ក្រោយ​​​​​ លន បញ្ញា ដណ្ដើម​បានកៅអី អ្នករៀប​​ចំការប្រកួត​រិះគន់​​ ឈាន រស្មី

​ការប្រកួតជម្រុះ​​ជើងឯក​​​​​​ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement កាលពីថ្ងៃទី ៣ មីនា ​កីឡាករ​​វ័យក្មេង និងមិន​សូវមាន​​ប្រវត្តិឡើងប្រកួត​លើរេញទៀត​​​ហើយ​​​​ទទួលបានជ័យជម្នះ ក្នុងការដណ្ដើមបានកៅអី​​​សម្រាប់​បន្តទៅវគ្គ​១៦នាក់គួរអោយ​​ភ្ញាក់ផ្អើល  ​​​ដោយ​​​​កីឡាករ​ជើងថ្មី លន បញ្ញា ​វាយ​បំបាក់​កីឡាករជើង​ចាស់​​​ដែលគេស្គាល់ជាយូរមកហើយ គឺ​​ ឈាន រស្មី អោយ​​​​​​ធ្លាក់ហាល​អាវ​​​អោយបោះបង់ការប្រកួតតែម្ដង។

​​      នេះ​ជា​​​​ការប្រកួតទម្លាក់គូប្រកួតដែល​បានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥ ​​​​​ហើយកីឡាករ​​ថ្មី​ជាអ្នក​​ផ្ដួល​ជើងចាស់ទៀតហើយ ខណៈដែលលទ្ធផលនេះ ក៏ត្រូវ​​គេឃើញ​អ្នករៀប​ការប្រកួត​រិះគន់​កីឡាករ​​​ដែលមានបទពិសោធន៍​​យូរឆ្នាំ និងថា​​​​នេះជា​​​​ស្ថានភាពអាក្រក់​​មួយ ដែល​​ពិបាកធ្វើអោយកីឡាករ​កម្ពុជា​​​ល្បីឈ្មោះឈរជើងបានយូរនៅលើសង្វៀន។

​លោក សេង កដិកា អ្នករៀបចំកម្មវិធី​​​បានហៅលទ្ធផល​ដែលបានស្ដែងឡើងថា ​​ជា​ការប្រឹងប្រែងរបស់កីឡាករ​​​​​ជើងថ្មី ប៉ុន្តែលោកក៏បាន​ទទួលស្គាល់ថានោះ​​ជាលទ្ធផលដែល​​​បណ្ដាលមកពី​កីឡាករ​ជើងចាស់ដែលបន្ត​​ធ្លាក់ហាលអាវ​​បណ្ដាក់គ្នានោះ ​​​​​​ប្រកួត​​លែងកើត។ លោកថា​​​ជារឿងសោកស្ដាយដែលកីឡាករនៅក្នុងប្រទេសកម្ពុជា​កាន់តែបានល្បីឈ្មោះ កាន់តែធ្លាក់​ទឹកដៃដែល​​កត្តាទាំងនោះ​មិនមែនសុទ្ធតែ​បញ្ហា​តម្លៃខ្លួន ហូបចុកមិនគ្រប់នោះទេ ប៉ុន្តែដោយសារតែ​កីឡាករភាគច្រើន​មើលស្រាលការប្រកួត ​ហើយខ្វះការ​​ហ្វឹកហាត់តែម្ដង។

​លោកថា​​​កីឡាករ​​ច្រើនណាស់ដែល​​​​​​បាត់មុខយូរ​គឺ​អោយតែ​​​ឡើងប្រកួត​ឡើងវិញ ​​​​​​មិនមានលទ្ធផល​​វិជ្ជមាន ​ដែល​​បញ្ហានោះគឺ​​​​​​កត្តាកីឡាករ​​កម្ពុជាមិនសូវមាន​​​​ចំណូលចិត្ត និងខ្វះការតាំងចិត្ត​​ច្រើនជាង។ លោកនិយាយថា​«កីឡាករ​រាល់ថ្ងៃ​កុំថារឿងតម្លៃខ្លួន​​ចាញ់​​​ប្រទេសជិតខាងបាន​ប្រកួត​​ល្អមិនសូវបាន​យូរ ការពិត​កីឡាករ​​​ដែល​​ល្អគេនៅតែល្អចឹង ប៉ុន្តែសំខាន់​​គឺបណ្ដាល​មកពីអ្នកធ្លាក់ដៃទាំងហ្នឹង ​មិនមែន​អ្នក​​យកប្រដាល់ធ្វើអាជីពទេ ​ទាល់តែចង់បានលុយពី​​ប្រដាល់ទើប​ហាត់​​ហើយ​សុំ​​​ឡើងរេញ​​!»។

លោកថា​ខ្លួននៅតែ​​ចង់ផ្ដល់​​​ឱកាស​អោយកីឡាករ​ចាស់ៗបាត់មុខ និង​ចង់ប្រដាល់ ទើប​ដាក់ ឈាន រស្មី ឡើងរេញ​​​ដើម្បីធ្វើការប្រកួតជម្រុះ ប៉ុន្តែ​លទ្ធផលចុងក្រោយ​មិនមែន ធ្វើអោយ​កីឡាករជើងថ្មី ​​​​​លន បញ្ញា ​​​រងការអាម៉ាស់នោះទេ ប៉ុន្តែកីឡាករ​បង្គោលក្រហម​ដែលមិន​​ធ្លាប់​ស្គាល់សង្វៀន​អន្តរជាតិ​ជាមួយ​បរទេស និងមិនសូវមាន​​​​​បទពិសោធន៍ប្រកួត​ច្រើន​ក្លាយជាអ្នកឈ្នះ។

​លោកថា​​​លទ្ធផលដែលបានស្ដែងឡើង គឺបណ្ដាលមកពី ឈាន រស្មី មើលស្រាលការប្រកួត​​​ហើយខ្វះ​ការ​ហ្វឹកហាត់ ​​ហើយ​​​​កីឡាករ​​​​ ​លន បញ្ញា ​​​​​ហ្វឹកហាត់​​បាន​ល្អ និងមើលទៅ​​​ប្រកួត​ពេញ​កម្លាំង។ ​​លោកអះអាងបែបនេះ ​​​​​​បន្ទាប់ពីបានទស្សនាការប្រកួត​​​​រហូតដល់​​​រកឃើញលទ្ធផល ហើយ​ថា​​កីឡាករ​បង្គោលខៀវដែលបោះ​​បង់ការប្រកួត​​នៅ​ត្រឹមទឹកទី​​​២ គឺដោយសារតែ​ខ្សោយទាំងកម្លាំង​ស៊ុហ្វ និង​​ខ្វះទាំំង​​​ការតស៊ូ នៅពេល​គូប្រកួត​​ជាកីឡាករ​វ័យក្មេង​សម្រុក​ខ្លាំង។

លោកថា​ការប្រកួតមួយគូរនេះ លោក​ពេញចិត្តតែសមត្ថភាពរបស់អ្នកឈ្នះ​ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈាន រស្មី ដែលរាប់​​​​​២លើក​​មុនបោះបង់ការប្រកួត គឺប្រកួតមិនកើតតែម្ដង ដែលអាច​ថាមកពី​​គេ​​​​​​មិនចង់ប្រថុយគ្រោះថ្នាក់ជាមួយ​​​កីឡាករថ្មីដែលស្រេកឃ្លានជ័យជម្នះ អោយខានតែបាន ឬ​​មិនមានសមត្ថភាពក្រោយ​ការ​​បាត់មុខមួយរយៈតែម្ដង។

លោកថា​​​​កីឡាករប្រដាល់នៅក្នុងប្រទេស​កម្ពុជា បើទោះជា​​បាន​ដំឡើងតម្លៃខ្លួន​​រហូតដល់កម្រិតណា​បន្ថែមទៀត​ក៏ដោយ ក៏​អ្នក​​​មិន​ចង់បន្តអាជីពមួយនេះ នៅតែ​បណ្ដែតបណ្ដោយខ្លួនអោយ​ធ្លាក់​​​​សមត្ថភាព ​ព្រោះតែហេតុផល​​​​​ផ្សេង ជាក់ស្ដែង​​​អ្នកនៅ​ប្រកួត​ក៏​​​​​​​​​ច្រើន​ប្រហែលដោយការផឹកស៊ី  ​​និង​​ភាគច្រើន​​ទាល់តែដល់ថ្ងៃប្រកួត​ទើប​ហាត់​​​ពីរ​បីម៉ោង​។ ​​​លោកសរសើរថា​មានតែកីឡាករ​​​​​​​​ទើបឡើងថ្មីៗប៉ុណ្ណោះ ដែល​​ប្រឹង​ប្រកួត​បានល្អ ដើម្បី​ល្បីឈ្មោះ ប៉ុន្តែបើមានទីផ្សារ​បានបន្តិច គឺមិនខុសគ្នានោះទេ។ ​

កីឡាករ​ឈាន រស្មី ដែល​​បាន​​សម្រេចចិត្តបោះបង់ការប្រកួត​ បានសារភាពថា​លោកពិតជា​​​​​​ខ្វះការ​ហ្វឹកហាត់​ដិតដល់​​នៅមុនពេលប្រកួត​ប្រាកដ​មែន ដោយសារតែលោក​ជាប់​រវល់នឹងការងារ​​​​​​​​​​​​​​​​​​រកលុយ ហើយមិនអាច​​ឈប់​បាន។ លោកថា​​​ខ្លួន​បន្តការប្រកួត​ព្រោះតែស្ដាយ​​​​​ឱកាស​រកលុយ និង​​នៅ​ស្រឡាញ់តិច​​ៗប៉ុណ្ណោះ ហើយបណ្ដាល​​មកពី​លោក​កត់សម្កាល់ឃើញថាកីឡាករ លន បញ្ញា ​​​មានថ្វីដៃល្អ និងពិបាក​​​​វាយទប់ ទើប​​បោះបង់​ការប្រកួតតែម្ដង ក្រោយ​​ត្រូវរាប់​២ដង៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ