ពលរដ្ឋជិត១០០នាក់តវ៉ាឲ្យអាជ្ញាធរនៅខេត្ដឧត្ដរមានជ័យរកដំណោះស្រាយដីធ្លី ​

ប្រជាពលរដ្ឋជិត១០០នាក់ដែលមានជម្លោះដីធ្លីជាមួយយោធាយោធភូមិភាគទី៤ នៅស្រុក​ត្រ​ពាំង​​ប្រាសាទ ខេត្ដឧត្ដរមានជ័យ នាំ​គ្នាតវ៉ានៅខាងមុខសាលាខេត្ដ ទាមទារឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លីនៅព្រឹកថ្ងៃពុធនេះ។

តំណាងប្រជាពលរដ្ឋ៣៥គ្រួសារ នៅភូមិអូរផ្អាវ ឃុំត្រពាំងប្រាសាទលោក គីម ជួន ឲ្យវីអូឌី​ថាដីស្រែ​ចំការ អ្នក​ភូមិចំនួន១៥២ហិកតា ដែលមានព្រំប្រទល់ជាប់ខេត្ដសៀមរាបនិងខេត្ដឧត្ដរ​មានជ័យ ត្រូវបាន​យោធា​យោធភូមិភាគទី៤ រំលោភយកនិងរារាំងមិនឲ្យបង្កបង្កើន​ផល បើទោះបីពួកគាត់​មាន​ចំណា​រពីមន្ដ្រី​រដ្ឋាភិ​បាល​ក៏ដោយ។ លោកបន្ដថា អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំដារ៉ារិទ្ធ ចុះទៅវាស់​វែង ប៉ុន្ដែលោកថាការវាស់វែងនោះបានទៅលើមន្ដ្រីយោធាប៉ុណ្ណោះ។ លោកបញ្ជាក់ថា អាជ្ញាធរ​បាន​​សន្យា​ដោះ​ស្រាយជាបន្ដបន្ទាប់ ប៉ុន្ដែគ្មានប្រសិទ្ធភាព។ លោកបន្ដ​ថា៖ «ឲ្យអភិបាលខេត្ដកាត់ឆ្វៀលឲ្យបងប្អូនឲ្យ​បានគ្រប់គ្នា ឲ្យគាត់បង្កបង្កើនផល​ ខ្ញុំបានទៅ​ភ្នំ​ពេញ​ ហើយលោក ជា សុផារ៉ា បានធ្វើលិខិតមួយ​ដាក់​មកហើយជួយ​ដោះស្រា​យ​​ឲ្យប្រជាជន ប៉ុន្ដែអត់​ឃើញមានដំណោះស្រាយ ដូចម្សិលមិញអភិបាលស្រុក​ទៅដោះ​ស្រាយវាស់តែ​ដីភូមិដដែល តែអត់​មាន​អីឲ្យបងប្អូនធ្វើអីបានផងនោះ»។

ពលរដ្ឋមួយរូបទៀត លោក ជឹម ផន ឲ្យដឹងថា​ ដីធ្លីពួកគាត់បានបង្កបង្កើនផលនិងមាន​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទតាំងពីឆ្នាំ២០០១ ប៉ុន្ដែកម្លាំងយោធានៅយោធភូមិភាគទី៤បានកាប់បំផ្លាញចោល ដោយ​គ្មាន​​ផ្ដល់សំណងនោះឡើយ។ លោកបន្ដថា ក្រុមទាហានបានប្រើអាវុធបាញ់គំរាមពលរដ្ឋមិនឲ្យបង្ក​រ​បង្កើន​ផលលើដីរបស់ពួកគេ ទើបពួកគាត់នាំគ្នា​តវ៉ាឲ្យ​អាជ្ញាធរផ្ដល់​​យុត្ដិ​ធម៌​និងផ្ដល់ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​​ជួន​ពួកគេ។ លោកបន្ដថា៖ «បាទគេអត់ឲ្យដាំសោះម៉ង យើងទៅកាត់ស្មៅ គេមកដេញ​ចាប់ដេញបា​ញ់​គំរាមយើង​ចឹងណាបង។ យើងដៃទទេអត់ហ៊ានខ្លះរត់ទៅគេដកយកម៉ាស៊ីនកាត់ស្មៅ»។

VOD មិនអាចទាក់ទងមេបញ្ជាការយោធភូមិភាគទី៤លោក ជា ម៉ន ដើម្បីសុំការសាកសួរពីករណីនេះបានទេ  ខណៈដែល​អភិបាលខេត្ដឧត្ដរមានជ័យលោក ស ថាវី​ ទូរសព្ទមិនមានអ្នកទទួល។

អភិបាលស្រុកត្រពាំងប្រាសាទលោក នៅ សំដារ៉ារិទ្ធ មានប្រសាសន៍ថា ជម្លោះដីព​លរដ្ឋនៅ​តំបន់​នោះមានចំនួន១០៧គ្រួសារបានដោះស្រាយរួចហើយ ប៉ុន្ដែនៅសល់ចំនួន៣៥គ្រួសារទៀត ស្ថិត​ក្នុងឧទ្យានជាតិគូលេនព្រហ្មទេពនិងទី​លាន​បាញ់គ្រាប់​ពិតរបស់​យោធា យោធ​ភូមិភាគទី៤។ លោកបន្ដថា ដីធ្លីអ្នកភូមិចំនួន៣៥គ្រសារនោះ អាជ្ញាធរព្យាយាមសម្របសម្រួលជាមួយយោធា ​ប៉ុន្ដែពួកគាត់​ចង់មាន​ដំណោះស្រាយភ្លាម។ លោកបន្ដថា៖ «គឺមិនមែនជាដីស្របច្បាប់សម្រាប់បងប្អូនកាន់កាប់ទេ គឺជាដីរបស់រដ្ឋ​ស្ថិតក្នុងតំបន់ឧទ្យានគូលេនព្រហ្មទេព ចឹងហើយសុំឲ្យបងប្អូនធ្វើការសម្របសម្រួល​ហើយការដោះស្រាយ​មិនមែនដោះស្រាយតែមួយថ្ងៃចប់ទេនិងមិនបានទំហំដែលគាត់ចង់បានដែរវាស្រ័យទៅលើការងារថ្នាក់ខេត្ដនិងថ្នាក់ភូមិភាគគាត់ចរចាគ្នា ប៉ុន្ដែគាត់ឡើងទៅទៀតមិនដឹងធ្វើម៉េចទេ»។

ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដ​ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន ឲ្យដឹងថា​ជម្លោះដីធ្លីនៅតំបន់នោះ អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំដារ៉ារិទ្ធ ព្យាយាមដោះស្រាយជួនពលរដ្ឋប្រសើរជាងមុន។ ប៉ុន្ដែយ៉ាងនេះក្ដី​លោកជំរុញឲ្យអាជ្ញាធរ​ជួយដោះ​ស្រាយ​ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយជម្លោះនិងឲ្យពួក​គេបង្ក​បង្កើនផលស្របច្បាប់។

បើតាមពលរដ្ឋឲ្យដឹងថា ជម្លោះដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០០៣ និងបានស្វែងរកដំណោះ​ស្រាយ​ដល់រាជធានីភ្នំពេញជាបន្ដបន្ទាប់ ប៉ុន្ដែគ្មានដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ