ខុសពីតារាចម្រៀងភាគច្រើនដែលក្រោយដាច់កុងត្រាជាមួយផលិតកម្មក៏រមែងស្វះស្វែងផលិតបទថ្មីផ្ទាល់ខ្លួនពង្រឹងទីផ្សារជាពិសេសនៅក្នុងកាលៈទេសៈដែលបទនិពន្ធថ្មីត្រូវបានទទួលស្គាល់ អតីតតារាចម្រៀងប្រចាំផលិតកម្ម Phleng Record របស់ហង្សមាស កញ្ញា គៀត សុវណ្ណាឡាង ហាក់បំភ្លេចអាជីពនេះចោលតែម្ដង។
កញ្ញាថាអាជីពចម្រៀងខ្លួនស្រឡាញ់ តែដោយសារតែភាពស្ទាក់ស្ទើរនិងដោយសារតែចង់អោយស៊ប់សម្ដែងជាង ទើបកញ្ញាសកម្មតែការងារសម្ដែងរឿងតាំងពីចប់កុងត្រាជាមួយហង្សមាស។
គៀត សុវណ្ណាឡាង បានអះអាងថា កញ្ញាគ្មានគម្រោងបង្កើតក្រុមចម្រៀងឬបង្កើតក្រុមផលិតបទថ្មីដូចគ្នានឹងតារាចម្រៀងមួយចំនួនដែលបានចាកចេញពីផលិតកម្មចម្រៀងនោះទេ។ ក្នុងនោះសូម្បីតែការស្វែងរកទ្រនំថ្មី ដើម្បីពង្រីកឱកាសចេញច្រៀងម្ដងទៀត ក៏មិនមាននោះដែរ។
កញ្ញាប្រកាសចូលស៊បក្នុងអាជីពសម្ដែង១០០ភាគរយ បន្ទាប់ពីការសម្ដែងក្នុងរឿងរបស់កញ្ញាមិនថារឿងភាគនិងរឿងដុំទទួលផ្លែផ្កាវិជ្ជមាន។
ប៉ុន្តែមិនមានន័យថាកញ្ញានឹងបំភ្លេចចោលទាំងស្រុងជារៀងរហូតនូវអាជីពចម្រៀងដែលធ្លាប់តស៊ូនោះទេ គ្រាន់តែកញ្ញាមិនចង់នឹកនានៅក្នុងកាលៈទេសៈការងារសម្ដែងកុនទទួលបានជោគជ័យប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសម្ពោធរឿង «ខ្មោចម៉ាំមី» របស់ផលិតកម្ម LD Picture កញ្ញាបានបញ្ជាក់ថាខ្លួនទទួលតែការងារសម្ដែងរឿងប៉ុណ្ណោះ បើទោះជាក្នុងរយៈក្រោយការប្រឡូកហាក់មិនទាន់មានរឿងណាមួយដែលកញ្ញាទទួលសម្ដែង ហើយត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងក្លាដូចគ្នានឹងរឿង «ស្នេហានៅវិទ្យាល័យ» កាលពីអតីតកាលដែលកញ្ញាសម្ដែងកាលពីមុនចូលប្រឡូកអាជីពចម្រៀងហើយត្រូវបានមហាជនចាប់អារម្មណ៍។
កញ្ញាថាការងារសម្ដែងខ្លួនទទួលថតច្រើន ដោយគ្រាន់តែនៅផលិតកម្ម LD មួយ គឺកញ្ញាមានច្រើនរឿងណាស់ទៅហើយ ទាំងប្រភេទរឿងភាគនិងរឿងដុំ បើទោះជាក្នុងរឿង «ខ្មោចនាងម៉ាំមី» ដែលកំពុងដំណើរការបញ្ចាំងហើយត្រូវបានមហាជនសរសើរថាជារឿងផ្ទុះនៅគ្រប់បណ្ដារោងកុនមិនខុសគ្នានឹងរឿង «កំណត់ហេតុនាងនាថ» មិនមានវត្តមានរបស់កញ្ញាសម្ដែងតួឯកក៏ដោយ។
កញ្ញាថាការសម្ដែងដ្បិតថាមានការប្រកួតប្រជែងពីសំណាក់តារាសម្ដែងរួមអាជីព តែបើធៀបនឹងស្ថានភាពជាអ្នកចម្រៀងក៏មានចំណុចធូរជាងនោះដែរ ទើបកញ្ញាសម្រេចចិត្តឈរក្នុងអាជីពមួយនេះ ហើយបំភ្លេចស្ទើរទាំងស្រុងសម្រាប់អាជីពចម្រៀង ជាពិសេសគឺអាជីពចម្រៀងជាតារាកុងត្រានោះតែម្ដង។
កញ្ញាបានសរសើរចំពោះតារាភាគច្រើនដែលបានដកខ្លួនពីការសម្ដែង ហើយនៅតែមានកេរ្តិ៍ឈ្មោះបោះសំឡេង ដូចជាអ្នកនាង សុខ សោម៉ាវត្តី ជាដើម ដែលអ្នកណាក៏ឃើញថាក្រៅពីផ្ទុះជាមួយខ្សែរឿងរាប់មិនអស់កាលពីឆ្នាំ២០១៦ហើយក៏កន្ត្រាក់បានការចាប់អារម្មណ៍ជាមួយរឿង «ខ្មោចម៉ាំមី» នៅដើមឆ្នាំ២០១៧នេះទៀត។
កញ្ញាថាខ្លួនចង់ល្បីឈ្មោះក្នុងអាជីពសម្ដែងកុនទើបសម្រេចចិត្តមិនទទួលថតចម្រៀង ហើយនៅត្រាំត្រែងជាមួយនឹងក្រុមផលិតករ ដោយរំពឹងថាកេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈរះត្រដែតខ្លាំងក្លា។
គៀត សុវណ្ណាឡាង ទទួលស្គាល់ថាការងារសម្ដែងរីកចំរើន ប៉ុន្តែបើធៀបនឹងអំឡុងអតីតកាលគឺសន្ទុះលេចធ្លោមិនសូវដូចមុនប៉ុន្មានទេ ដែលនេះអាចថាមកពីតារាសម្ដែងមានច្រើនហើយរឿងដែលខាងផលិតករផលិតឡើងក៏ល្អដូចគ្នា ដែលធ្វើអោយរឿងនីមួយៗបែកខ្ញែកអ្នកគាំទ្រ។
យ៉ាងណាកញ្ញាក៏សរសើរថា ខ្លួននៅមានទីផ្សារល្អប្រសើរមិនអន់ជាងតារាល្បីៗនោះផងដែរ ដោយសារតែរឿងដែលកញ្ញាបានសម្ដែងមានច្រើនបណ្ដាក់គ្នា ហើយរឿងមួយចំនួនក៏ត្រូវគេស្គាល់ច្រើនដូចគ្នា។
កញ្ញាប្រកាសទទួលថតពេញទំហឹង ដោយលែងប្រកែកទៀតហើយ បើទោះជាការងារថតតម្រូវអោយកញ្ញាលេងកាច លេងឆ្នាស់ ឬសម្ដែងឆ្ងាយៗនៅខេត្ត។ យ៉ាងណាមិញកញ្ញានៅមិនទាន់ក្លាហានហ៊ានថតស៊ិចស៊ីនិងថតរបៀបស្នេហារោលរាលនៅឡើយទេ បើទោះជាតារាច្រើននាក់អោយតែបានឆ្លងកាត់ការថតបែបនោះ រមែងទទួលបានការចាប់អារម្មណ៍ ហើយជួយអោយទីផ្សាររបស់ពួកគេឈានឡើង។
កញ្ញាថាខ្លួនពលីនឹងការសម្ដែង ប៉ុន្តែសម្រាប់តែឈុតទាំងឡាយដែលគ្មានការរិះគន់និងការចំអកឡកឡឺយប៉ុណ្ណោះ។
រវាងអាជីពសម្ដែងនិងអាជីពចម្រៀង កញ្ញាថាស្រឡាញ់ចូលចិត្តដូចគ្នា ប៉ុន្តែសម្រាប់ពេលនេះមើលទៅអាជីពចម្រៀងប្រហែលជាត្រូវធីបចោល ហើយអាជីពសម្ដែងនឹងក្លាយជាឆ្នាំបាយហើយ ខណៈដែលកញ្ញាក៏បានប្រកាសថានឹងចេញមុខជួយសង្គមនិងជួយក្នុងគម្រោងសប្បុរសធម៌អោយបានច្រើន ដើម្បីអោយកេរ្តិ៍ឈ្មោះជាតារាសម្ដែងរបស់កញ្ញាមានការឈានឡើងមួយកម្រិត៕