វិភាគ៖ តើ​ការ​ដក​ថយ​មួយ​ជំហ៊ានទៀត​របស់​បក្ស​ប្រឆាំង​អាច​បញ្ឈប់​ការ​រុក​គួន​ពី​បក្ស​កាន់​អំណាច​ឬ​ទេ?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 9:22 AM | បទវិភាគ | 0 | 1653 ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

ទីបំផុត​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​​​សម្រេច​លុប​ចោល​សារ​នយោបាយ “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ” ទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ហើយ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ។ សារ​នយោបាយ​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​អនុម័ត​ឡើង​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា​កន្លង​មក​នេះ នៅ​អំឡុង​ពេល​តែ​មួយ​នៃ​ការ​រៀបចំ​សមាជ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី។ គ្រាន់​តែ​សារ​នយោបាយ​នេះ​ចេញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គណបក្ស​ប្រឆាំង​បាន​រង​ការ​គំរាម​ប្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ដូច្នេះ ការ​សម្រេច​លុប​ចោល​សារ​នយោបាយ​នេះ មិន​ត្រឹម​តែ​ស្រប​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​ទេ វា​ក៏​ស្រប​ទៅ​នឹង​បំណង​របស់​គណបក្ស​កាន់​អំណាច​ផង​ដែរ។

ការ​សម្រេច​លុប​ចោល​សារ​នយោបាយ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ផង​ដែរ​ពី​ការ​ដក​ថយ​មួយ​ជំហ៊ាន​ទៀត​របស់​គណបក្ស​ប្រឆាំង បន្ទាប់​ពី​បក្ស​មួយ​នេះ ប្រឈម​មុខ​នឹង​ការ​គំរាម​រំលាយ​ចោល ​ក្រោយ​ពី​បក្ស​កាន់​អំណាច​បាន​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ឈាន​ទៅ​ដល់​ការ​ហាម​ឃាត់​មេបក្ស​មិន​ឲ្យ​ដឹកនាំ​បក្ស ប្រសិន​បើ​មេ​បក្ស​រូប​នោះ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស​កំហុស និង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ។

បើ​ទោះបី​ជា​​គណបក្ស​ប្រឆាំង​បាន​សម្រេច​ទម្លាក់​ចោល​សារ​នយោបាយ​របស់​ខ្លួន​ហើយ​ក្ដី ប៉ុន្តែ វា​នៅ​តែ​មាន​ចំណោទ​លេច​ឡើង​ថា តើ​គណបក្ស​កាន់​អំណាច​នឹង​បញ្ឈប់​ការ​តាម​យាយី​គណបក្ស​ប្រឆាំង​ឬ​ទេ? ហើយ​ជា​ជាង​យាយី​មក​លើ​គណបក្ស​ប្រឆាំង តើ​គណបក្ស​កាន់​អំណាច​គួរ​តែ​ធ្វើ​អ្វី​វិញ?

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​​មើល​ឃើញ​ថា ការ​សម្រេច​ទម្លាក់​ចោល​សារ​នយោបាយ “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ”​ របស់​គណបក្ស​ប្រឆាំង គឺ​ជា​ការ​សម្រប​សម្រួល​បរិយាកាស​នយោបាយ​ពី​សំណាក់​គណបក្ស​ប្រឆាំង នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ។

បើទោះ​ជា​គណបក្ស​ប្រឆាំង​បាន​ព្យាយាម​សម្រប​សម្រួល​បរិយា​កាស​នយោបាយ​បែប​នេះ​ក្ដី ​ប៉ុន្តែ អ្នក​វិភាគ​នយោបាយ​រូប​នេះ ជឿ​ជាក់​ថា ដរាប​ណា​គណបក្ស​​ប្រជាជន​កម្ពុជា​នៅ​តែ​ចាត់​ទុក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សត្រូវ​ តែ​មិន​មែន​ជា​គូ​ប្រកួត​ប្រជែង​នយោបាយ​នោះ លោក​ថា គណបក្ស​ប្រឆាំង​នឹង​នៅ​តែ​ប្រឈម​នឹង​ការ​យាយី​ពី​គណបក្ស​កាន់​អំណាច​ដដែល។

បណ្ឌិត ឡៅ ម៉ុងហៃ គូស​បញ្ជាក់​ថា​៖ “តាមមើល​តាម​លំអាន​ចាស់​មក ដូចជា​មិន​ចប់​ទេ​អារឿង​យាយី​ហ្នឹង ព្រោះ​មាន​ការ​ចាត់​ទុក​ថា គណបក្ស​ហ្នឹង [គណបក្ស​សង្គ្រោះជាតិ]​ជា​ខ្មាំង​សត្រូវ ក្នុង​ការ​ដណ្ដើម​យក​អំណាច​ពី​ប្រជា​ពលរដ្ឋ មិន​មែន​ជា​គូ​ប្រជែង​ទេ​”។​

គណបក្ស​ប្រឆាំង នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ បាន​ទទួល​រង​ការ​យាយី​ពី​គណបក្ស​កាន់​អំណាច​ជា​បន្ត​បន្ទាប់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​បង្ខំ​ឲ្យ​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស ក្រោយ​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ផ្លូវ​ច្បាប់​ជា​ហូរ​ហែរ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​ពី​សំណាក់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។ ចំណែក​ឯ​លោក កឹម សុខា ត្រូវ​បាន​បង្ខំ​ឲ្យ​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈ​ពេល​ជា​ច្រើន ក្រោយ​ពី​រង​បណ្ដឹង​នៅ​តុលាការ និង​ការ​ទម្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ឯកជន។ ក្រៅ​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ឯកជន​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​គេ​ទម្លាយ​ជា​បន្ត​បន្ទាប់​ផងដែរ។

ពាក់​ព័ន្ធ​នឹង​ការ​យាយី​ជា​ហូរ​ហែរ​នេះ សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​ ឯម សុវណ្ណរ៉ា បាន​ព្រមាន​ទៅ​គណបក្ស​ប្រឆាំង ឲ្យ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​វិធានការ​ផ្សេងៗទៀត​ពី​គណបក្ស​កាន់​អំណាច នា​ពេល​ខាង​មុខ​នេះ។ លោក ឯម សុវណ្ណរ៉ា បាន​ព្រមាន​ដូច្នេះ ដោយសារ​លោក​មើល​ឃើញ​ថា គណបក្សកាន់​អំណាច​ នឹង​ប្រើ​ប្រាស់​វិធីសាស្ត្រ​បំបែក​​ឥទ្ធិពល ឬ​ប្រជា​ប្រិយភាព​​របស់​គូ​ប្រជែង ដូច​ដែល​គណបក្ស​នេះ​ធ្លាប់​បាន​ប្រើរួច​មកហើយ​ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៩០​មក​ម៉្លេះ។

លោក ឯម សុវណ្ណរ៉ា បញ្ជាក់​ថា​៖ “គណបក្ស​ប្រឆាំង​នៅ​តែ​រង​ឥទ្ធិពល​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ដដែល​ទេ មិន​អាច​ថម​ថយ​ទេ នៅ​មាន​​វិធានការ​ផ្សេងៗ​ទៀត លក្ខណៈ​ប្រឆាំង​ត្រៀម​លក្ខណៈ​សម្បត្តិមិន​ស្រួល​ហ្នឹង ទប់​មិន​ជាប់​ទេ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។ គណបក្ស​កាន់​អំណាច​ គេ​ធ្វើ​គ្រប់​វិធានការ​ហើយ ប៉ុន្តែ ការ​គាំ​ទ្រ​នៅ​មាន​កម្រិត មិន​អាច​គៀង​គរ​សំឡេង​បាន អាហ្នឹង​វិធីសាស្ត្រ​មួយ​ទៀត រាល់​គូ​បដិបក្ខ​ដែល​មាន​ឥទ្ធិពល​ គេ​ត្រូវ​តែ​បំបែក​ឥទ្ធិពល ឬ​ប្រជា​ប្រិយភា​ពី​គូ​ប្រជែង​ហ្នឹង​បាន គឺ​ជា​ភាព​ឈ្នះ​របស់​អ្នក​គ្រប់​គ្រង​ហើយ។ អានេះ​ជា​យុទ្ធ​សាស្ត្រ ហើយ​គណបក្ស​កាន់​អំណាច​​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង គេ​ហៅ​ថា បំបែក​បំបាក់ បង្រួប​បង្រួម បង្កើត​ថ្មី​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០​រហូត​ដល់​ឥឡូវនៅ​តែ​ជោគ​ជ័យ។ អញ្ចឹង​យុទ្ធសាស្ត្រ​ គេ​នៅ​តែ​ប្រើ​ដដែល​ទេ ខ្ញុំ​គិត​ថា​អញ្ចឹង”។

លោក ឯម សុវណ្ណរ៉ា ​វាយ​តម្លៃ​ថា បរិយាកាស​នយោបាយ​កម្ពុជា​ទាំង​នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត នឹង​មិន​ល្អ​ប្រសើរ​នោះ​ឡើយ ប្រសិនបើ​គណបក្ស​នយោបាយ​ណា​មួយ មិន​ចាត់​ទុក​បក្ស​នយោបាយ​មួយ​ទៀត​ជា​គូ​ប្រកួត​ ហើយ​ប្រកាន់​​គោលការណ៍​ចង់​កម្ទេច​គូ​ប្រកួត​នោះ។

ចំណែក​ឯ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ បាន​ជំរុញ​ទៅ​គណបក្ស​កាន់​អំណាច​ឲ្យ​កែ​លម្អ​ការ​ផ្ដល់​សេវា​បម្រើ​​ប្រជា​ពលរដ្ឋ ដែល​លោក​ថា វា​នឹង​ជួយ​ឲ្យ​គណបក្ស​នេះ​កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​​កាន់​តែ​ច្រើនពី​ប្រជា​ពលរដ្ឋ ជា​ជាង​តាម​យាយី​គណបក្ស​ប្រឆាំង៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required