គណៈកម្មការថា អ្នកចូលរួមកម្មវិធីតាំងពិព័រណ៌សៀវភៅឆ្នាំនេះកើនឡើងជាងឆ្នាំមុន

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 4:50 PM | ការអប់រំ | 0 | 3076 សិស្ស​និស្សិត​ដែល​ចូល​រួម​ពិព័រណ៌​សៀវភៅ​

អ្នករៀបចំកម្មវិធីពិព័រណ៌សៀវភៅ បានឲ្យដឹងថា ចំនួនអ្នកចូលរួមព្រឹត្តិការណ៍ពិព័រណ៌សៀវភៅនៅបណ្ណាល័យជាតិនៅឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ដែលអ្នករៀបចំថា នោះដោយសារតែមានការចួលរួមពីយុវជននៅតាមសាកលវិទ្យាល័យមួយចំនួនស្ម័គ្រចិត្តរៀបចំ និងផ្សព្វផ្សាយកម្មវិធីនេះយ៉ាងទូលំទូលាយនៅមុនព្រឹត្តិការណ៍ចាប់ផ្ដើម។

គណៈកម្មការស្ម័គ្រចិត្តរៀបចំកម្មវិធីតាំងពិព័រណ៌សៀវភៅ លោក សំអុល វិបុលក្ខាល បានប្រាប់វីអូឌីនៅព្រឹកនេះថា កម្មវិធីតាំងពិព័រណ៌សៀវភៅលើកទី៥ក្នុងថ្ងៃទី១នេះ មានចំនួនអ្នកចូលរួមច្រើនលើសពីការរំពឹងទុក្ខ ហើយអ្នកចូលរួមទាំងនោះភាគច្រើនជាសិស្សនិស្សិត និងជាអ្នកធ្វើការនៅតាមស្ថានប័នរដ្ឋ ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលផងដែរ។

លោកថា៖ “បើគិតចាប់ពីម្សិលម៉ិញ មានអ្នកចូលរួមចំនួន ៥៥០០នាក់ ហើយព្រឹកនេះ មានអ្នកចូលរួមប្រហែលជាង ២០០០នាក់ ត្រឹមម៉ោង ១០ព្រឹកនេះ ហើយបើធៀបកាលពីឆ្នាំទៅ ថ្ងៃទីមួយ យើងមានមនុស្សចូលរួមត្រឹមតែជាង ៣០០០នាក់ប៉ុណ្ណោះអីចឹងវាលើសច្រើនជាងឆ្នាំមុន”។

លោកបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានទៅដល់និស្សិតនៅតាមបណ្ដាមហាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ នៅមុនការចាប់ផ្ដើមនៃព្រឹត្តិការណ៍នេះ បានជួយជំរុញដល់កំណើនអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៌សៀវភៅនេះ។

កម្មវិធីពិព័រណ៌សៀវភៅនេះ បានធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ជាមួយការសហការរៀបចំឡើងដោយ ក្រសួងវប្បធម៌  និងវិចិត្រសីល្បៈ ក្រសួរអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន បណ្ណាល័យជាតិកម្ពុជា សមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងបណ្ណាល័យតាមគ្រឹះស្ថានអប់រំមួយចំនួនទៀត។

ប្រធានបណ្ណាល័យជាតិកម្ពុជា អ្នកស្រី ខ្លូត វីបុឡា បានឲ្យដឹងថា ចំនួនអ្នកចូលរួមកម្មវិធីមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយការតាំងពិព័រណ៌សៀវភៅលើកទី១ ក្នុងឆ្នាំ២០១០ មានចំនួនអ្នកចូលរួមត្រឹមតែជាង ៧០០នាក់ ទៅ ១០០០នាក់ប៉ុណ្ណោះ ហើយស្តង់ដែលដាក់តាំងពិព័រណ៌សៀវភៅមានចំនួន ១០ស្តង់៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required