ពលរដ្ឋថាត្រៀមខ្លួនស្លាប់លើដីមានជម្លោះជាមួយក្រុមហ៊ុនចិននៅកោះកុង

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:40 PM | បញ្ហា​វិវាទដីធ្លីសង្គមសិទ្ធិមនុស្ស | 0 | 5231 រូបភាពពីហ្វេសប៊ុកលោក យួន ឈីវ

ប្រជាពលរដ្ឋរស់នៅស្រុកគិរីសាគរខេត្តកោះកុងដែលចោទថា ក្រុមហ៊ុនចិនរំលោភបំពានយកដីរបស់ពួកគាត់នោះបញ្ជាក់ជំហរថា ត្រៀមខ្លួនដុតគ្រឿងចក្រក្រុមហ៊ុន និងតតាំងដល់ស្លាប់នៅនិងកន្លែង។​

អ្នកស្រី ពឿង លួង  លើកឡើងថា កាលពីម្សិលមិញ ក្រុមហ៊ុនបានយក កម្លាំងសន្តិសុខចំនួន ២០ នាក់ និងគ្រឿងចក្រចំនួន ២ គ្រឿង មកឈូសឆាយដំណាំ និងដីភូមិរបស់គាត់ ទាំងមិនទាន់បានដោះស្រាយសំណងជាមួយពួកគាត់។ អ្នកស្រីបន្តថា កន្លងមក ម្ចាស់ក្រុមហ៊ុនតែងតែបង្ខំឲ្យទទួលយកសំណង។

អ្នកស្រីថា៖«ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច សុខចិត្តនៅលើផ្ទះប្ដូរស្លាប់នៅហ្នឹងម៉ង់ បើសិនជាមិនឲ្យសំណងដល់តម្លៃ សុខចិត្តស្លាប់នៅហ្នឹង»។

លោកណៃ វិបុល កំពុងមានជម្លោះដីធ្លីដែរនោះ​ថ្លែងថា ថ្មីៗនេះម្ចាស់ក្រុមហ៊ុន គំរាមនិងបង្ខំឲ្យពួកគាត់ទទួលយកសំណងចំនួន ៣ ម៉ឺនដុល្លារ ដែលក្រុមហ៊ុននេះបានកំណត់ ប៉ុន្តែពួកគាត់មិនព្រមទទួលយក ដោយសារ សំណង់នោះតិចពេក។

លោកថា៖«វាគំរាមថា បើសិនជាយើងមិនចូលទៅជួបវាទេ វាអត់មានមកលើកទី២ ទេ វាយកគ្រឿងចក្រមកឈូសហើយ វាបង្ខំឲ្យយើងយកសំណង​មិនសមរម្យ។ ខ្ញុំមិនយកទេ ទទួលយកទាល់តែសំណងនឹងសមរម្យរបស់ខ្ញុំ បានខ្ញុំទៅបាន បើមិនអញ្ចឹងខ្ញុំមិនទៅជាដាច់ខាត ដីខ្ញុំ ៧ ហិកតា ហើយមានដំណាំពេញទាំងអស់»។

អ្នកទាំងពីរថ្លែងថា បើមានការឈូសឆាយជាថ្មីទៀត ពួកគេត្រៀមដុតបំផ្លាញគ្រឿងចក្រ និងតតាំងទោះស្លាប់ខ្លួនក៏ដោយ។​

មេឃុំកោះស្ដេច លោក សុខ ចេង មានប្រសាសន៍ថា លោកកំពុងដោះស្រាយជាមួយក្រុមហ៊ុន។

លោកថា៖«ខ្ញុំក៏បានទំនាក់ទំនងជាមួយក្រុមហ៊ុនដែរ ខ្ញុំថាដោះស្រាយឲ្យគាត់ទៅ ទោះបីជាតម្លៃដែលថាគាត់មិនសមក៏ដោយ យើងក៏មើលទៅតាមលទ្ធភាពជាក់ស្ដែង ព្រោះថាដីគាត់ធំ ដីគាត់អី យើងឡើងចុះឲ្យគាត់ទៅខ្ញុំថាចឹង»។

អគ្គនាយករងក្រុមហ៊ុន​ញូញៀន លោក ជាំង ឡាង ប្រាប់ថា ជាប់រវល់មិនបានឆ្លើយតបករណីនេះទេ។​

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០០៨ មាន​ផ្ទៃ​ដី ៣​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ ដំបូងឡើយប៉ះពាល់ពលរដ្ឋជាង៣០០គ្រួសារ ក្រោយមកមានការដោះស្រាយជាបន្តបន្ទាប់ ហើយនៅសល់តែ១០គ្រួសារទៀតដែលមិនទាន់ទទួលសំណង។​

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required