ម៉ាឡេស៊ី​បន្ត​រិះគន់​ភូមា​ជុំ​វិញ​បញ្ហា​សិទ្ធិ​ជន​ជាតិ​​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា

ក្រុម​បាតុករ​ប្រ​ឆាំង​នឹង​ការ​រើស​អើ​ង​ជនជាតិ​ភាគ​តិច​រ៉ូ​ហ៊ី​យ៉ា​ (រូបភាពពី​ទីភ្នាក់ងារ​Channel News Asia)

ប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ បន្តលើកយកបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ដែលនាំឲ្យម៉ាឡេស៊ីនៅតែជាប្រទេសនាំមុខគេ ក្នុងការរិះគន់ទៅលើប្រទេសភូមា ចំពោះអំពើហិង្សាទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

ក្រសួងការបរទេសម៉ាឡេស៊ី បានលើកឡើងថា ម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យមានក្បួនដង្ហែសាមគ្គីភាពថ្ងៃទី០៤ ខែធ្នូ ដោយសារម៉ាឡេស៊ីមើលឃើញថា មានវិបត្តមនុស្សធម៌នៅក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា។ ក្បួនដង្ហែនោះ ក៏នឹងមានការចូលរួមពីលោកនាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ផងដែរ។

លោក អ៊ូ ហ្សាវតាយ (U Zaw Htay) អនុប្រធានខុទ្ទកាល័យប្រធានាធិបតីភូមា បានរំលឹកទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃម្សិលមិញថា យោងតាមគោលការណ៍អាស៊ាន ប្រទេសសមាជិកមួយ មិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកមួយទៀតនោះឡើយ ហើយសង្ឃឹមថា ប្រទេសជិតខាងភូមានឹងបន្តដើរតាមគោលការណ៍នេះ។

មន្ត្រីភូមាបានបន្ថែមថា ការតវ៉ារបស់ម៉ាឡេស៊ី ហាក់ដូចជាការសម្រេចចិត្តខាងនយោបាយ ដើម្បីទទួលបានការគាំទ្រពីសាធារណជនម៉ាឡេស៊ី ហើយមិនពាក់ព័ន្ធនឹងភូមានោះឡើយ។

ជាការឆ្លើយតបទៅវិញ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ជាអ្នកជិតខាងនឹងគ្នា និងជាសមាជិកនៃសហគមន៍អន្តរជាតិ វាជាកាពត្វកិច្ចម៉ាឡេស៊ី ដើម្បីធានាថា មិត្តអាស៊ានរបស់ខ្លួន ប្រកាន់យកជំហានដ៏សកម្មក្នុងការទប់ស្កាត់បញ្ហានេះ មិនឲ្យធ្លាក់ទៅកាន់តែអាក្រក់៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ