សហគមន៍ផ្លូវដែកជំរុញជាថ្មី​ទៅអភិបាលរាជធានីឲ្យបង្ហាញគម្រោងអភិវឌ្ឍ

ប្រជា​សហគមន៍​តាមផ្លូវដែក

ប្រជាសហគមន៍ផ្លូវដែកជាង៦០នាក់ប្រមូលផ្តុំគ្នានៅមុខ​សាលារាជធានីភ្នំពេញជាថ្មីទៀត នៅថ្ងៃនេះ ដោយជំរុញ​ទៅ​អភិបាលស្ថាប័ននេះ ជួយពន្លឿនដោះស្រាយបញ្ហា បង្ហាញគម្រោងអភិវឌ្ឍន៍​បណ្តោយ​ផ្លូវ​ដែក ​​ជូន​ពួក​គេ​ឲ្យ​​បាន​​ឆាប់​។

សហគមន៍ភូមិ២៣អ្នកស្រី នី សន្តោស​ បានរៀបរាប់ប្រាប់VODនៅមុខសាលារាជធានីភ្នំពេញថា ពួក​គេ​មក​ជួប​ជុំគ្នាជាថ្មីទៀត​ ដោយថាដើម្បី​ទាមទារឲ្យស្ថាប័ន​នេះពន្លឿន​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​​តាម​បណ្តោយ​ផ្លូវ​ដែក ខណៈពួកគេកំពុងជួបបញ្ហាប្រឈម​ច្រើនពីគម្រោងអភិវឌ្ឍន៍​នៅតំ​បន់​​នោះ​។

អ្នកស្រី​និយាយថា «យើងរងផលប៉ះពាល់ ពិបាកចិត្តតំាងពីរឿង​អភិវឌ្ឍន៍ ហើយមិនហ៊ានចេញ​ទៅរក​ស៊ីទៅណា ដោះស្រាយម៉េច វារងផលប៉ះពាល់​នឹងការអភិវឌ្ឍន៍ទៀត គេឈូសឆាយ ខែនេះ[ឧសភា] ធ្វើ​ឲ្យ​វា​មានខ្យល់ មានដីហុយផង ហើយភ្លៀងមក វាពិបាក​​ប៉ះពាល់សុខភាពកូនចៅ ឥឡូវកូនខ្ញុំឈឺ​ចង់ពេញ​ផ្ទះអស់ហើយ ក្អកសុំបីតែខ្លួនខ្ញុំក៏មានបញ្ហាសុខភាពដែរ»

តំណាងសហគមន៍ទួលសង្កែB លោក ឡុង ចាន់ឌី ដែលបានចូលជួបមន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹង​ថា មន្ត្រីស្ថាប័ននេះបានប្រាប់ថា កំពុង​ឲ្យមន្ត្រីបច្ចេកទេសគូសប្លង់ ដោយថានឹង​បង្ហាញ​នៅ​ពេ​លក្រោយ។ ទោះជាយ៉ាងណា លោកថាមន្ត្រីរដ្ឋបាលរូបនោះ​មិនបានប​ញ្ជាក់​ច្បាស់ពីពេល​វេលា​បង្ហាញ​ឬដោះ​ស្រាយជាក់​លាក់​ជូន​សហគមន៍នៅតំបន់ដែលរងផលប៉ះពាល់នោះទេ​។

លោកនិយាយថា «អ្វីដែលយើងចង់បានឲ្យបង្ហាញពីពេលវេលាជាក់លាក់គេអត់ហ៊ានឆ្លើយ គេថា​​ឆ្លើយអត់ទាន់បានដោយសារ​ ជំនាញអត់ទាន់គូសប្លង់បានទំាងអស់ គេបញ្ជាក់ដែរថា កន្លងមក​គេបានមានជំនាញគូសប្លង់រួចម្តងហើយ ប៉ុន្តែដ៏ទៅសិក្សានៅដីផ្ទាល់មានប្រជាពលរដ្ឋមួយចំនួនដែលគាត់កាន់កាប់នៅក្នុងដីហ្នឹង ចឹងបានគេដកមកវិញ ដើម្បី​ធ្វើ​​សិក្សាឡើងវិញបញ្ជាក់​ឲ្យបានច្បាស់​​​​»

បើតាមតំណាងសហគមន៍ផ្លូវដែក អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ធ្លាប់សន្យា​ថានឹង​ធ្វើការ​អភិវឌ្ឍន៍ផ្លូវដែកនេះ មិនឲ្យពលរដ្ឋដែលរស់នៅជាប់តំបន់នោះ រងផលប៉ះពាល់ និង​ដាច់​​បាយ​នោះ​ទេ​។​ ប៉ុន្តែពួកគេ​មិនមា​ន​ជំនឿ​លើ​ការ​សន្យា​របស់អភិបាល​រូប​​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ដោយថា ការសន្យាមិ​ន​បាន​ធ្វើជា​លិខិត​លាយ​លក្ខណ៍​អក្សរ​។

ទាក់ទិននឹងករណីនេះ តំណាង​ប្រជាសហគមន៍ផ្លូវ​រថភ្លើង​ អ្នកស្រីកែវ បុប្ផា បានព្រមានថា បើ​សាលា​រាជធានី​ភ្នំពេញ​មិន​ធ្វើ​តាម​ការ​សន្យា​​ទេ អ្នកស្រី​ថាប្រជាសហគមន៍ទំាង៦នឹងតវ៉ារហូត​មានដំណោះស្រាយ​។

អ្នកស្រីព្រ​មានថា​ «ថ្ងៃមុនខ្ញុំបាននិយាយប្រាប់សាលាក្រុងហើយថា បើមិនឲ្យពួកខ្ញុំចូល​ឬមិនប្រាប់នូវ​អ្វីដែលត្រូវ​ផ្លាស់ប្តូរពួកខ្ញុំទៅកន្លែងណាពិតប្រាកដជាក់លាក់ ពួកខ្ញុំនឹងមក​កន្លែងហ្នឹង[មុខសាលា​រាជ​ធានី​ភ្នំ​ពេញ​]​ ដាំបាយហូបកន្លែងហ្នឹង​»

VOD មិនអាចសុំការបំភ្លឺបន្ថែម​ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានទេ​នៅ​ថ្ងៃនេះ​ ដោយ​ទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។

ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ យល់ថា បើមន្ត្រីរដ្ឋាភិបាលមិនធ្វើការ​ដោះ​ស្រាយ​​​បញ្ហា​​នេះ​ឲ្យ​មានតម្លាភាព នឹងធ្វើឲ្យពលរដ្ឋរិះគន់លើការដឹកនាំ​របស់រដ្ឋាភិបាល​ដូចកាល​ពី​អតីត​កាល​​​ផងដែរ។លោកនិយាយថា «បើសិនជាយើងធ្វើឲ្យគាត់មានភាពរញ៉េរញ៉ៃ ហើយប្រជា​ពលរ​ដ្ឋ​នៅ​តែ​ចេញ​តវ៉ា ប្រជាពលរដ្ឋគេអាចចេញចោទប្រកាន់​ថាអាជ្ញាធរមិនមានសមត្ថភាព​ក្នុង​កា​រ​ដោះស្រាយបញ្ហា​ សុខ​មាល​របស់ប្រជាពលរដ្ឋ​ យើងគួរតែបញ្ចៀសបញ្ហា​ហ្នឹង យើងគួរតែធ្វើការអភិវឌ្ឍឲ្យមានការ​ពេញ​ចិត្ត​ពេញ​ថ្លើម ពីប្រជាពលរដ្ឋទៅ បានប្រជាពលរដ្ឋ​លោក​មានការ​គំា​ទ្រ ឬក៏ស្រលាញ់​រដ្ឋាភិបាល​​ កុំឲ្យដូច​អតីតកាល»។

តំណាងសហគមន៍ទំាងនោះបានលើកឡើងប្រហាក់ប្រហែលគ្នាថា ​ពួកគេបានយកញ្ញតិដាក់នៅ​សាលា​រាជ​ធានីភ្នំពេញច្រើនដងមក​ហើយ តែមន្ត្រីស្ថាប័ននេះនៅតែពន្យាពេលមិនចង់ដោះស្រាយ​បញ្ហា​ជូន​ពួកគេនោះទេ។ តំណាងសហគមន៍ទំាងនោះថា ពួកគេនឹងនាំគ្នាមក​ជួបជុំគ្នារៀងរាល់​១សប្តាហ៍ម្តង ដើម្បី​ជំរុញ​ឲ្យមន្ត្រីស្ថាប័នខាង​លើពន្លឿនដោះស្រាយបញ្ហាជូនពួកគេ។

គួរបញ្ជាក់ថា ដើមចមដែលនាំឲ្យពលរដ្ឋមានការព្រួយបារម្ភពីគម្រោងអភវិឌ្ឍន៍របស់សាលារាជធានីភ្នំពេញ នៅ​តាម​បណ្តោយ​​ផ្លូវ​ដែកនោះ ដោយពួកគេថា កន្លងទៅការ​អភិវឌ្ឍ​នៅក្នុង​រាជធានីភ្នំពេញ​មានការ​បណ្ដេញ​​​​ពលរដ្ឋ​ចេ​ញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយ​បើក​ផ្លូវ​ឲ្យក្រុ​ម​ហ៊ុ​ន​ចូល​អភិ​វឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ