Wing ទទួលបានសិទ្ធិប្រតិបត្តិការប្រមូលពន្ធលើអចលនទ្រព្យ និងយានជំនិះ

ពិធី​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ពី​ពី​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​មធ្យោបាយ​ដឹក​ជញ្ជូន (រូប​ពី​ហ្វេសប៊ុក​ក្រសួង​សេដ្ឋកិច្ច​)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យធនាគារឯកទេស វីង (Wing) ធ្វើប្រតិបត្តិការប្រមូលពន្ធអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះផ្សេងៗ ដោយបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយស្ដីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត សម្រាប់ប្រតិបត្តិការចំណូលពន្ធដារលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ព្រមទាំងប្រាក់ពិន័យទោសទណ្ឌសម្រាប់ប្រភេទពន្ធទាំងពីរនេះ នៅទូទាំងប្រទេស។

សេចក្ដីប្រកាសព័ត៌មានបានដកស្រង់សម្ដីរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចលោក ជូ គឺមឡេង ថា គោលបំណង និងសារៈសំខាន់នៃអនុស្សរណៈនេះ “ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការការផ្ដល់សេវាសាធារណៈដល់អ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន សំដៅធានាបាននូវការអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូលនៃអភិបាលកិច្ចល្អ”

សេចក្ដីប្រកាសព័ត៌មានបន្តទៀតថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងធនាគារឯកទេសវីង គឺជាបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការធានាឲ្យបាននូវការផ្ដល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យកាន់តែមានគុណភាព សាមញ្ញ ស័ក្ដសិទ្ធិ គួរឲ្យទុកចិត្ត រហ័ស ងាយស្រួល។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្នុងដំណាក់កាលដំបូងនេះ អនស្សរណៈនេះមានវិសាលភាពចំពោះតែការប្រមូលពន្ធអចលទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ តែក្នុងពេលបន្តបន្ទាប់ ក្រសួងនឹងពិនិត្យលទ្ធភាពក្នុងការពង្រីកការប្រើប្រាស់សេវារបស់ធានាគារឯកទេសវីង សម្រាប់ប្រតិបត្តិការចំណូលពន្ធដារលើប្រភេទពន្ធដទៃទៀតទៅតាមភាពជាក់ស្ដែងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ