អាជ្ញាធរខណ្ឌដូនពេញរងការចោទថាបានទារលុយពីស្ត្រីរកស៊ីផ្លូវភេទនិងដេញចាប់ស្ត្រីម្នាក់ទៀតរហូតលង់ទឹកស្លាប់

អាជ្ញាធរខណ្ឌដូនពេញរងការចោទប្រកាន់ថាបានទារលុយពីស្ត្រីរកស៊ីផ្លូវភេទនិងដេញចាប់ស្ត្រីម្នាក់ទៀតរហូតធ្លាក់ទឹកទន្លេលង់ស្លាប់ ខណៈក្រុមសន្តិសុខបានបង្រ្កាបស្រ្តីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំកាលយប់ថ្ងៃទី១ខែមករានេះ។

តាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ TVFB News បានសំភាសន៍ក្រុមស្ត្រីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ ដែលទើបតែត្រូវបានដោះលែង ដោយសារនាងបង់លុយចំនួន៥០ដុល្លារទៅមន្ត្រីសាលាខណ្ឌដូនពេញជាថ្នូរនឹងការមិនបញ្ជូនបន្តទៅខាងសង្គមកិច្ច។

ក្នុងវីដេអូដដែលឲ្យដឹងពីករណីមួយទៀតថា អជ្ញាធរខណ្ឌដូនពេញបានដេញចាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ផ្សេងទៀត ឈ្មោះស្រី ម៉ៅ រហូតធ្លាក់ទឹកទន្លេបាត់ខ្លួន។

ព័ត៌មានចុងក្រោយពីវេបសាយដដែលឲ្យដឹងទៀតថា ស្ត្រីរកស៊ីផ្លូវភេទដែលអាជ្ញាធរខណ្ឌដូនពេញដេញចាប់រហូតធ្លាក់ទឹកទន្លេបានស្លាប់ហើយ ហើយសពអណ្តែតនៅក្រោមស្ពានច្បារអំពៅ។

VOD បានទាក់ទងតាមទូរសព្ទទៅអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដើម្បីសុំការឆ្លើយតបពីករណីនេះតែទូរសព្ទមិនចូល។

នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថា ចំណាត់ការរបស់អាជ្ញាធរនេះជាទង្វើមិនត្រឹមត្រូវ ដោយថាស្ត្រីទាំងនោះមានសិទ្ធិនៅទីសាធារណៈ។ លោកស្រីបន្តថា បើទោះជារៀបចំសណ្តាប់ធ្នាប់ក៏មិនចាំបាច់ដេញចាប់ឲ្យរត់ស្លន់ស្លោនោះទេ ហើយថាសកម្មភាពបែបនេះ គឺមិនដើរតួជាអ្នកការពារទៅលើជីវភាពឬក៏សិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទេ វាខុសឆ្គងទៅនឹងការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលទៀត។ លោកស្រីបន្តថា៖ «ខ្ញុំបន្ទោសប៉ូលីសវិញ ប៉ូលីសមិនគួរធ្វើបែបហ្នឹងដើម្បីឲ្យមនុស្សប្រើលុយ ប៉ូលីសត្រូវមានតួនាទីការពារសុវត្ថិភាព ហើយសំរាប់​លុយ៥០​រៀល(ដុល្លារ)សំរាប់ស្ត្រីគឺច្រើនណាស់ អញ្ចឹងយើងគិតថាវាជាការអនុវត្តមិនល្អ សូក ពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយគឺពិចារណាដែរ។ ម្នាក់ទៀតដែលគាត់សុខចិត្តស្លាប់ ប្តូរនឹងជីវិតរបស់គាត់ គឺអយុត្តិធម៌ទាំងស្រុង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ