អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថាវិធានការច្បាប់ពេលនេះ «ដូចបាយឡុក បាយឡ»

អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូបបានរិះគន់ថាការអនុវត្តច្បាប់បច្ចុប្បន្ននេះដូចបាយឡុកបាយឡ ខណៈតុលាការសម្រេចឲ្យឃុំខ្លួនតំណាងរាស្ត្របក្សប្រឆាំងនិងចេញដីកាកោះហៅលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀតឲ្យចូលបំភ្លឺ ទាំងមិនដកអភ័យឯកសិទ្ធិ។

នៅពេលថ្មីៗនេះសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ និងតំណាងរាស្ត្រគណបក្សង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសរទាំងមិនដកអភ័យឯកសិទ្ធិ បន្ទាប់ពីអ្នកទាំងពីររិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែនជាមួយរៀតណាម។

ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀតមានលោក តុ វ៉ាន់ចាន់ (តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល) និងលោក ពិន រតនា (តំណាងរាស្រ្តមណ្ឌលបាត់ដំបង) ត្រូវបានតុលាការកោះហៅទាំងមានអភ័យឯកសិទ្ធិឲ្យចូលបំភ្លឺនៅពាក់កណ្តាលខែឧសភានេះ ទាក់ទិននឹងបណ្តឹងពីរផ្សេងគ្នា។

អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញលោក ស៊ឺន ស៊ូប៊ែរ្តិ៍ បានរិះគន់ថារដ្ឋសភាមិនបានការពារតំណាងរាស្ត្ររបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។ លោកថាការធ្វើមិនដឹងមិនឮរបស់រដ្ឋសភានេះធ្វើឲ្យស្ថាប័នខ្លះប្រើវិធានការរំលោភលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនិងរំលោភរដ្ឋធម្មនុញ្ញ។

លោកថា៖ “មានន័យថាសភាហ្នឹងដែលត្រូវការពារអភ័យឯកសិទ្ធិសមាជិករបស់ខ្លួនហ្នឹង កំពុងតែរំលោភបទបញ្ជាផ្ទៃក្នុង របស់ខ្លួននិងរដ្ឋធម្មនុញ្ញ។ ខ្ញុំមានការព្រួយបារម្ភឃើញច្បាប់ហ្នឹងដូចបាយឡុកបាយឡអញ្ចឹងឥឡូវហ្នឹង!”។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍ បន្តថាការឃាត់ខ្លួនឬឃុំខ្លួនអ្នកតំណាងរាស្ត្របាន លោកថាលុះណាតែតំណាងរាស្ត្ររូបនោះត្រូវដកអភ័យឯកសិទ្ធិជាមុនដោយសំឡេង២ភាគ៣ បើមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែង។

លោក ស៊ឺន ស៊ូប៊ែរ្តិ័ បន្តថាចំណែកការកោះហៅតំណាងរាស្ត្រណាមួយចូលបំភ្លឺនៅតុលាការលោកថាយ៉ាងហោចណាស់ក៏ត្រូវធ្វើលិខិតសុំការអនុញ្ញាតិពីប្រធានរដ្ឋសភាជាមុនសិន។

លោកថា៖ “វាអត់ស្របនឹងរដ្ឋធម្មនុញ្ញពីព្រោះតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ កាលណាគេកោះហៅឬគេឃុំហ្នឹងត្រូវតែគណៈកម្មាធិការអចិន្ត្រៃយ៍សភានឹងលើកអភ័យឯកសិទ្ធិហ្នឹង បើអត់ទាន់លើកទេវាអត់ត្រូវអត់ស្របតាមរដ្ឋធម្មនុញ្ញ មានន័យថារំលោភរដ្ឋធម្មនុញ្ញហើយ យ៉ាងម៉េចក៏ដោយត្រូវសុំច្បាប់ពីប្រធានរដ្ឋសភាសិន”។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ម៉េងឡុង បានការពារចំណាត់ការរបស់តុលាការថាធ្វើឡើងដោយឯករាជ្យ។ លោកថា ការកោះហៅតំណាងរាស្ត្រណាម្នាក់ចូលបំភ្លឺគឺមិនចាំបាច់ឆ្លងរដ្ឋសភាទេ ប៉ុន្តែលោកថាតាមមាត្រា៨០នៃរដ្ឋធ្មនុញ្ញ តំណាងរាស្ត្រអាចប្រើសិទ្ធិចូលឬមិនចូលតាមដីកានោះ។

លោកថា៖ “ទេៗអត់ទេអាហ្នឹងគឺថាអំណាចដាច់ពីគ្នាការបោះហៅគេកោះហៅអញ្ចឹងហើយ ប៉ុន្តែអ្នកចូលក៏ចូលទៅ ។ ប៉ុន្តែក្នុងឋានៈគាត់ជាសមាជិកសភាមានមាត្រា៨០នៃរដ្ឋធម្មនុញ្ញបានធានាពីអភ័យឯកសិទ្ធិសភា”។  ពេលVODសួរថាតើតុលាការមានផ្ញើលិខិតសុំការអនុញ្ញាតពីប្រធានរដ្ឋសភាទេ លោកថាអត់មានទេ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំរបស់រដ្ឋសភា លើកលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

មាត្រានោះចែងទៀតថា ក្នុងករណីខាងក្រោយនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ គណបក្សសង្រ្គោះជាតិបានសម្រេចថានឹងមិនឲ្យលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀតចូលបំភ្លឺតាមដីការបស់តុលាការនៅថ្ងៃទី១៦ខែឧសភានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ