ទិន្នន័យ៖ ខេត្ត២ជាប់វៀតណាមអ្នកចុះឈ្មោះបោះឆ្នោតលើសការរំពឹងទុកជិត៥០ភាគរយ

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:09 PM | បោះឆ្នោត | 0 | 11450 អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

យ៉ាងហោច​ណាស់ខេត្តចំនួន​ពីរ ​ជាប់​​ព្រំដែនប្រទេសវៀតណាម មានចំនួនអ្នកចុះឈ្មោះបោះ​ឆ្នោតថ្មី ក្នុងឆ្នាំ២០១៧នេះ លើសពីកា​ររំពឹងទុ​ក​របស់គ​​ណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដ​​ល់ទៅជិត៥០ភាគរយ។

លទ្ធផលបណ្តោះអាសន្ន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ​ពីថ្ងៃចាប់ផ្តើម ​​គិ​ត​ត្រឹមថ្ងៃទី៣១ខែតុលា ដែលប្រកាសដោយ គ.ជ.ប បង្ហាញថា ខេត្តស្វាយរៀង និងខេត្តរតនគិរី ដែលជាខេ​ត្តជា​ប់ពំ្រដែនវៀតណាមនោះ ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មី បានលើសពីការរំពឹងទុក។

បើតាម គ.ជ.ប ខេត្តរតនគិរី អ្នកមានអាយុគ្រប់បោះឆ្នោត និងអ្នកមិនទាន់ចុះឈ្មោះមាន ជាង៥ពា​ន់២រយ​​នាក់​ (​៥ ២៤៨នាក់) តែលទ្ធផលបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៣១តុលា គ.ជ.ប បង្ហាញថា ចំនួនអ្នកដែលបា​ន​​ចុះ​ឈ្មោះ​ មានជាង៧ពាន់នាក់ (៧ ៧០៥នាក់) ចំនួននេះ ហាក់​លើ​ស​ពីកា​ររំពឹ​ងទុកជាង២ពាន់នាក់ (២ ៤​៥៧នាក់) ឬ​ស្នើជាង៤៦ភាគរយ។

ចំណែ​ក នៅខេត្តស្វាយរៀង ឯនោះវិញ គ.ជ.ប ឲ្យដឹងថា អ្នកគ្រប់អាយុបោះឆ្នោត និងអ្នកមិនទាន់​ទៅចុះ​ឈ្មោះបោះ​ឆ្នោត មាន​ចំ​នួនជាង ១ម៉ឺន៥ពាន់នាក់ (១៥ ៨៤១នាក់) ប៉ុន្តែ លទ្ធផលបណ្តោះអាសន្ន ចេញផ្សាយដោយ គ.ជ.ប បង្ហាញថា អ្នកទៅចុះ​ឈ្មោះ​​​​​​​​​មាន ជាង២ម៉ឺន២ពាន់នាក់ (២២ ១​៣៤នាក់) ចំនួ​ននេះ​លើស​ពីការំពឹង​ទុក ជាង​៦ពា​​ន់២រយ​​នាក់ (៦​ ២​៩៣នាក់) ឬស្មើជិត៤០ភាគរយ។

អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីថា នេះជាកំហុសនៃការប៉ាន់ស្មាន ប៉ុន្តែនេះមិ​នមែន​ជាកំ​ហុសរបស់ គ.ជ.ប ទេ ដោយថា របាយវាយតម្លៃទាំងអស់ គ.ជ.ប គឺយោងលើរបា​យការណ៍ពីស្ថានប័នពាក់ព័ន្ធ រួមមា​នទាំ​​​ងរបាយការណ៍ពីនគរបាលប៉ុស្តិ៍ផងដែរ។

លោកថា «យើងយកព័ត៌មានពីខាងប៉ុស្តិ៍នគរបាលផង ពីខាងក្រសួងផែនការផង ដើម្បីយកមកធ្វើការប៉ាន់ស្មា​​នហ្នឹង យ៉ាងណាក៏ដោយ ការប៉ាន់ស្មាននេះ មិនត្រូវមួយរយភាគរយទេ»

ប៉ុន្តែ ​អ្នកនាំពាក្យរូបនេះថា បញ្ហានេះ នឹងមិនប៉ះពាល់​ដល់គុ​ណ​ភា​ពនៃបញ្ចីបោះឆ្នោតថ្មីនោះទេ ដោយថា បើគេផ្ទៀងផ្ទាត់ពីល​​ទ្ធផលត្រឹម​ត្រូ​វ នៅខេត្តមួយចំនួនទៀត ទូទាំងប្រទេសនោះ។

មន្ត្រីអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កង សាវាង្ស ហាក់បង្ហាញការភ្ញា​ក់ផ្អើលពីកំ​ណើ​ននៃតួលេខមិន​​ប្រក្រតីនេះ។ ទោះជាយ៉ាងណា លោកជំរុញឲ្យ គ.ជ.ប និងស្ថា​ប័​នពាក់ព័ន្ធ គួរស្រាវជ្រាវរកមូលហេតុពិត មកពន្យល់ពលរដ្ឋ ដើម្បី​ឲ្យពួ​ក​គាត់ជឿថា ការខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ គ្មានភាពលំអៀង។

លោកថា «ធម្មតា ការប៉ាន់ប្រមាណ វាអត់អាចឡើងខ្ពស់អញ្ចឹងពេកទេ។ ដូចជា នៅខេត្តស្វាយរៀង ឡើងដល់ជាង១៤០ភាគរយហើយ ខេត្តរតនគិរី ដែលជាង ១៣០ភាគរយជាង នេះជាបញ្ហា ដែលយើងមើលឃើញ ប៉ុន្តែបញ្ហា ដែលនៅពីក្រោយខ្នងរឿងហ្នឹង យើងមិនដឹងស្អីពិតប្រាកដ»

បើតាមឯកសារដដែល គ.ជ.ប បង្ហាញថា ខេត្តមួយចំនួនជាប់ព្រំដែនវៀតណាម មានអ្នកទៅ​ចុះឈ្មោះ​ច្រើ​នជា​ង ខេត្តមួយចំនួនជាប់ព្រំដែនថៃ ខណៈទិន្នន័យដដែល ឲ្យដឹងទៀតថា ខេត្តរតនគិរី មានអ្នកទៅចុះឈ្មោះ ជាង១៤៨ភាគរយ ខេត្តស្វាយរៀង មានជាង១៣៩ភាគរយ ខេ​ត្តត្បូងឃ្មុំមានជាង៦៩ភាគរយ ខេត្តស្ទឹងត្រែងមានជាង៣៦ភាគរយ និងខេត្តតាកែវមានជាង៣២ភាគរយ។

ចំ​​ណែ​​ក ខេត្តជាប់ព្រំដែនថៃវិញ មានដូចជាខេត្តប៉ៃលិន អ្នកទៅចុះឈ្មោះបោះឆ្នោតមានជាង ៣៧ភា​គរយ ខេត្តបន្ទា​យមាន​ជ័​យ មានជាង១៩ភាគរយ និងខេត្តព្រះវិហារ មានជាង១៦ភាគរយ។

តាម​ការរំពឹងទុក មនុស្សប្រមាណជាង១លាន៦សែននាក់ ដែល គ.ជ.ប ថាពួកគេ នឹងទៅចុះឈ្មោះ​បោះ​ឆ្នោ​ត ក្នុងឆ្នាំ​២០១៧។ ប៉ុន្តែ គ.ជ.ប បញ្ជា​ក់ថា គិតត្រឹមថ្ងៃទី៣១ខែតុលា អ្នកទៅ​ចុះឈ្មោះ ​បា​នត្រឹមតែ​​​ជា​ង២៩​ភាគ​រយប៉ុណ្ណោះ ខណៈការចុះ​ឈ្មោះ​​បោះ​ឆ្នោ​តថ្មី នឹងត្រូវបិទបញ្ច​ប់នៅ​ដើម​សប្តាហ៍ក្រោយនេះ។

ទោះ​ជាយ៉ាងណា លោក ហង្ស ពុទ្ធា អះអាងថា ក្រោយបញ្ចប់ពិធីបុណ្យអុំទូក គ.ជ.ប នឹងពង្រី​កការផ្ស​ព្វផ្សា​យប​ន្ថែម ដោយជំរុញឲ្យមន្ត្រី ផ្សព្វផ្សាយនិងចុះចាក់មេក្រូនៅតាម ភូមិ ឃុំ សង្កាត់ ដើម្បីឲ្យពល​រដ្ឋយល់ដឹ​ងពីព័​ត៌មាន​ចុះ​​​ឈ្មោះ​​​​បោះឆ្នោតនេះ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required