លោក ហ៊ុន សែន សម្រេច​មិន​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេសកម្ពុជា បានសម្រេចថា មិនបិទមជ្ឈ​មណ្ឌល​សិទ្ធិ មនុស្សកម្ពុជានោះ​ទេ មួយ​សប្ដាហ៍​បន្ទាប់​លោក​បាន​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ដើម្បី​បិទ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ។​ នេះ​ដោយ​យោង​តាម​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

កាលពីសប្ដាហ៍មុន លោក ហ៊ុន​ សែន បានបញ្ជារទៅក្រសួងមហាផ្ទៃ ឲ្យ​ពិនិត្យមើលផ្លូវច្បាប់ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិ​មនុស្សមួយនេះ ដោយ​ចោទ​ថា អង្គការ​នេះត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​ជន​បរទេស និង​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​​អតីត​គណបក្ស​សង្ក្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «ការ​ពិត​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅទីក្រុង​ភ្នំពេញ អាហ្នឹង​ត្រូវ​តែ​បិទ​ចោល ព្រោះ​អាហ្នឹង​ធ្វើ​តាម​បរទេស​ណា! អាហ្នឹង​គួរ​មើល! ក្រសួង​មហាផ្ទៃ​គួរ​មើល! ព្រោះ​អាហ្នឹង​គឺ​ថា បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ណា មិន​មែនខ្មែរ​អ្នក​បង្កើត​ទេ​! បរទេស​ជា​អ្នក​ឲ្យ​បង្កើត​ណា! មើល​អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ហ្នឹង​មួយ​ទៀត។ […] អញ្ចឹង​ទេ អា​នេះ​បរទេស​​ឲ្យ​បង្កើត អាហ្នឹង​វា​ខុស​រឿង»។

សារព័ត៌មាន Fresh News ដែល​តែងតែ​អះ​អាង​អំពី​ការ​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ បាន​ចុះ​ផ្សាយ​​ថា ​ក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅឯប្រសាទអង្គរវត្តកាលពីម្សិលមិញ លោក ហ៊ុ​ន​ សែន បានថ្លែងថា ដោយ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រសួង​មហាផ្ទៃ​ ឃើញថា មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ​ មិនមាន​សកម្មភាពល្មើសច្បាប់ ហើយជួយលើក​កម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លោក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា លោក​សម្រេច​មិនបិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នោះទេ។

ទោះបីជាយ៉ាងណា វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ ដោយ​ទូរសព្ទ​ហៅ​ចូល​តែគ្មានអ្នកទទួល។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បង្ហាញសេចក្ដីរីករាយ​ បន្ទាប់ពីលោក ហ៊ុន សែន បាន​សម្រេច​បែប​នេះ។

អ្នកស្រី ចក់ សុភាព បាន​លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា៖ «សេចក្ដីសម្រេចនេះ ជាកត្តាមួយ ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​របស់​មជ្ឈ​មណ្ឌល មានលទ្ធភាពបន្តផ្ដោតការយកចិត្តទុករបស់ខ្លួន​លើបេសកកម្មលើកកម្ពស់ការគោរព​ និងការការពារសិទ្ធិមនុស្ស​នៅកម្ពុជា»។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​អះ​អាង​អំពី​ជំហរ​ឯករាជ្យ តម្លាភាព សមភាព និង​ការ​មិន​រើស​អើង​របស់​ក្រុម​សិទ្ធិ​មនុស្ស​មួយ​នេះ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ​ដោយ​លោក កឹម សុខា ដែល​ក្រោយ​មក​បាន​​​លា​ឈប់ និង​ទៅ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០០៧។

ទោះជាយ៉ាងណា ការ​បញ្ជា​ពី​សំណាក់​លោក ហ៊ុន សែន ​ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​សម្រាប់​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បែប​នេះ បាន​កើត​ឡើង​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​អង្គការ​សង្គម​ស៊ីវិល​បរទេស​មួយ​ចំនួន​ដែល​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​សិទ្ធិ​មនុស្ស​បែប​នេះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុបឃិត​ជាមួយ​ជន​បរទេស» មាន​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដទៃ​ទៀត បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ