»។

លោកបន្ថែមថា ពលរដ្ឋបារម្ភខ្លាចមានការបណ្ដេញចេញពីផ្ទះសម្បែងដែលពួកគាត់កំពុងរស់នៅដោយបង្ខំ ទើបសម្រេចចិត្តយកប្រាក់សំណង។

លោកថា៖ «ម៉េចហ្នឹង ខ្ញុំឃើញថាប្រជាពលរដ្ឋមានការព្រួយបារម្ភ។ ព្រួយបារម្ភទី១ អាការចាកចេញហ្នឹង គាត់និយាយថា កាល់ជំនាន់អាពត គេឲ្យចេញដែររយៈពេលប៉ុន្មាន ប៉ុន្មានចឹង ដល់មកវិញរលាយសូន្យ […] ពេលដែលចាកចេញហ្នឹង ត្រូវមានអីសម្រាប់សម្គាល់ ថាពេលត្រឡប់មកវិញ បានរបស់គាត់មកវិញ»។

ពាក់ព័ន្ធករណីនេះ កញ្ញា នូសុវត្ថិ ច័ន្ទវត្ដី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្ដរជាតិ បានបញ្ជាក់ថា សម្រាប់គម្រោងកែលម្អអាគារប៊ុលឌីង គឺរាជរដ្ឋាភិបាលចង់អភិវឌ្ឍនៅនឹងកន្លែង ដោយថាមិនចង់ឲ្យពលរដ្ឋយកប្រាក់សំណងទៅប្រើប្រាស់នាំខាតបង់ប្រយោជន៍។

កញ្ញា ច័ន្ទវត្ដី និយាយថា៖ «ការវាយតម្លៃគឺថាមានការយល់គ្នាច្រើនមែនទែន មានការអបអរសាទរតាំងពីខាងរដ្ឋភិបាល ខាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ព្រោះថាអ្វីដែលយើងគិតទុក អ្វីដែលយើងត្រៀម ការពិតពួកគាត់បានជ្រាបច្បាស់ខ្លះៗដែរ ដល់ពេលមកជួបឯកឧត្តម ជា សុផារ៉ា ផ្ទាល់ អ៊ីចឹងពួកគាត់យល់ខ្លាំងជាងមុន យល់ថាគម្រោងហ្នឹងយ៉ាងម៉េច ធ្វើដើម្បីអ្នកណា ហើយនីតិវិធីហ្នឹងយ៉ាងម៉េច»។

កញ្ញាបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុនជប៉ុនមួយឈ្មោះ Arakawa ដើម្បីសិក្សាពីផលប៉ះពាល់ និងសាងសង់អាគារប៊ុលឌីងថ្មីមួយ ដែលគ្រោងចំណាយទឹកប្រាក់ជិត៨០លានដុល្លារអាមេរិក។

បើតាមកញ្ញា ច័ន្ទវត្តី គម្រោងនេះ រួមមាន ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីកម្ពស់២១ជាន់ ដែលក្នុងនោះទុកធ្វើទីតាំងចំណតរថយន្ដ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ជាពិសេសបន្ទប់ស្នាក់នៅនីមួយៗនឹងមានទំហំធំជាងមុន១០ភាគរយ។ ចំណែក ចាប់ពីជាន់ទី៩ឡើងទៅនឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa។

កញ្ញា ច័ន្ទវត្តី ឲ្យដឹងទៀតថា លោក ជា សុផារ៉ា ដែលជារដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី បានអំពាវនាវឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងអត់ធ្មត់រង់ចាំអគារប៊ូលឌីញពណ៌សថ្មីស្រឡាងមួយ ដែលនឹងលេចជារូបរាងក្នុងពេលប្រមាណ៤ឆ្នាំខាងមុខនេះ។

កញ្ញាថា៖ «ឯកឧត្តម ជា សុផារ៉ា លោកជម្រាបពួកគាត់ឲ្យទៅប្រជុំពិភាក្សាឡើងវិញដើម្បីគិតមើលថាធ្វើម៉េចល្អ។ សំខាន់គឺថាត្រូវដើរលើផ្លូវដូចគ្នាជាមួយឯកឧត្តមដែរដើម្បីធ្វើការហ្នឹងជោគជ័យ បើយើងដើរផ្លូវខុសគ្នា វាអាចពិបាក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ