លិខិតមិត្តអ្នកអាន៖ តើអ្នកបោះឆ្នោតគាំទ្រលោក សម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ?

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 5:12 PM | លិខិតមិត្តអ្នកអាន | 0 | 18906 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

តើអ្នកបោះឆ្នោតគាំទ្រលោក សម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ? សំណួរនេះ ត្រូវបានលើកឡើងនៅពេលមានការជជែកគ្នារឿងនយោបាយ នៅតុកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ គេបាននិយាយថា នៅមុនពេលការឃោសនាបោះឆ្នោតខិតជិតមកដល់ ពួកទេវតាបានដើរឃោសនា​រកការគាំទ្រ ដោយ​វាយប្រហារទៅឋានព្រះអាទិត្យ។ ការវាយប្រហារនោះមានពីរគឺ៖

ទី១ គឺសម្ដេចម្នាក់របស់ឋានទេវតា បានកោះហៅគ្រូបង្រៀនទៅជួបជុំនៅក្នុងកម្មវិធីសំណេះសំណាល ហើយចែកលុយឲ្យគ្រូៗចាយម្នាក់ប្រាំម៉ឺនរៀល។ ក្នុងពិធីនោះ សម្ដេច​បាននិយាយ​ដោយ​មាន​ទំនុកចិត្តថា លោកគ្រូ អ្នកគ្រូដែលចូលទៅស្ដាប់គាត់និយាយនោះ សុទ្ធតែជាមនុស្សរបស់ឋានទេវតាទាំងអស់។ គាត់ថា ឥឡូវនេះ យើងកម្ទេចបានអ្នកកាន់កាំភ្លើងធំរបស់ឋានព្រះអាទិត្យហើយ ចំណែកឯអ្នកថ្មីដែលឡើង​មក​កាន់កាំភ្លើងធំនេះ មិនប្រាកដថាជាមនុស្សរបស់អ្នកកាន់កាំភ្លើងធំចាស់នោះទេ។ ដូច្នេះ ចូរយើងទាំងអស់គ្នាខំប្រឹង​ឡើង ធ្វើយ៉ាងម៉េចកុំឲ្យព្រះអាទិត្យឈ្នះឆ្នោត ចូលមកកាន់អំណាចបាន ព្រោះវាជាគ្រោះថ្នាក់របស់ឋាន​ទេវតា។

ទី២ គឺមនុស្សនៅឋានទេវតា បានចុះទៅតាមផ្ទះប្រជាពលរដ្ឋ ដែលគេដឹងថាជាមនុស្សមិនច្បាស់លាស់ ឬមិនប្រាកដ​ប្រជាថាគាំទ្រខាងទេវតា ឬគាំទ្រខាងព្រះអាទិត្យ។ ពេលចុះទៅនោះក្រៅពីសំណេះសំណាល គេក៏ចែក​លុយឲ្យប្រាំម៉ឺនរៀលដែរ ហើយគេឲ្យជាគំនិតថា តើទៅបោះឆ្នោតឲ្យបក្សព្រះអាទិត្យធ្វើអីបើលោក សម រង្ស៊ី ឈប់​ធ្វើ​ជាប្រធានបក្ស​ហើយហ្នឹង? បើបោះឆ្នោតឲ្យព្រះអាទិត្យ ដូចគាំទ្រលោក កឹម សុខា​ទៅវិញទេ។

ក្រោយពីបានស្ដាប់នូវការ​វាយប្រហារទាំងពីរនេះ មានបុរសម្នាក់បានលើកឡើងនូវពាក្យមួយឃ្លា ដែលជាចំណងជើងនៃអត្ថបទនេះថា “តើអ្នកបោះឆ្នោតគាំទ្របុគ្គលសម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ?” គាត់បាន​និយាយដោយច្បាស់ៗ ហើយសង្កត់ធ្ងន់ថា គាត់មិនមែនគាំទ្រឋានព្រះអាទិត្យ ដោយហេតុថា​គាត់ស្រឡាញ់​ជាប់ចិត្ត​នឹងបុគ្គលណាម្នាក់ទេ បំណងធំរបស់គាត់គឺចង់បានការផ្លាស់ប្ដូរ។ គាត់ថា គាត់ឆ្អែតនឹងពួកទេវតាអស់នោះហើយ ពួកនោះកាន់អំណាចជិតសែសិបឆ្នាំ ធ្វើមានបាន និងសប្បាយតែបក្ស​ពួក និងកូនចៅទេវតាប៉ុណ្ណោះ ចំណែកឯរាស្ត្រវេទនាហួសនឹងថ្លែង ខ្លះចេញទៅស៊ីឈ្នួលគេនៅក្រៅប្រទេស និរាស្ត្រព្រាត់ប្រាស់ប្ដីប្រពន្ធកូនចៅឪពុកម្ដាយ សូម្បីរដូវចូលឆ្នាំក៏គ្មានលុយមកលេងផ្ទះផង ចំណែកកសិករ ធ្វើស្រែ ធ្វើចម្ការ ចិញ្ចឹមសត្វ គ្មាន​ទី​ផ្សារសម្រាប់លក់ លក់មិនឈ្នះផលិតផលមកពីបរទេស ធ្វើការមួយឆ្នាំទល់មួយឆ្នាំមានតែជំពាក់បំណុលគេ។

បុរសម្នាក់នេះ បានលើកជាសំណួរទៅដល់អ្នកអង្គុយនៅតុកាហ្វេនោះថា តើអ្នកទាំងអស់គ្នាស្រឡាញ់ព្រៃឈើទេ? អ្នកផ្សេងឆ្លើយថា “ស្រឡាញ់!” គាត់ថា បើស្រឡាញ់ព្រៃឈើ តើអ្នកនឹងបោះឆ្នោតគាំទ្រពួកទេវតាទៀតទេ? ម្នាក់ៗគ្រវីក្បាល។ គាត់ក៏សួរមួយសំនួរទៀត តើស្រឡាញ់យុត្តិធម៌ទេ? ចម្លើយដូចមុនដែរ គឺស្រឡាញ់។ គាត់ថា បើស្រឡាញ់យុត្តិធម៌ តើអ្នកនឹងបោះឆ្នោតគាំទ្រ​ទេវតា ឲ្យបន្តចាប់មនុស្សដាក់គុកតាមតែអំណាចខ្លួនដូចករណី ​គឹម សុខ និងមន្ត្រីសិទ្ធិមនុស្សអាដហុកនោះទៀតទេ? ម្នាក់ៗគ្រវីក្បាលដូចសំណួរមុនដែរ។ ជាចុងក្រោយ គាត់​ក៏លើកសំណួរក្នុងប្រធានបទនេះមកសួរឡើងវិញ “តើបងប្អូនបោះឆ្នោតគាំទ្របុគ្គលសម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ?” ម្នាក់ៗឆ្លើយស្របគ្នាជាឯកច្ឆន្ទថា “ចង់បានការផ្លាស់ប្ដូរ”។

តាមរយៈការសន្ទនា​របស់អ្នកផឹកកាហ្វេនេះ វាអាចជាសារនយោបាយមួយដល់បក្សទាំងពីរ។ ទី១ ជាសារទៅដល់​បក្សទេវតា គឺថា វាដល់ដំណាក់កាលដែលត្រូវផ្លាស់ប្ដូរហើយ គេធុញ គេទ្រាន់នឹងអ្វីៗ ដែលមានក្នុងរយៈពេល​ជិត​សែសិបឆ្នាំនេះហើយ។ ទី២ ជាសារទៅដល់ឋានព្រះអាទិត្យ ឲ្យដឹងថា ដៃគូរប្រកួត​កំពុងតែបើក​យុទ្ធ​នាការណ៍​វាយប្រហារណ៍ពីក្រោយខ្នង តើមានអ្វីត្រូវទប់ទល់ទេ?

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required