ប្រធានACUថា​លោក កឹម សុខា មិនអាចត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហា

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីកន្លងទៅ​

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងមិនអាចប្រឈមនឹងការចោទប្រកាន់ឬចាប់ខ្លួននោះទេ បើទោះបីក្នុងករណីលោកត្រូវបានតុលាការរកឃើញថាប្រព្រឹត្តកំហុសនៅក្នុងសំណុំរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយនិងប្តឹងផ្តល់។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍PNNនៅថ្ងៃពុធនេះ លោក ឱម យ៉ិនទៀង បានថ្លែងថាលោក កឹម សុខា នឹងមិនអាចប្រឈមនឹងការចោទប្រកាន់ឬការចាប់ខ្លួននោះទេ ដោយសារលោកមានអភ័យឯកសិទ្ធិ។ លោកបន្តថាការដែលតុលាការកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺ ដោយសារតែតុលាការរកឃើញថាមានឈ្មោះលោកពាក់ព័ន្ធនឹងករណីនេះ។

លោកបញ្ជាក់ថា៖ “យើងខ្ញុំគ្មានសិទ្ធិចោទប្រកាន់ទេ ព្រោះអីគាត់ជាតំណាងរាស្រ្ត ឯតុលាការក៏គ្មានសិទ្ធិចោទប្រកាន់គាត់ដែរ ប៉ុនគាត់ឃើញឈ្មោះនៅក្នុងហ្នឹង គាត់កោះហៅមកបំភ្លឺអ្ហេ។ ឧទាហរណ៍លោក កឹម សុខា គាត់មកតុលាការ ឆ្លើយបំភ្លឺថាគាត់ខុសអញ្ចឹងមែន គេតេអញ្ចឹងមែន ក៏តុលាការអត់ចោទផង ឲ្យគាត់ទៅវិញបាត់ បើគាត់ឆ្លើយថាអត់ទេ ក៏មិនដឹងធ្វើអីគាត់ដែរ ពីព្រោះគាត់មានអភ័យឯកសិទ្ធិ ប៉ុនបើថ្ងៃណា គាត់អស់អភ័យឯកសិទ្ធិ ជារឿងផ្សេង”

លោក យ៉ិនទៀង បានពន្យល់បន្ថែមថាប្រសិនបើតុលាការរកឃើញថាលោក កឹម សុខា ប្រព្រឹត្តបទល្មើស ក្នុងសំណុំរឿងនេះ តុលាការនឹងមិនហ៊ានចោទប្រកាន់នោះទេ ដោយត្រូវស្នើទៅរដ្ឋសភាសុំព្យួរឯកសិទ្ធិដែលការស្នើនេះត្រូវការសំឡេងពីរភាគបី(៨២សំឡេង)នៃសមាជិកសភា១២៣រូប។ គណបក្សប្រជាជនកម្ពុជាមាន៦៨រូបហើយបក្សសង្រ្គោះជាតិមាន៥៥រូប។

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានប្រាប់តុលាការថាមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានប្តឹងរូបលោកដោយទាមទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ។ កញ្ញាធ្លាប់អះអាងថាមិនដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោកកឹម សុខា ដូចការបែកធ្លាយខ្សែអាត់សំឡេងសន្ទនា ដែលគេបង្ហោះតាមបណ្តាញសង្គមនោះទេ។

តុលាការបានហៅ លោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១១ ខែឧសភានិងតំណាងរាស្រ្តបក្សប្រឆាំងពីររូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវកោះអញ្ជើញឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា។

នៅថ្ងៃពុធនេះ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយសមាជិកសភាបក្សប្រឆាំងសម្រេចមិនឲ្យតំណាងរាស្រ្ត៣រូបចូលបំភ្លឺតាមការកោះហៅ ដោយលើកឡើងថាចំណាត់ការនេះបំពានអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”

អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា មានប្រសាសន៍ថាតុលាការនឹងមានចំណាត់ក្រោយទៀត នៅពេលតំណាងរាស្រ្តមិនចូលបំភ្លឺតាមពេលវេលានៃការកោះហៅ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការអ្វីឡើយ។ លោកបន្តថាចំណាត់ការកោះហៅតំណាងរាស្រ្តគឺត្រឹមត្រូវតាមនីតិវិធី។ លោកបញ្ជាក់ថា៖ “វាជាសិទ្ធិអំណាចរបស់តុលាការ គ្រប់បុគ្គលទាំងអស់ដែលតុលាការគិតថាមានប្រយោជន៍សម្រាប់ដំណើរការរឿងក្តី។ ការកោះអញ្ជើញជារឿងត្រឹមត្រូវ តាមនីតិវិធី”

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួង លោក ជិន ម៉ាលីន មានប្រសាសន៍ថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្តចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។ លោកបញ្ជាក់ថា៖ “តាមច្បាប់ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមសហការពីដំណើរការស្វែងរកការពិត”។ លោកបន្តថាដោយសារតំណាងរាស្រ្តទាំងបីរូបមិនទាន់ត្រូវបានចោទប្រកាន់ ឃាត់ខ្លួនឬចាប់ខ្លួនអ្វីនោះទេ ដូច្នេះនីតិវធី គឺតុលាការអាចកោះហៅសាកសួរបាន ដោយមិនគិតពីអភ័យឯកសិទ្ធិ។

លោក ម៉ាលីន ឲ្យដឹងទៀតថានៅពេលមានការចោទប្រកាន់តំណាងរាស្រ្ត ទើបអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តត្រូវបានយកមកពិចារណា។ លោកមិនទាន់អាចប្រាប់ពីនីតិវិធីបន្តបន្ទាប់ នៅពេលតំណាងរាស្រ្តត្រូវបានតុលាការចោទប្រកាន់នោះទេ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ