គណៈកម្មការសភាទទួលយកការបំភ្លឺរបស់រដ្ឋមន្រ្តីបរិស្ថានរឿងសំរាម

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១៧​ ម៉ោង 5:11 PM | បរិស្ថាន | 0 | 1542 គំនរសំរាម (ដោយ បូ សាវី)

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានលើកឡើងថា ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានពាក់ព័ន្ធនឹងបញ្ហាសំរាម គឺអាចទទួលយកបាន ប៉ុន្តែលោកថាត្រូវតាមដានបន្តទៀតខណៈបញ្ហាកាប់​ព្រៃឈើនៅតែកើនមាន។

លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋ​សភាមក​ពី​គណបក្ស​សង្គ្រោះ​ជាតិបានថ្លែង​បែបនេះ បន្ទាប់ពីបានស្តាប់ការបំភ្លឺរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅថ្ងៃពុធនេះ។

លោក ប៉ុល ហំម បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ប្រជុំ​ថា​ គណៈកម្មការរបស់​លោក​បានសួរ​ផ្តោ​ត​ទៅ​លើ​រឿង​សំរាម​ដែល​លោក​​មើល​ឃើញ​ថា​មិន​ទាន់​គ្រប់​គ្រង​បាន​ល្អ ជា​ពិ​សេស​ផ្តោត​លើ​សំរាម​កាកសំណល់​រឹងនិង​មាន​សំណួរ​ខ្លះ​ទាក់​ទង​នឹង​ការ​កាប់​ព្រៃឈើខុស​ច្បាប់​ដែល​នៅ​បន្តកើត​មាន។

លោក​ថា៖ «គ្រប់​គ្រង​មិន​ទាន់​បាន​ល្អ ដែល​ខ្ញុំ​បាន​ជម្រាប​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ហើយ​ដែល​ឃើញ​មាន​តាម​ផ្លូវ​ខ្លះមិន​មែន​សំរាម​ធម្មតាទៀត មាន​សុទ្ធ​តែ​សំរាម​វេជ្ជសាស្ត្រហ្នឹង បញ្ហា​ព្រៃ​ឈើ​ហើយ​បញ្ហាធនធាន​ធម្មជាតិ​អី​ក៏​នៅ​តែ​មាន បទ​ល្មើស​ខ្លះ​ៗ​គណៈកម្មការ​ទី​៣​ក៏​មិន​មែន​ចោទ​រដ្ឋាភិបាល​ថា​មិនធ្វើ​អី​ដែរ​ ឃើញ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដែរ​តែ​មិន​ទាន់​មើល​១០០%ទេ»។

ទាក់​ទង​ទៅ​នឹង​ករណី​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានលោក សាយ សំអាល់ បាន​ទទួល​ស្គាល់​ថាសំរាម​​បច្ចុប្បន្ន​គឺ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើនដែលពិ​បាកគ្រប់​គ្រង​ តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថាក្រសួង​បាន​សម្រេច​បង្កើត​អនុក្រឹត្យ​និង​វិធាន​ការ​រួច​រាល់​ហើយ​ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​មិន​ទាន់​មាន​ការ​អនុវត្តបាន​ល្អ​ប្រសើរ ដែល​ត្រូវ​ការ​ពេល​វេលា​បន្ថែម​សម្រាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ធ្វើ​កា​រអនុវត្តវិធាន​ដែល​បាន​ដាក់​ចេញ​នោះ។

លោក​ថា៖ «ការ​ងារ​នីមួ​យ​ៗវា​ត្រូវធ្វើ​តាម​ជំហាន​របស់​វា ទី​មួយគឹការ​ផ្ទេ​រ​ការ​គ្រប់​គ្រង​មុខ​ងារ​សារ​ធារ​ណៈ​ការ​គ្រប់​គ្រងសំរាម​ហ្នឹង​ទៅ​ឲ្យ​រាជធានី​ខេត្ត​ក្រុង ហើយ​រាជធានី​ខេត្តក្រុង​ហ្នឹង ​ត្រូវមាន​ការ​ងារ​ទម្លាក់​ទៅ​ឲ្យ​ថ្នាក់​ស្រុក​ ខណ្ឌទៀត ដល់​អញ្ចឹង​មុខ​ងារ​សាធារណៈត្រូវ​ទម្លាក់​ទៅ ទី​ពីរ​គាត់​ត្រូវ​រៀន​លទ្ធកម្មសាធារណៈក្នុងការ​ដក​ហូត​លុយយក​មកចាយ​ដែល​ឥឡូវ​យើង​ត្រូវប្រគល់​ទាំង​ថវិកាហ្នឹង​ទៅ​ឲ្យ​គាត់​ទៀត អាហ្នឹង​ត្រូវ​បង្រៀន​ការ​ដក​លុយ​មក​ចាយ​ហ្នឹងត្រូវ​ដក​ម៉េចអាហ្នឹង​ក៏​ត្រូវ​បង្រៀន​ដែរ មួយ​ទៀត​យន្ត​ការ​ក្នុង​ការ​ប្រមូលទាំង​ពីពេលវេលា ទី​តាំង​ក្នុងការ​ប្រមូល ​រៀន​ធ្វើ​មិន​មែន​តែ​ប្រមូល​បាន​នោះ​ទេ»។

ទាក់​ទង​នឹង​ការ​កាប់បំផ្លាញ​ព្រៃ​ឈើ​វិញ​លោក សាយ សំអាល់​ ថាបច្ចុប្បន្ន​ក្រសួង​សង្កេត​ឃើញ​មាន​ការ​ថយ​ចុះ​ហើយ​តែ​មិន​ទាន់​អាច​លុប​បំបាត់​ទាំង​ស្រុង​នោះ​ទេ ក្នុង​នោះ​លោក​ថា​ក្រសួង​ក៏​បាន​កំណត់​មុខ​សញ្ញា​និង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​​ពាក់​ព័ន្ធ​ខ្លះ​ទាក់​ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​តែ​លោក​សុំ​មិន​បញ្ចេញ​ព័ត៌មាន​លើស​ពី​នេះនោះ​ទេ។

លោក សាយ សំអាល់ បានលើកឡើងថាអង្គការ​និង​​សហគមន៍​​បរិស្ថាន​មួយ​ចំនួន​បាន​ចេញ​របាយកាណ៍ព្រៃ​ឈើ​​ដោយ​ពុំ​មាន​ការ​ចូល​រួមសហការ​​ពី​ក្រសួង​​របស់​​​​លោកឡើយ។

បើតាម​លោក ​ប៉ុល ហំម ថា​គណៈកម្មការជំនាញ​របស់សភា​នឹង​ពិនិត្យ​តាម​ដាន​ទៅ​លើ​ការងារ​របស់​ក្រសួង​បរិស្ថាន​ទៀ​ត​ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​រដ្ឋ​មន្ត្រី​លើក​មកបកស្រាយ​នៅ​ថ្ងៃ​នេះ​យក​ទៅអនុវត្តន៍បានកម្រិតណា៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required