មន្រ្តីក្រសួងយុត្តិធម៌ឲ្យ​សមាជិក​សភា​បក្ស​ប្រឆាំង​ប្រយ័ត្នប្រយែងនឹង​ការ​រិះគន់ចំណាត់ការតុលាការ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិដែលថាការកោះអញ្ជើញតំណាងរាស្រ្តចូលបំភ្លឺនៅតុលាការជាការរំលោភបំពានអភ័យឯកសិទ្ធិសមាជិកសភា ជា”សេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់”និងស្នើឲ្យក្រុមតំណាងរាស្រ្តប្រុងប្រយ័ត្ននឹងចំណាត់ការផ្លូវច្បាប់លើការរិះគន់ចំណាត់ការរបស់ស្ថាប័នតុលាការ។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”។ បើតាមសេចក្តីថ្លែងការណ៍ ក្រុមសមាជិកសភាបក្សប្រឆាំងក៏បានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការចេញដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិពីសំណាក់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ហើយត្រូវគោរពរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “១-ដីកាកោះរបស់អយ្យការ៖ ជាដំណាក់កាលស៊ើបអង្កេតបឋមរបស់អយ្យការ មុននឹងដល់ដំណាក់កាលចោទប្រកាន់ឬតម្កល់រឿងទុកឥតចាត់ការ(មាត្រា៤០ក្រមនីតិវិធីព្រហ្មទណ្ឌ) ២-រដ្ឋធម្មនុញ្ញមាត្រា៨០៖ អភ័យឯកសិទ្ធិសភា គឺគិតពីដំណាក់កាលចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន (បទល្មើសមិនជាក់ស្តែង)”។ លោកបញ្ជាក់ថា៖ “ការកោះហៅរបស់ស្ថាប័នអយ្យការលើបុគ្គលណាម្នាក់ គឺពុំមែនជាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួននោះទេ។ ឆ្លងតាមអត្ថបទច្បាប់ទាំងពីរខាងលើនេះ តើចំណុចណាដែលបង្ហាញពីការប្រើអំណាចរំលោភបំពានលើអភ័យឯកសិទ្ធិ ពីសំណាក់ស្ថាប័នអយ្យការ”?

លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា៖ “មិននឹកស្មានថា ក្នុងនាមក្រុមសមាជិកសភាគណបក្សមួយ អាចធ្វើសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់បែបនេះ!លើសពីនេះសូមរំឭកថាសូមមានការប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយ ធ្វើអត្ថាធិប្បាយឬធ្វើសេចក្តីថ្លែងការណ៍នានាទាក់ទងនឹងចំណាត់ការរបស់ស្ថាប័នតុលាការ ព្រោះអាចប្រឈមមុខនឹងផ្លូវច្បាប់!(សូមពិនិត្យមាត្រា៥២២និង៥២៣នៃក្រមព្រហ្មទណ្ឌ)”

មាត្រា៥២២នៃក្រមព្រហ្មទណ្ឌចែងថាការផ្សព្វផ្សាយមុនសេចក្តីសម្រេចជាស្ថាពររបស់តុលាការ នូវអត្ថាធិប្បាយដោយមានគោលដៅធ្វើការគាបសង្កត់ទៅលើតុលាការដែលទទួលពាក្យបណ្តឹង ដើម្បីជះឥទ្ធិពលទៅលើសេចក្តីសម្រេចរបស់តុលាការ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១០ម៉ឺនទៅ១លានរៀល។ ចំណែកមាត្រា៥២៣ចែងថាអំពើរិះគន់លិខិតឬសេចក្តីសម្រេចរបស់តុលាការ ក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈឬក៏បង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនទៅ១លានរៀល។

Kem Santepheapគួររំឭកថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។

ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថាតំណាងរាស្រ្តទាំងបីរូបនឹងមិនចូលបំភ្លឺតាមការកោះអញ្ជើញនោះទេ។

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួង លោក ជិន ម៉ាលីន មានប្រសាសន៍ថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្តចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។ លោកបញ្ជាក់ថា៖ “តាមច្បាប់ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមសហការពីដំណើរការស្វែងរកការពិត”។ លោកបន្តថាដោយសារតំណែងរាស្រ្តទាំងបីរូបមិនទាន់ត្រូវបានចោទប្រកាន់ ឃាត់ខ្លួនឬចាប់ខ្លួនអ្វីនោះទេ ដូច្នេះនីតិវធី គឺតុលាការអាចកោះហៅសាកសួរបាន ដោយមិនគិតពីអភ័យឯកសិទ្ធិ។

លោក ម៉ាលីន ឲ្យដឹងទៀតថានៅពេលមានការចោទប្រកាន់តំណាងរាស្រ្ត ទើបអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តត្រូវបានយកមកពិចារណា។ លោកមិនទាន់អាចប្រាប់ពីនីតិវិធីបន្តបន្ទាប់ នៅពេលតំណាងរាស្រ្តត្រូវបានតុលាការចោទប្រកាន់នោះទេ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានអភ័យឯកសិទ្ធិ ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ