មនុស្សដល់ទៅ ៣៩នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសត្រឹមតែមួយថ្ងៃម្សិលមិញនេះ។ នេះបើតាមរបាយការណ៍នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា បទល្មើសគ្រឿងញៀន ១៩ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេសកាលពីថ្ងៃទី០៣ ខែកុម្ភៈ ដោយឃាត់ខ្លួនមនុស្សដល់ទៅ ៣៩នាក់ ក្នុងនោះ ២៣នាក់មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា មនុស្សដល់ទៅ ១៧ ៧៤៧នាក់ ក្នុងនោះស្ត្រី ១ ៥៦៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ៨ ០៩៤ករណី នៅទូទាំងប្រទេសកាលពីឆ្នាំមុន ដោយបានកើនឡើងជិត ២ដង បើធៀបនឹងតួលេខនៅឆ្នាំ២០១៦កន្លងមក។
បញ្ហាគ្រឿងញៀន ត្រូវបានរកឃើញនៅក្នុងការស្ទង់មតិកាលពីឆ្នាំ២០១៦ថា ជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕