ក្រុមអ្នកច្បាប់អន្ដរជាតិស្នើរដ្ឋាភិបាលកាណាដាដាក់សម្ពាធលើកម្ពុជា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 1:32 PM | សិទ្ធិមនុស្ស | 0 | 1771 លោក សុខ ឥសាន (រូបពី វិទ្យុអាស៊ីសេរី)

ក្រុមអ្នកច្បាប់អន្ដរជាតិបានរិះគន់ជាថ្មីថា រដ្ឋាភិបាលទីក្រុងភ្នំពេញកំពុងប្រើច្បាប់នៅក្នុងផ្លូវខុស និងស្នើទៅរដ្ឋាភិបាលកាដាណា ចូលរួមដាក់សម្ពាធឲ្យកម្ពុជាងាកមកគោរពច្បាប់ និងសិទ្ធិមនុស្ស។

ថ្លែងនៅចំពោះមុខអនុគណៈកម្មាធិការសភាកាណាដា កាលចុងខែមីនាកន្លងទៅ គណៈកម្មាការអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) បានផ្ដល់សក្ខីកម្មជាថ្មី អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធច្បាប់ក្នុងផ្លូវខុស ជាលេសដើម្បីកម្ចាត់សំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាននៅមុនការបោះឆ្នោត។

គណៈកម្មាការអ្នកច្បាប់អន្ដរជាតិ គឺជាស្ថាប័នបង្កើតឡើងដោយក្រុមចៅក្រម និងមេធាវី កាលពីឆ្នាំ១៩៥២ ដើម្បីជំរុញការអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវនៅទូទាំងពិភពលោក។ ស្ថាប័នមួយនេះ មានស្នាក់ការនៅទីក្រុងសឺណែវ ប្រទេសស្វីស ហើយមានសមាជិកមកពីប្រទេសចំនួន៧០។​

គណៈកម្មាការអ្នកច្បាប់អន្ដរជាតិ ក៏លើកឡើងអំពីករណីពិសេសមួយចំនួន ដូចជា ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ “NDI” ការបិទកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី ការចាប់ខ្លួនអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា ទាំងកណ្ដាលយប់ ការរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស  និងផ្អាកដំណើរការបណ្ដោះអាសន្នលើអង្គការសមធម៌កម្ពុជា។

ក្រុមអ្នកច្បាប់អន្ដរជាតិក៏រិះគន់ជាថ្មី អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដាក់ទណ្ឌអ្នកប្រមាថព្រះមហាក្សត្រ ដោយថា បានបន្ថែមបន្ទុកលើពលរដ្ឋកម្ពុជា ឲ្យតម្កល់ផលប្រយោជន៍ជាតិជាធំ។ គណៈកម្មាការអ្នកច្បាប់អន្ដរជាតិបន្ដថា មូលហេតុដែលរដ្ឋាភិបាលរបស់លោក ហ៊ុន​ សែន អាចធ្វើអ្វីស្រេចតែចិត្តនេះ គឺមកពីស្ថាប័នតុលាការមិនឯករាជ្យ និងគ្មានតុល្យភាពនៃអំណាច។

គណៈកម្មាការអ្នកច្បាប់អន្ដរជាតិស្នើឲ្យកាណាដា ចូលរួមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែច្បាប់ទាំងអស់ ដែលមិនស្របតាមបទដ្ឋាននៃច្បាប់អន្ដរជាតិ និងឲ្យអតីតគណបក្សប្រឆាំង បានចូលរួមការបោះឆ្នោតឡើងវិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងនេះ ដោយថា គ្រាន់ជាការបញ្ចេញទស្សនៈមួយ និងមានភាពលម្អៀងនយោបាយ។

លោកថា៖ «អាហ្នឹង វាជាមតិយោបល់របស់គាត់ដោយលម្អៀងខាងនយោបាយទេ យើងក៏មានចម្ងល់ហេតុអ្វីគាត់កាន់យើងអតីតបក្សប្រឆាំង ដែលរំលោភច្បាប់ធ្ងន់ធ្ងររបស់កម្ពុជា ការមានមតិរបស់គាត់ហ្នឹង គឺជាការលូកដៃកិច្ចការផ្ទៃក្នុងកម្ពុជា រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ រំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ យល់ថា កាដាណា មិនមានឥទ្ធិពលអ្វីអាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្ដូរជំហរឡើយ។ ប៉ុន្ដែ លោកវិភាគថា ប្រទេសមួយនេះ អាចដាក់សម្ពាធការទូតលើកម្ពុជា និងថា ជម្រើសចុងក្រោយ គឺអាចប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនាពេលខាងមុខ ដោយថា ធ្វើឲ្យការបោះឆ្នោតនោះ ប្រែជាឥតន័យ ពុំអាចទទួលយកបាន។

លោកថា៖ «ជាទូទៅ អន្ដរជាតិ ឬប្រទេសកាណាដា អូស្ដ្រាលី ឬប្រទេសផ្សេងៗ ទី១ គាត់អត់មានសិទ្ធិអីមកបញ្ជាលើរដ្ឋាភិបាលកម្ពុជាទេ ព្រោះកម្ពុជា មានអធិបតេយ្យភាពពេញលេញ ជារដ្ឋមួយឯករាជ្យ ក៏ប៉ុន្ដែជាទូទៅ អន្ដរជាតិ ប្រទេសមហាអំណាច គេអាចធ្វើរឿងពីរសំខាន់ៗ ទី១ គឺគេអាចដាក់សម្ពាធការទូត ចំណុចទី២ គឺចំណុចចុងក្រោយ ​ក្រៅពីមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ នៅពេលគេមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ការបោះឆ្នោតហ្នឹង នឹងក្លាយទៅជារឿងដែលឥតន័យ ហើយចាត់ចូលថា មិនស្របច្បាប់»។

កាលពីថ្ងៃទី២១ មីនាកន្លងទៅ ប្រទេសចំនួន៤៥ ​នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្កោលទោស​រដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខនេះ ដោយថា ការបោះឆ្នោត នឹងពុំអាចទទួលបានទេ បើគ្មានអតីតបក្សប្រឆាំងដ៏ធំចូលរួម។

បន្ថែមលើសពីនេះ កាលពីថ្ងៃទី២៨មីនា សហភាព​អន្តរ​សភា IPU ដែលមានសមាជិក១៧៣ប្រទេស បាន​ថ្កោល​ទោស​ជា​ថ្មី​លើ​រដ្ឋាភិបាល​កម្ពុជា និង​បាន​​ជំរុ​ញ​​ឲ្យ​​ផ្ដល់​សិទ្ធិធ្វើ​នយោ​បា​យ ដល់​អតីត​បក្ស​ប្រឆាំងស្របតាមគោលការណ៍ប្រជាធិបតេយ្យ​៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required