បទយកការណ៍៖ ស្ត្រីធ្វើការក្នុងវិស័យមីន មានពេលតិចសម្រាប់គ្រួសារ

ស្ត្រីធ្វើការក្នុងវិស័យមីន ស៊ីម៉ាក់

នេះគឺជាការចុចបំផ្ទុះគ្រាប់មីន ដែលជានិមិត្តរូបនៃការចុះ​បំពេញ​ទស្សនកិច្ច​របស់ឯកអគ្គ​រដ្ឋ​ទូតអាមេរិក នៅ​​វិទ្យាស្ថាន​បច្ចេក​ទេស​សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​ចុងខែមីនា ឆ្នាំ២០១៧។

បើនិយាយពីការងារដោះមីន ប្រហែលគេអាចគិតមុនថាជាការងារសម្រាប់បុរសទើបសម ប្រហែល​ជា​គ្មាន​ស្ត្រី​មកធ្វើការងារនេះទេ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ផង បញ្ហាសុខភាពផង ឆ្ងាយគ្រួសារផង។

ក្នុងចំណោមបុគ្គលិកជិត២ ០០០នាក់ របស់ស៊ីម៉ាក់ ស្ត្រីមានចំនួន១២៥នាក់ ភាគ​ច្រើនធ្វើការ​នៅទីវាលជាអ្នកដោះមីន អ្នកកាន់សុនខសម្រាប់ហិតរកមីន និងសមាជិកក្រុមចល័ត ដែល​ទទួល​ខុស​ត្រូវ​កម្ទេចគ្រាប់និងក្រុមស្រាវជ្រាវជាដើម។

អង្គុយក្រោមរោងមួយក្នុងបរិវេណដ៏ធំល្វឹងល្វើយនៃវិទ្យាស្ថានបច្ចេក​ទេស​សកម្មភាព​កម្ចាត់​មីនស៊ីម៉ាក់​ក្រុមតំណាងស្ត្រីអ្នកធ្វើការវិស័យមីនប្រហែលជា២០ ទៅ៣០នាក់​ ទើបតែឡើងមកពីតំបន់គោលដៅ​នៅ​ខេត្តផ្សេងៗ បានមកជួបជុំគ្នាអង្គុយជជែគពីបទពិសោធន៍យូរឆ្នាំប្រាប់ដល់ក្រុមអ្នកធ្វើទស្សនកិច្ច។

លោកស្រីវេជ្ជបណ្ឌិត ម៉ារ ផាល័យ ជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ធនធានមនុស្ស និងសុខាភិបាល របស់​ស៊ីម៉ាក់ ប្រាប់ពីប្រវត្តិដែលមានស្ត្រីធ្វើការក្នុងវិស័យមីនថា ចាប់ផ្តើមដំបូងពីក្រុម​អ្នកដោះមីន​សហគមន៍​​​នៅស្រុកកំរៀងខេត្តបាត់ដំបង។ បន្ទាប់មក ស៊ីម៉ាក់ បានជ្រើសរើសនារី​ក្នុងសហគមន៍​ដែលប្រឈម​គ្រោះថា្នក់មីន​ នៅលើដីដែលធ្វើកសិកម្ម ដើម្បីដោះមីនក្នុងសហគន៍ខ្លួនឯងផ្ទាល់។

លោកស្រីបញ្ជាក់ថា ការងារដោះមីនមិនប្រកាន់ថាបុរស ឬនារីទេ។

លោកស្រីថា៖ «តាមពិតការងារដោះមីនមិនរើសអើងថា ប្រុសឬនារីទេ ព្រោះយើងមានបទដ្ឋាន​ប្រតិបត្តិការច្បាស់លាស់ អញ្ចឹងឲ្យតែនារីហ្នឹងរៀនច្បាស់លាស់ត្រឹមត្រូវហើយមានការយកចិត្តទុកដាក់ ខ្ញុំជឿថានារីមានការប្រុងប្រយ័ត្ន អត់ធ្មត់ច្រើន ដូចជាមិនមានបញ្ហាចំពោះនារីទេក្នុងការដោះមីន»។

អ្នកស្រី ប៊ិន សុផាន់ណា មានតួនាទីជាអ្នកកាន់សុនខ ធ្វើការតាំងពីឆ្នាំ២០០៥ ​ អ្នកស្រីថា​ធ្វើការងារដោះ​មីន​ ព្រោះចង់ជួយប្រទេសជាតិឲ្យប្រជាជនអាចធ្វើស្រែចំការបាន។ និយាយទាំងទឹកមុខញញឹមញញែម ដៃកំពុងកាន់ខ្សែសុនខឈ្មោះ កាស្ទឺ។ កាស្ទឺជាឆ្កែទី២ ហើយសម្រាប់អ្នកស្រីសុផាន់ណា ក្នុងរយៈបំពេញការងារជាង១០ឆ្នាំកន្លងមក។

អ្នកស្រីមានប្រសាសន៍ថា៖ «ទៅណាគឺ មានឆ្កែតាមរហូត ចប់ពីការងារទៅនៅផ្ទះត្រូវមើលឆ្កែ ឲ្យបាយ ដឹក​ជុះអាចម៍ ឈឺជាគឺទៅតាមរហូត ត្រូវយកទៅមើលរហូត។ ភាគច្រើនម្ចាស់នៅត្រង់ណា សុនខ​នៅត្រង់​ហ្នឹង!» ។

ជាអ្នកខេត្តព្រះវិហារ អ្នកស្រី ឡា លីណា ជំនាញដោះមីន ធ្វើការឲ្យស៊ីម៉ាក់១២ឆ្នាំហើយ  សព្វថ្ងៃកំពុង​បំពេញ​ភារកិច្ចនៅតំបន់​មានគ្រាប់មីនក្នុងខេត្តបាត់ដំបង។ អ្នកស្រី លីណា ស្ម័គ្រចិត្តចូលដោះមីន​នៅក្នុងភូមិ​ខ្លួនឯង កាលពីប្រឡូកការងារដំបូង បន្តមកទើបចុះទៅតាមគោលដៅ​នៅខេត្តដទៃៗ​ ទៀត​រាប់ខែចូលដល់ឆ្នាំទាល់តែអស់គ្រាប់មីនទើបប្តូរតំបន់គោលដៅថ្មី។

ការ​ងាររបស់ អ្នកស្រី លីណា តម្រូវឲ្យសម្រាកក្នុងតង់នៅការដ្ឋានក្បែរព្រៃ ក្បែរតំបន់ចំការមីន រាងយូរ​ជាង​គេ​​​បន្តិច ទើបទៅលេងផ្ទះម្តងព្រោះនៅឆ្ងាយ។

អ្នកស្រីមានប្រសាសន៍ថា៖ «ជួនកាលមួយខែទៅផ្ទះម្តង ពេលខ្លះហត់ពីរខែឬបីខែបានទៅ។ អត់បញ្ហាទេ! ខលទៅលេងគ្រួសារ ខលសួរសុខទុក្ខ ពេលខែខ្លះខ្ជិលជិះឡានឆ្ងាយ គាត់មកលេង!»។

ចំពោះលោកស្រីវេជ្ជបណ្ឌិត ម៉ារ ផាល័យ ទទួលស្គាល់ពីការលំបាកសម្រាប់ស្ត្រី និងបញ្ហាប្រឈមខ្លះ​ដែរ​ចំពោះ​​សុខភាពពេល ដែលមានផ្ទៃពោះ ព្រោះត្រូវប្រើកាយវិការ​សកម្មភាពពាក់ព័ន្ធ​នឹងបច្ចេកទេស​បន្តិចបន្តួច។

លោកស្រីមានប្រសាសន៍ថា៖ «យើងបានចេញគោលការណ៍ថាចំពោះនារីដោះមីនដែលមានផ្ទៃពោះ  ឲ្យគាត់សម្រាកដោយមានប្រាក់បៀវត្សបីខែ ហើយទុកលទ្ធភាពឲ្យគាត់ ឧទារហណ៍អ្នកខ្លះគេបានបីខែ ៦ខែអញ្ចឹង​ គេអាចមកធ្វើការវិញបាន ទុកកូននៅជាមួយឪពុកម្តាយ ឬប្តី អ្នកនៅជិតផ្ទះមើលទៅ ហើយមួយទៀតគេអាចនៅដល់មួយឆ្នាំទំរាំកូនរាងធំអាចមកវិញបាន យើងទុកលទ្ធភាពជូនគាត់»។

លោក​ ហេង រតនា ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅកម្ពុជា មានប្រសាសន៍បន្ថែមថា កាលពីដំបូង ការទទួលស្ត្រីមកធ្វើការ ហាក់មិនសូវជាស៊ីជម្រៅអំពីការរៀបចំ​ច្បាប់ទម្លាប់ ដើម្បី​ធានា​ដល់​ស្ត្រី​​ឲ្យបន្តកិច្ចការទេ ព្រោះកាលណោះ សកម្មភាពមីននៅជាសកម្មភាពថ្មីទូទាំងពិភពលោក។

ទោះជាយ៉ាងណា លោកថា អង្គភាព ស៊ីម៉ាក់ នៅតែបន្តគាំទ្រ​និងលើកកម្ពស់ដល់​ស្ត្រីក្នុង​ការចូលរួម​គ្រប់​សកម្មភាពនៃវិស័យមីន។

លោកថា៖ «ស្ត្រីយើងលើកកម្ពស់! ហើយយើងមាននីតិវិធីច្រើនណាស់សម្រាប់ស្ត្រីក្នុងវិស័យមីន ដែល​ស៊ីម៉ាក់ លើកកម្ពស់ហើយបានកែប្រែច្បាប់ នីតិវិធីផ្ទៃក្នុងមួយចំនួន ​ដើម្បីស្របទៅតាមត​ម្រូវការរបស់​ស្ត្រីនៅក្នុងអង្គភាព»។

បើតាមមន្ត្រី ស៊ីម៉ាក់ ចំនួនស្ត្រីដែលកំពុងបំពេញការងារក្នុងវិស័យមីនរបស់ស៊ីម៉ាក់ មានចំនួនប្រហែលតែ​៧​ភាគរយទេ ហើយអង្គភាព ស៊ីម៉ាក់ នៅតែត្រូវការនារី គាំទ្រសកម្មភាពបន្ថែមទៀត ដែលបើតាមចំនួន​តម្រូវរបស់អាមេរិក​ ដែលជាប្រទេសផ្តល់​ជំនួយមកស៊ីម៉ាក់ដែរ គឺចង់ឲ្យមានស្ត្រីចំនួន៣០ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ