ពួក​ឧទ្ទាម​អ៊ីស្លាម​ហ្វីលីពីន​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​ថ្មី

កងទ័ពជើងទឹកហ្វីលីពីនបានល្បាតលើផ្លូវធំមួយនៅលើកោះមិនដាណាវ (រូបភាពពី Bangkok Post)

ក្រុមឧទ្ទាមបំបែកខ្លួននៅក្នុងប្រទេសហ្វីលីពីនបានបញ្ចេញសារព្រមានថ្មីមួយទៀតកាលពីថ្ងៃអង្គារម្សិលមិញ ដោយបានគំរាមកំហែងសម្លាប់ចំណាប់ខ្មាំង៣នាក់ បន្ទាប់ពីពួកគេបានកាត់ក្បាលចំណាប់ខ្មាំងមួយរូបកាលពីជាង១សប្ដាហ៍មុន។

កងទ័ពជើងទឹកហ្វីលីពីនបានល្បាតលើផ្លូវធំមួយនៅលើកោះមិនដាណាវ ស្ថិតនៅភាគខាងត្បូងរបស់ហ្វីលីពីន ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១០កន្លងមក ខណៈដែលពួកគេបន្តប្រមាញ់ពួកឧទ្ទាម។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាមនុស្ស៣នាក់ក្នុងនោះមានជនជាតិកាណាដា ជនជាតិណ័រវេ និងហ្វីលីពីនបានអំពាវនាវរកការជួយសង្គ្រោះពីប្រទេសហ្វីលីពីននិងរដ្ឋាភិបាលកាដាណា តាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះចូលប្រព័ន្ធ YouTube កាលពីថ្ងៃអង្គារម្សិលមិញ។

បុរសជនជាតិកាណាដាឈ្មោះ Robert Hall បាននិយាយក្នុងវីដេអូនោះថាជនចំណាប់ខ្មាំងបានប្រាប់លោកឲ្យប្រាប់ទៅរដ្ឋាភិបាលហ្វីលីពីនធ្វើតាមការទាមទាររបស់ពួកគេ ប៉ុន្តែពុំបានបញ្ជាក់ថាពួកឧទ្ទាមចង់បានអ្វីឲ្យប្រាកដនោះឡើយ។

ក្រុមអាប៊ូសាយយ៉ាស់ដែលមានមូលដ្ឋាននៅភាគខាងត្បូងហ្វីលីពីនបានប្រកាសកាលពីសប្ដាហ៍មុនថា ពួកគេបានសម្លាប់ចំណាប់ខ្មាំងជនជាតិកាណាដាម្នាក់ឈ្មោះ John Ridsdel នៅពេលឱសានវាទបានកន្លងផុតទៅកាលពីថ្ងៃទី២៥ខែមេសាកន្លងមកនេះ។

ចំណែកឯបុរសជនជាតិណ័រវេសនិងនារីជនជាតិហ្វីលីពីនដែលជាមិត្តស្រីរបស់លោក Robert Hall ក៏បានអំពាវនាវទៅដល់រដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។

វីដេអូនោះបានបង្ហាញពួកគេអង្គុយនៅលើដីស្ថិតនៅក្នុងចម្ការដូងមួយកន្លែងនិងមានខ្មាន់កាំភ្លើង៦នាក់ឈរនៅពីក្រោយពួកគេ។

ប្រធានាធិបតីហ្វីលីពីន លោក បេនីកណូ អាហ្គីណូ (Benigno Aquino) បានប្ដេជ្ញាកម្ទេចពួកខ្មាន់កាំភ្លើង ហើយរដ្ឋាភិបាលរបស់លោកនឹងមិនចរចាជាមួយក្រុមនេះឡើយ ដោយបានចាត់ពួកគេជាអង្គការភេរវកម្ម។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ក៏បាននិយាយផងដែររដ្ឋាភិបាលរបស់លោកនឹងមិនចរចាជាមួយក្រុមឧទ្ទាមនេះផងដែរ។

លោក អាហ្គីណូ បាននិយាយថាក្រុម អាប៊ូ សាយយ៉ាស់ បានចាប់ចំណាប់ខ្មាំងទាំង៣នាក់ឃុំទុកនៅលើកោះ ចូឡូ ដែលស្ថិតនៅចម្ងាយជាង១០០០គីឡូម៉ែត្រពីទីក្រុងម៉ានីល៕

ប្រភព៖ Bangkok Post

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ