ក្រសួងអប់រំ​ណែនាំ​ឲ្យ​រៀបចំប្រឡងប្រណាំងអាន​សម្រាប់ទិវា​ជាតិអំណាន​១១មីនា

ក្រសួង​អប់រំ​ យុវជន និង​កីឡា ណែនាំ​ឲ្យ​ភាគីពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​រៀប​ចំ​ទិវា​ជាតិ​អំណាន​ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​១១ខែមីនា ខាងមុខនេះ ដោយ​រៀ​បចំ​ជាការប្រឡង​ប្រណាំងអាន។​

នៅ​ក្នុង​សេចក្តីណែនាំ​ស្តីពីការប្រារព្ធ​ទិវាជាតិអំណាន១១មីនា រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានលើក​ឡើង​ថា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ​ ខេត្ត​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ ស្រុក ខណ្ឌ​និង​អាជ្ញាធរ​ដែ​ន​ដី ត្រូវ​រៀប​ចំ​វេទិកា​ប្រឡង​ប្រណាំង​អានឬ​ជំរុញ​គ្រឹះស្ថាន​និង​អ្នកពាក់​ព័ន្ធ​ឲ្យ​រៀបចំ​វេទិកា​ប្រកួត​ប្រជែង​ក្នុង​ការ​អាន​ ស្មូតកំណាព្យ​និងនិពន្ធ​នៅតាម​ទីតាំង​សម​ស្រប ​ដើម្បី​ជ្រើសរើស​ជ័យ​លាភី​និង​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​តាម​លទ្ធភាព​។ លោក​បន្ត​ថា​មន្ទីរអប់​រំ​ យុវជន​និងកីឡា​ រាជធានី​ខេត្ត​ ការិយាល័យ​អប់រំ គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ទាំង​សាធារណៈ​និង​ឯក​ជន​ត្រូវ​រៀប​ចំ​ប្រារព្ធ​ទិវា​ជាតិ​អំណាននៅថ្ងៃសុក្រ ទី​១១ខែមីនា។

លោក ហង់ ជួន ណារ៉ុន បន្ត​ថា​សាលាបឋម​សិក្សា​ អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថាន​និង​សាកលវិទ្យា​ល័យ​​ទាំង​សាធារណៈ​ទាំង​ឯក​ជន ត្រូវ​រៀបចំ​ទិវា​ជាតិ​អំណាន​ដោយ​រៀបចំ​ឲ្យ​មានការប្រឡង​ប្រណាំង​អាន ស្មូតកំណាព្យ​ឬ​និពន្ធ​និង​បង្កើត​គណៈ​កម្មការ​វិនិច្ឆ័យ​សមត្ថភាព​អាន ស្មូតកំណាព្យ​និងនិពន្ធ។

គួរ​បញ្ជាក់​ថារដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យមួយ​កាលពីខែកញ្ញា ឆ្នាំ​២០១៥ ​បង្កើត​ឲ្យ​មាន​ទិវា​ជាតិ​អំណាន​ ដោយ​កំណត់​យក​ថ្ងៃ​ទី​១១​ខែ​មីនា​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវានេះ ដើម្បី​បណ្តុះ​ទម្លាប់​អាន​ ជំរុញ​វប្បធម៌​អាន​ លើក​កម្ពស់​សមត្ថភាព​អាន​ និង​ការ​តែង​និពន្ធ​ រួម​ចំណែក​ការពារ​និង​ពង្រឹង​វប្បធម៌​ខ្មែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ