ក្រសួងយុត្តិធម៌ការពារ​ចំណាត់ការផ្លូវច្បាប់​​លើ​សង្គមស៊ីវិល​និងអ្នកនយោបាយ​នៅចំពោះមុខ​ប្រតិភូសហភាពអឺរ៉ុប

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៩(រូបថតពីហ្វេសប៊ុក​របស់លោក​ ជិន ម៉ាលីន)

មន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារ បានធ្វើបទបង្ហាញមួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមន្រ្តីរដ្ឋាភិបាលលើកឡើងថាសហភាពអឺរ៉ុបបានបង្ហាញពី”ក្តីបារម្ភ”លើការចាប់ខ្លួនតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សកម្មជននយោបាយនិងមន្រ្តីសិទ្ធិមនុស្សផ្សេងៗទៀត។

លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃអង្គារ បានដឹកនាំមន្រ្តីជំនាញរបស់លេខាធិការដ្ឋានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបដែលធ្វើឡើងចាប់ពីថ្ងៃទី២-៤ ខែឧសភា នៅក្រសួងការបរទេសកម្ពុជា។ លោកមានប្រសាសន៍ថាលោកបានធ្វើបទបង្ហាញមួយជូនដល់គណៈប្រតិភូសហភាពអឺរ៉ុបស្តីអំពីវឌ្ឍនភាពនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រមទាំងពន្យល់ពីយន្តការនៃការអនុវត្តច្បាប់ចំពោះសមាជិកសភា សកម្មជននយោបាយនិងសង្គមស៊ីវិល។ លោកបញ្ជាក់ថាបទបង្ហាញនេះមិនមែនជាការស្នើសុំរបស់គណៈប្រតិភូសហភាពអឺរ៉ុបនោះទេ តែលោកថាគ្រាន់តែការលើកឡើងពីវិវត្តរបស់ប្រព័ន្ធច្បាប់នៅកម្ពុជា។ លោកបញ្ជាក់ថាសហភាពអឺរ៉ុបបានស្វាគមន៍ចំពោះការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តែបានបង្ហាញក្តីបារម្ភទៅលើស្ថានភាពបច្ចុប្បន្ននៃការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស សមាជិកសភា ព្រឹទ្ធសភានិងសកម្មជននយោបាយ។

លោកមានប្រសាសន៍ថា៖ “គេទទួលព័ត៌មានហ្នឹងតាមសារព័ត៌មាន អញ្ចឹងគេបង្ហាញនូវក្តីបារម្ភរបស់គេ គេមិនបានដាក់សម្ពាធឬស្នើសុំអ្វីទេ”។ លោកបន្ថែមថាសហភាពអឺរ៉ុបបានស្នើឲ្យមានការអនុវត្តច្បាប់ឲ្យ”ស្មើភាពគ្នា មានតម្លាភាពនិងមិនមានការរើសអើង”។

វីអូឌីមិនអាចសុំការឆ្លើយតបពីសហភាពអឺរ៉ុបបាននៅឡើយទេ។ កិច្ចប្រជុំនេះនឹងត្រូវបញ្ចប់នៅរសៀលថ្ងៃពុធនេះ។ រហូតមកដល់ពេលនេះស្ថានទូតមួយចំនួនប្រចាំប្រទេសកម្ពុជា រួមមានស្ថានទូតអាមេរិកនិងសហភាពអឺរ៉ុប បានបង្ហាញក្តីបារម្ភលើស្ថានភាពនយោបាយចុងក្រោយនៅប្រទេសកម្ពុជា។ ពួកគេកំពុងតែតាមដានការចោទប្រកាន់មន្រ្តីសិទ្ធិមនុស្សអាដហុកដោយយកចិត្តទុកដាក់។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបធ្វើឡើងក្នុងរយៈពេលពីរឆ្នាំម្តង។ កាលពី២ឆ្នាំមុន កិច្ចប្រជុំនេះធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។

កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះ។

ចំណែកអ្នកនយោបាយបក្សប្រឆាំងមួយចំនួនកំពុងតែប្រឈមមុខនឹងការចាប់ខ្លួននិងការចោទប្រកាន់របស់តុលាការ រួមមានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីនិងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺទាក់ទងនឹងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដែលបានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ