ពលរដ្ឋខេត្តបាត់ដំបងសុំឲ្យលោក ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លីជាមួយទាហាន

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:49 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1079 ពលរដ្ឋខេត្តបាត់ដំបងមានជម្លោះដីធ្លីជាមួយទាហាន

ពលរដ្ឋជិត៦០គ្រួសារនៅព្រំប្រទល់ស្រុកបវិលនិងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ដោយថាពេលថ្មីៗនេះមានទាហានមួយក្រុមបានចូលមកបោះទីតាំងរំលោភយកដីរបស់ពួកគាត់។

លោក ក្រិច ផល្លី ដែលអះអាងថាជាតំណាងពលរដ្ឋប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ចំនួន៥៩គ្រួសាររស់នៅឃុំឃ្លាំងមាស ស្រុកបវិល មានជម្លោះដីធ្លីជាមួយទាហានមួយក្រុមដែលមានឈ្មោះ ភ្លន់ សុផល្លា, ព្រឹម លាម, ឈិត ធៀង, ស្វាយ ធូប, ស្វាយធឿម និងបក្សពួកផ្សេងទៀតរយៈពេល៣ខែហើយ ដោយថា បុគ្គលទាំងនោះបានគម្រាមកំហែងនិងយកគ្រឿងចក្រមកឈូសឆាយដីដំណាំរបស់ពលរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកថាក្រុមពលរដ្ឋបានមករស់នៅលើដីមានជម្លោះនោះតាំងពីឆ្នាំ២០០០រហូតមកដល់បច្ចុប្បន្ន ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ប៉ុន្តែនៅថ្ងៃទី១០មីនាឆ្នាំ២០១៧នេះទើបមានទាហាន១ក្រុមនាំគ្នាមកបោះទីតាំងស្នាក់នៅដោយអះអាងថា ដីតំបន់នោះជាដីរបស់ក្រុមខ្លួន និងបានចោទថាពលរដ្ឋមករស់នៅលើដីទាហានខុសច្បាប់ទៅវិញ។

លោកបន្ថែមថា «ថ្ងៃទី១០ខែ៣នេះទើបទាហានហ្នឹងមករំលោភបំពានយក បោះជំរុំលើដីប្រជា ពលដ្ឋតែពលរដ្ឋព្រោះល្ងរ សណ្តែករួចហើយគេនៅតែមកនៅលើហ្នឹង ហើយគេថាគេអាចមាន សិទ្ធិប្តឹងពលរដ្ឋយើងឡើងតុលាការបានទៀត គាត់គម្រាមពួកយើងថា នឹងមានអ្នកងាប់នៅក្នុងស្រែ និងងាប់ជាប់គុក ដល់អញ្ចឹងប្រជាពលរដ្ឋភ័យទើបខំឡើងមកឲ្យសម្តេច ហ៊ុន សែន ឲ្យជួយ ព្រោះពួកខ្ញុំបានរត់គ្រប់កន្លែងអស់ហើយ»។

ស្រ្តីវ័យ៥០ឆ្នាំ និងមានប្តីជាជនពិការផងអ្នកស្រី សោម ចំរើន រៀបរាប់ទាំងអួលដើមកថា គ្រួសារអ្នកស្រីបានមករស់នៅតំបន់នោះតាំងពីឆ្នាំ ២០០០ ដោយមានដីទំហំត្រឹមតែ៣ហិកតា ប៉ុណ្ណោះសម្រាប់បង្ករបង្កើនផល​ ដាំសណ្តែក ល្ងរ និងធ្វើស្រែខ្លះ។

អ្នកស្រីថា ចាប់តាំងពីគ្រួសារគាត់ទៅរស់នៅ និងបង្ករបង្កើនផលមកមិនធ្លាប់មានជម្លោះ អ្វីនោះទេ។

អ្នកស្រីបន្ថែមថា «ពួកខ្ញុំទៅនៅដើម្បីគាស់កកាយតាំងពីឆ្នាំ២០០០អាស្រ័យផលបាន១៦ឈាន ចូល១៧ឆ្នាំហើយបើគេមកយកអញ្ចឹងឲ្យខ្ញុំគិតដូចម្តេច។ ខ្ញុំសូមសុំណោមពរឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយដោះស្រាយពួកខ្ញុំផង ព្រោះពួកខ្ញុំក្រីក្រណាស់ និងកូនក៍ច្រើនចៅក៏ច្រើន»។

មន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីគឺ លោក គង់ ចំរើន មិនបានទទួលញត្តិពីប្រជាពលរដ្ឋទាំងនោះទេ ដោយថា ញត្តិនេះលោកទើបទទួលរួចម្តងមកហើយ។ លោក គង់ ចំរើន បាន ប្រាប់ប្រជាពលរដ្ឋឲ្យយកញត្តិនោះទៅដាក់នៅក្រសួងរៀបចំដែនវិញ។ ចំណែកមន្រ្តីក្រសួង ដែនរៀបចំដែនដីបានតម្រូវឲ្យពលរដ្ឋទាំងនោះធ្វើញត្តិថ្មីទើបក្រសួងទទួល។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ វិអូឌីមិនទានអាចទាក់ទងភាគីទាហានដែលពលរដ្ឋចោទប្រកាន់ថា យកដីពលរដ្ឋនោះ ដើម្បីឆ្លើយបំភ្លឺបាននៅឡើយទេ។

មេឃុំឃ្លាំងមាស លោក ប៉ិន សម្បត្តិ និយាយថា ករណីជម្លោះនេះលោកមិនមានសមត្ថភាព ដោះស្រាយឡើយ ដោយលោក បង្វែរឲ្យទៅសួរអាជ្ញាធរខេត្តវិញ តែវិអូឌីមិនអាចទាក់ ទងអភិបាលខេត្តបាត់ដំបងលោក ច័ន្ទផល​ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

បើតាមអះអាងរបស់ពលរដ្ឋឲ្យដឹងថា ដីដែលពលរដ្ឋមានជម្លោះជាមួយទាហាននោះ មានទំហំសរុប១៥២ហិកតា និងមានពលរដ្ឋ៥៩គ្រួសារក្នុងនោះមានពលរដ្ឋមកពីស្រុកបាណន់ចំនួនផងដែរ ដោយក្នុងមួយគ្រួសារមានដីចន្លោះពី៣ទៅ៤ហិកតាប៉ុណ្ណោះ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required