លោក កឹម សុខា វិល​ត្រឡប់​ទៅ​ផ្ទះ​ក្រោយ​ស្នាក់នៅ​ក្នុង​ស្នាក់ការ​បក្ស​កន្លះ​ឆ្នាំ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះ បានវិលត្រឡប់ទៅគេហដ្ឋានរបស់លោកវិញហើយ ពោលគឺមួយថ្ងៃក្រោយពីលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។

លោក កឹម សុខា ដែលបានស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើអស់រយៈកន្លះឆ្នាំនោះ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី ប្រោសព្រះរាជទានលើកលែងទោស កាលពីថ្ងៃម្សិលមិញ ទៅតាមការទូលស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ បានបង្ហោះសារមួយឃ្លានៅគណនីហ្វេសប៊ុករបស់នាងអមទៅរូបថតឪពុករបស់នាងនៅរសៀលថ្ងៃនេះថា “ប៉ាបានមកដល់ផ្ទះហើយ”។

ចំណែកលោក កឹម សុខា ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកដែរនៅថ្ងៃនេះ ដោយប្រាប់ថា លោកនឹកប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីលោកបានបែកពីពួកគេអស់រយៈពេល ៦ខែ និង ៦ថ្ងៃ។

លោក កឹម សុខា ត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ថា បានបដិសេធចូលខ្លួនទៅតាមដីការកោះរបស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងដែលគេទម្លាយថា លោកមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ទោះជាយ៉ាងណា មេដឹកនាំបក្សប្រឆាំងរូបនេះ មិនត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារនោះឡើយ ហើយផ្ទុយទៅវិញ លោកបានស្នាក់នៅក្នុងទីស្នាក់ការបក្សអស់រយៈពេលកន្លះឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ