ACUកំពុងស៊ើបរកមនុស្សមួយចំនួនទៀតពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់សាក្សីឲ្យ​ផ្តល់ចម្លើយ​កុហក

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង

 

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាអង្គភាពកំពុងតាមដានមនុស្សមួយចំនួនទៀតពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់ ឲ្យសាក្សីផ្តល់ចម្លើយកុហកទៅតុលាការ ខណៈរហូតមកដល់ពេលនេះមានមនុស្ស៧នាក់ហើយដែលត្រូវបានចោទប្រកាន់ហើយក្នុងនោះ៦នាក់កំពុងជាប់ពន្ធនាគារ។

មន្រ្តីអាដហុក៤នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី  ដោយACUថាបានធ្វើឲ្យអំពើសូកប៉ាន់សាក្សីនេះបានសម្រេច។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។  ចំណែកមេឃុំរបស់គណបក្សសម រង្ស៊ី លោក ស៊ាង ចែត ក៏ត្រូវបានចោទប្រកាន់ ដោយតុលាការរកឃើញថាមេឃុំរូបនោះយកប្រាក់៥០០ដុល្លារទៅឲ្យម្តាយកញ្ញាស្រីមុំ ជាថ្នូរកុំឲ្យនិយាយរឿងពិតពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍PNNនៅថ្ងៃពុធនេះ លោក ឱម យ៉ិនទៀង បានថ្លែងថាចំណាត់ការរបស់ACUផ្អែកលើភស្តុតាងទាំងស្រុង។ លោកបានបន្ថែមថាអង្គភាពកំពុងតាមដានមនុស្សមួយចំនួនទៀតដែលលោកអះអាងថាពាក់ព័ន្ធនឹងករណីនេះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះមនុស្សទាំងនោះទេ។ លោកមានប្រសាសន៍ថា៖ “មានឈ្មោះមួយចំនួនទៀត យើងខ្ញុំអត់មានរាយនៅក្នុងរបាយការណ៍សំយោគសោះ តុលាការអត់ទាន់ឃើញឈ្មោះអស់ហ្នឹងដែរ ហើយយើងខ្ញុំត្រូវការតាមមើលថែមទៀតដែរ ហើយបើសិនមានបញ្ហាជាប់ យើងធ្វើទៀត”

លោក យ៉ិនទៀង ក៏បានច្រានចោលការលើកឡើងថាអង្គភាពបានចោទប្រកាន់មន្រ្តីសង្គមស៊ីវិលពីរឿងសំណូក២០៤ដុល្លារ ដែលសមាគមអាដហុកផ្តល់ឲ្យកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ តាមការស្នើសុំរបស់នាង ក្នុងការធ្វើដំណើរ ថ្លៃម្ហូបអាហារនិងថ្លៃស្នាក់នៅនោះទេ។ លោកបញ្ជាក់ថា៖ “ហ្នឹងហើយជាការលាបពណ៌ ហ្នឹងហើយជាការបំពុលសាធារណមតិ យើងខ្ញុំមិនបាននិយាយថាអាដហុកចាយលុយ២០៤ដុល្លារឲ្យទៅស្រីមុំជាអំពើសូកប៉ាន់ទេ យើងខ្ញុំមិនដែលថាទេ។ មេធាវីគាត់អានសំណុំរឿងយើងខ្ញុំច្បាស់ទៀត នៅតែមូលបង្កាច់យើងខ្ញុំទៀត អាហ្នឹងយើងនឹងនិយាយគ្នាក្រោយទៀត អំពីបញ្ហាខ្លួននិយាយអត់មានការពិត”។ លោកមានប្រសាសន៍បន្ថែមថា៖ “លោក នី សុខា ដែលជាប្អូនបង្កើតរបស់លោក នី ចរិយា នៅសល់មួយទៀត ដែលស្រីមុំត្រូវឡើងទៅតុលាការ គាត់បានហៅស្រីមុំមក សង្កត់ ធ្វើម៉េចឲ្យផ្តល់សក្ខីកម្មភូតកុហក ហើយនៅតែសន្យាឲ្យសំណូករបស់គាត់ដដែល”

លោក យ៉ិនទៀង បញ្ជាក់ថាករណីលោក សឺន សាលី តុលាការជាអ្នកចាត់ការបន្ត ដោយលោកថាករណីនេះរួចពីដៃរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

អង្គការតម្លាភាពអន្តរជាតិបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិ ដោយថាអង្គភាព”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។

លោកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova)អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “អង្គការតម្លាភាពអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវការជ្រៀតជ្រែកផ្នែកនយោបាយនិងការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សនិងអ្នកប្រឆាំងអំពើពុករលួយ”

លោក យ៉ិនទៀង បានចាត់ទុកនេះជាការមូលបង្កាច់និងលាបពណ៌មួយ ដោយលោកព្រមានឲ្យមានការប្រុងប្រយ័ត្នថា”កុំបង្ហាញថាខ្លួនជាបក្សពួកនិងសមគំនិត”ក្នុងករណីនេះ។

គួរបញ្ជាក់ថាចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឡើងបន្ទាប់ពីកញ្ញាស្រីមុំបានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ