រដ្ឋាភិបាលផ្លាស់ប្ដូរភារកិច្ចមួយចំនួនរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន

រដ្ឋាភិបាលសម្រេចកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងសមត្ថកិច្ចនៃការគ្រប់គ្រងតំបន់ការពារ និងអភិរក្សប្រៃឈើ និងជលផល ដោយបញ្ជាក់ថា យោងតាមសំណើរបស់​រដ្ឋមន្ត្រីនៃក្រសួងទាំងពីរ។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឲ្យស្ថិតក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងកសិកម្មវិញ។
អនុក្រឹត្យក៏បានសម្រេចផ្ទេរតំបន់ការពារ និងអភិរក្សព្រៃឈើ និងជលផលទាំងអស់ដែលស្ថិតក្រោមសមត្ថកិច្ចក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងកសិកម្មឲ្យស្ថិតក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញផងដែរ។

ក្នុងអនុក្រិត្យដដែល លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំការងាររៀបចំធ្វើវិសោធនកម្មជាបន្ទាន់លើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធសម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្ដល់ការអនុម័ត “ជាការប្រញ៉ាប់” និងធ្វើវិសោធនកម្មជាបន្ទាន់លើបទបញ្ញត្តិព្រះរាជក្រិត្យដែលមានការពាក់ព័ន្ធសម្រាប់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រទ្រង់ពិនិត្យ និងសម្រេចឡាយព្រះហស្ដលេខា។

កាលពីសប្ដាហ៍មុន ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដំបូងដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។ លោកបន្តថា លោក សាយ សំអាល់ បានសុំបែងចែកការងារឲ្យដាច់ពីគ្នាគឺដីសម្រាប់អភិរក្សប្រគល់មកក្រសួងបរិស្ថាន ចំណែកដីសម្រាប់ដាំដុះការអភិវឌ្ឍ គឺប្រគល់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទវិញ។

លោក ហ៊ុន សែន ក៏បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំឱបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង ដោយលោកបានកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថានថាជារដ្ឋមន្រ្តីតែមួយគត់ខុសគេ ក្នុងរយៈពេល៣០ឆ្នាំនៃដឹកនាំរបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ