រដ្ឋសភានៅថ្ងៃចន្ទនេះបានអនុម័តសេចក្ដីព្រាងច្បាប់សហជីពដែលមានភាពចម្រូងចម្រាស ដោយទទួលបានសំឡេងគាំទ្រ៦៧លើ៩៨ ជាមួយនឹងការជជែកដេញដោលពីតំណាងរាស្ត្រគណបក្សប្រឆាំង។
នៅថ្ងៃចន្ទនេះ រដ្ឋសភាបានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ នីតិកាលទី៥ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះក៏មានការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់សហជីពដ៏ចម្រូងច្រាសផងដែរ។ បន្ទាប់ពីការពិភាក្សា និងជជែកសួរដេញដោលដ៏ស្វិតស្វាញពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។រដ្ឋសភាបានសម្រេចបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់នេះ ដោយទទួលបានសំឡេងគាំទ្រ៦៧ លើ៩៨សំឡេង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ដែលបានឡើងចោទសួរក្នុងកិច្ចប្រជុំនោះ បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ចេញពីកិច្ចប្រជុំនៅល្ងាចថ្ងៃចន្ទនេះថា ទោះបីច្បាប់នេះត្រូវបានអនុម័តក៏ដោយ លោកថា លោកនឹងបន្តតាមដានការអនុវត្តច្បាប់នេះបន្តទៀត។ លោកបន្តថា លោកនឹងកោះហៅរដ្ឋមន្ត្រីទៅសាកសួរ ប្រសិនបើការអនុវត្តច្បាប់នេះទៅធ្វើឲ្យមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព។
ច្បាប់ស្ដីពីសហជីពដែលទើបត្រូវបានរដ្ឋសភាអនុម័តនេះមាន១៧ជំពូក ១០០ មាត្រា។
គួរបញ្ជាក់ថា ខណៈពេលដែលរដ្ឋសភាបើកកិច្ចប្រជុំក្នុងថ្ងៃនេះ សហជីពមួយចំនួនក៏បានធ្វើការតវ៉ានៅខាងមុខរដ្ឋសភា ដោយអះអាងថា ដើម្បីប្រឆាំងនឹងការអនុម័យសេចក្ដីព្រាងច្បាប់សហជីបនេះ។ ក្នុងការតវ៉ានេះ មន្ត្រីសហជីពម្នាក់បានរងរបួសនៅពេលមានការប៉ះទង្គិចគ្នា ពេលក្រុមសន្តិសុខសាលារាជធានីភ្នំពេញបំបែកក្រុមអ្នកតវ៉ា៕