លោក ហ៊ុន សែន ក្រើនរំព្ញក​អ្នកបើកបរឲ្យប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍

លោក ហ៊ុន សែន ក្នុងពិធីសម្ពោធអគារព្យាបាលជំងឺថ្មីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (FB: លោក ហ៊ុន សែន)

រដ្ឋាភិបាលបានក្រើនរំឮកដល់អ្នកបើកបរទំាងអស់ ឲ្យ​ធ្វើដំណើរដោយប្រុងប្រយ័ត្ន ដោយថា ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ខណៈតួលេខអ្នកស្លាប់កើនឡើងជារៀងរាល់ឆ្នាំ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​នៅ​ព្រឹក​ថ្ងៃ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ជាពិសេស​នៅ​ថ្ងៃបុណ្យជាតិ។ ជាមួយ​ស្ថានភាព​បែប​នេះ លោក​បានក្រើន​រំឮកដល់អ្នកបើកបរទំាងអស់ ត្រូវធ្វើដំណើរ​ដោយប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង ដោយលោក​ថា ទើបកាត់បន្ថយគ្រោះថ្នាក់ និងមិនធ្វើឲ្យគ្រូពេទ្យជាប់រវល់​ព្យាបាល​ជំងឺអ្នក​រងគ្រោះជា​ដើម​​​​។

លោក​ថ្លែងថា៖ «អំពាវនាវឲ្យមនុស្សទំាងអស់ដែលធ្វើចរាចរណ៍លើដងផ្លូវ​គោរពច្បាប់ចរាចរណ៍។ គ្រូពេទ្យ​អត់​បាន​ដេកទេ ថ្ងៃបុណ្យកាន់តែជាថ្ងៃមកប្រចំាការ ព្រោះគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក។ ឲ្យតែថ្ងៃបុណ្យ​ គឺថ្ងៃ​គាត់​ស្រវឹង។ មាន​តែការពារខ្លួនឯងតែប៉ុណ្ណោះ ដើម្បីកុំឲ្យគេកាត់ជើង កុំឲ្យក្លាយ​ទៅជា​មនុស្ស​ដែល​ឡប់​»។

លោក ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ​នេះ ក៏បាន​ព្រមានដកតំណែងអភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញវុធ​ ផង​ដែរ ដោយលោក​ថា បើនៅតែមិនព្រម​រៀបចំចរាចរណ៍​ឲ្យមានសណ្តាប់​ធ្នាប់នៅម្តុំវិមាន​ឯករាជ្យ​ក្បែរផ្ទះរបស់លោកឲ្យមានរបៀបរៀបរយល្អទេនោះ។​​

ក្រោយពីលោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីរបស់ខ្លួនឲ្យរៀប​ចំសណ្តាប់ធ្នាប់នៅក្បែរវិមានឯករាជ្យរួចមក អនុគណៈ​កម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល​ដឹកនាំ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បានប្រកាស​ថា នឹងរឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍នៅឆ្នាំ២០១៨នេះ ដោយដាក់ចេញ​នូវវិធានការក្តៅ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News។

បើ​តាម​ប្រភព​ដដែល​នេះ វិធានការ​ក្ដៅៗ​ទាំង​នោះ មាន​ដូច​ជា បើអ្នកបើកបរម៉ូតូ គ្មានមួក​សុវត្ថិ​ភាព​ទេ ត្រូវធ្វើការផាកពិន័យនិងឃាត់ម៉ូតូ​ទុករយៈពេល ២ ទៅ ៣ថ្ងៃ​ ហើយ​តម្រូវឲ្យ​អ្នកជិះម៉ូតូទៅទិញមួក ឬយក​មួកសុវត្ថិភាព មក​បង្ហាញ​សមត្ថកិច្ច​ទើប​អនុញ្ញាតឲ្យយកម៉ូតូវិញ។

ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រោយពីលោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីក្រោមឱវាទពិនិត្យ​ចរាចរណ៍​ឡើង​វិញ​នោះ នៅថ្ងៃនេះការធ្វើដំណើរតាមដងផ្លូវ​ហាក់មិនសូវកកស្ទះចរាចរណ៍​ដូចសព្វ​ដង​នោះ​ទេ​។

របាយការណ៍សាលារាជធានីភ្នំពេញឲ្យដឹងថា នៅភ្នំពេញ ចំនួន​រថយន្ត និងម៉ូតូ មានប្រមាណជាង ៣​លាន ២សែន​​គ្រឿង បូក​រួម​ទាំង​តាក់ស៊ី និង​ត្រីចក្រយាន ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវជា​រៀង​រាល់​ថ្ងៃ ស្របពេល​បញ្ហា​​គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ បានក្លាយជា​​បញ្ហា​ពិបាក​ដោះ​ស្រាយ​។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហាក់មិនមានជំនឿលើការអនុវត្ត​ច្បាប់របស់មន្ត្រីថ្នាក់ក្រោម​ទេ ដោយថា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន​ មន្ត្រីទំាងនោះអនុវត្ត​ច្បាប់​​មានភាពលម្អៀងរវាងអ្នក​មាន និងអ្នកក្រី។

ប៉ុន្តែលោកផ្តល់ជាអនុសាសន៍ថា ដើម្បី​អនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវ​បង្កើតក្រុមការងារ តាមដាន និង​ពិនិត្យមើលកាមេរ៉ានៅតាមភ្លើងស្តុប ដោយថា បើរកឃើញអ្នកបើកបរមិនគោរពច្បាប់ ត្រូវ​អនុវ​ត្ត​ឲ្យតឹងរឹង ដោយមិនប្រកាន់បក្សពួក ទើបទទួលបានផលវិជ្ជមាន​​។

លោក​​ផ្តល់ជាអនុសាសន៍ថា «យន្តការមួយដែលបើកកំាម៉េរ៉ាតាមភ្លើងស្តុបមើល​ថា តើរថយន្តប្រភេទណា ឬក៏ម៉ូតូណាដែល​បើករំលោភច្បាប់ចរាចរណ៍ បើសិនជារកឃើញ​ ខ្ញុំថា​បើសិនជានៅក្នុងនោះមានរថយន្ត ខ.ម ឬ ន.ប ឬស្លាកលេខរដ្ឋ ដែលរកឃើញថាបានរំលោភច្បាប់ចរាចរណ៍ដែរ ខ្ញុំគិតថា គួរតែចាត់ការក្រុ​ម ហ្នឹងមុនគេ​ ដើម្បីឲ្យក្រុ​មហ្នឹង​ដើរតួនាទី​ផ្តល់ភាពជាគំរូដល់អ្នកដទៃ សព្វថ្ងៃនេះគ្រប់រឿង អ្នកតូច​ចំាតែ​មើល​អ្នកធំទេ បើអ្នកធំ​ត្រង់[គោរពច្បាប់​] មានភាពជាគំរូ ខ្ញុំគិតថា​​អ្នកតូចនិងរៀនសូត្រតាម​»។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វីអូឌី​កាលពីថ្ងៃទី២ខែមករានេះថា មនុស្ស​ដល់​ទៅ ១៧៨០​នាក់ បាន​ស្លាប់​ ហើយ​មនុស្ស​ ៥៥៣៩​នាក់ បាន​រង​របួស​នៅ​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ ដោយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង ៦៣​នាក់ បើទោះបី​ចំនួន​អ្នក​រង​របួស​ថយ​ចុះ​ក៏​ដោយ បើ​ធៀប​ទៅ​នឹង​តួលេខ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ