សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២៧នាក់ និង​គ្រោង​បញ្ជូន​ទៅស្រុក​វិញ​នៅសប្ដាហ៍​ក្រោយ​

ជនជាតិវៀតណាមដែលត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​កាលពីកន្លងទៅ (រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

សមត្ថកិច្ចកាលពីម្សិលមិញបានឃាត់ខ្លួនជនជាតិវៀតណាមសរុប២៧នាក់ដែលរស់នៅដោយខុសច្បាប់នៅរាជធានីភ្នំពេញ ដោយសមត្ថកិច្ចអះអាងថាកំពុងត្រៀមបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញនៅសប្ដាហ៍ក្រោយ។

ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា អាជ្ញាធរបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៧នាក់ ស្រី២នាក់ ដោយបញ្ជាក់ថាអ្នកទាំង២៧នាក់បានលួចឆ្លងដែនមកធ្វើជាកម្មករលក់អេតចាយ និងជាជាងឈើ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានឲ្យដឹងដែរថា ក្នុងនោះ ជនជាតិវៀតណាម១៨នាក់(ស្រីម្នាក់) ត្រូវបានឃាត់ខ្លួននៅភូមិបឹងឈូក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ៦នាក់(ស្រីម្នាក់) ត្រូវបានឃាត់ខ្លួននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង៣នាក់ទៀតត្រូវបានឃាត់ខ្លួននៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា បានប្រាប់វីអូឌីឲ្យដឹងបន្ថែមថា ជនជាតិវៀតណាមទាំង២៧នាក់បានចូលមករស់នៅ និងធ្វើការដោយមិនមានលិខិតឆ្លងដែន ដោយលោកថា អគ្គនាយកដ្ឋាននឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីបញ្ជូនពួកកេទៅស្រុកវិញនៅសប្តាហ៍ក្រោយ។

លោកបានបញ្ជាក់បន្ថែមថា “អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើទៅក្រសួងមហាផ្ទៃដើម្បីប្រកាសថា   បណ្តេញពួកគាត់ចេញយ៉ាងយូរមួយសប្តាហ៍ទៀតយើង នឹងបណ្តេញពួកគាត់ចេញព្រះជាណាចក្រកម្ពុជា”

បើតាមលោក អ៊ុក ហៃសិលា ក្នុងឆ្នាំ២០១៥ មានជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ដែលអគ្គនាយកដ្ឋានបានឃាត់ខ្លួនចំនួន៦៩៧៨នាក់ ស្រី៩១៨នាក់ មាន៤៩សញ្ជាតិ ក្នុងនោះភាគច្រើនមានជាជនជាតិវៀតណាមដែលមានចំនួន៦២៧៥នាក់ ស្រីចំនួន៨៦៤នាក់។ លោកបន្ថែមថា ចាប់ពីដើមឆ្នាំ២០១៦ មកដល់ពេលនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជូនជនបរទេសអន្តោប្រវេសន៍ចំនួន១៤៦៦នាក់ ស្រី១៩៧នាក់ មាន៣២សញ្ជាតិ ក្នុងនោះមានភាគច្រើនជាជនជាតិវៀតណាមដោយមានចំនួន៨១៣នាក់ ស្រី១៨៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ