មន្ត្រី៖ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​នឹងហាម​មិន​ឲ្យឃោស​នាបោះ​ឆ្នោត

សា​លារាជធានី​ភ្នំពេញឲ្យ​ដឹង​ថា​ មហា​វិថី​មួយ​ចំនួន​នៅក្នុង​រាជធានីភ្នំពេញ​ នឹង​មិន​ត្រូវ​បា​ន​អនុញ្ញាត្តិ​ឲ្យ​ធ្វើ​ការ​ឃោស​នា​បោះឆ្នោត​នោះ​ទេ ដោយ​​ថា ការ​ឃោស​នា​ទាំង​នោះ​ អាច​នាំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ហែ​ក្បូន។

លិខិតចុះ​ថ្ងៃ​ទី​២៨មេសា​ឆ្នាំ​២០១៧ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវ​ និង​ផ្សារ​មួយ​ចំនួន​ រួម​ទាំងទីកន្លែង​ប្រជុំ​ជន​ខ្លះ ​ត្រូវ​បាន​សាលា​រាជ​ធានី​ស្នើ​សុំ​ដល់​គ.ជ.ប ដើម្បី​សុំ​ការ​អនុញ្ញាតិ្ត​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ឃោសនា​បោះ​ឆ្នោតលើ​មហា​វិថីទាំង​នោះ។

បើតាមលិខិតដដែល តំបន់នឹងត្រូវហាមឃាត់​ទាំង​នោះ​រួមមាន កំណាត់​​​មហាវិថីព្រះនរោត្តម មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស កំណាត់​មហាវិថី​ម៉ៅ​​សេ​ទុង កំណត់មហាវិថីទេពផន មហាវិថីព្រះសុរាម្រិត និងផ្លូវជុំវិញព្រះបរមរាជវាំង។ ផ្លូវជុំ​វិញ​ផ្សារ​ធំថ្មី​ ផ្លូវជុំវិញផ្សារអូរឫស្សី ផ្លូវជុំវិញផ្សារអូឡាំពិក ផ្លូវជុំវិញផ្សារទួលទំពួង ផ្លូវជុំវិញផ្សារដេប៉ូ និងផ្លូវ​ជុំវិញ​ ផ្សារ​ដើមគរ។ ចំពោះ​ទី​ធ្លាសាធារណៈមាន​ដូច​ជា សួនព្រះបរមរាជវាំង ទីធ្លាមេរុ កន្លែងខ្លះនៃសួនមុខវត្តបទុមវត្តី ទីតាំងវិមានឯករាជ្យ ទីធ្លារូប​សំណាក​លោកយាយពេញ សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ និងសួនច្បារសម្តេចតេជោ ហ៊ុន សែន។

អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ​លោក ម៉េត​ មាសភក្តី បាន​ឲ្យ​វី​អូ​ឌី​ដឹង​នៅ​រសៀល​ថ្ងៃទី៤ខែឧសភា​នេះ​​ថា សាលា​រាជធានីភ្នំពេញបាន​ដាក់​លិខិ​ត​ស្នើ​ទៅ​កាន់​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ដើម្បី​សុំ​ឲ្យ​គោល​ការ​ណ៍​ពី​គណកម្មាធិការ​ជាតិ​ ដើម្បី​ហាម​មិន​ឲ្យ​មាន​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​លើ​មហា​វិថី​សំខាន់ៗ និង​ផ្លូវ​មួយ​ចំនួនដើម្បីបញ្ជៀល​នូវ​ការ​កក​ស្ទះ​ចរាចរណ៍។

លោក​បាន​ឲ្យ​ដឹងថា ​មហា​វិថី​មួយ​ចំនួន​នោះ​មាន​ដូច​ជា​ មហា​វិថីនរោត្តម​ មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ជុំ​វិញ​ផ្សារនានា​នៅ​រាជធានីភ្នំពេញ។

លោក​ថា៖ «ព្រោះយើងដឹងហើយថាទោះបីជាមិនមានក្បូននៃយុទ្ធនាការឃោសនាបោះឆ្នោត យើងទទួលស្គាល់ថាក្រុភ្នំពេញរបស់យើងនេះកំពុងប្រឈមនឹការកកស្ទះចរាចរណ៍ថ្ងៃធម្មតាយើងគ្រាន់តែជិះចូលទៅក្នុងផ្សារតំបន់ដែលខ្ញុំនិយាយអំបាញ់មិញនេះក៏វាមានការកកស្ទះរួចទៅហើយ »

ទោះ​ជា​យ៉ាង​ណា​លោក​ថា ការ​​ស្នើនេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​យ៉ា​ងណា​នោះ​ទេ​ពី​គ.ជ.ប។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា​ លោក​នៅមិន​ទាន់ឃើញ និង​ទទួល​បាន​លិខិត​ស្នើ​សុំរបស់សាលារាជធានីនៅឡើយទេ តែ​លោក​ថា​នឹងព្យាយាមទាក់​ទង​ទៅ​ផ្នែក​រដ្ឋបាលដើម្បី​យក​ករណីនេះ ​មក​ពិភាក្សា​។

លោក​ថា៖ «ខ្ញុំគិតថា យើងត្រូវពិនិត្យទៅលើភាពចាំបាច់នៃដំណើរការទូទៅក្នុងនោះយើងឃើញថាមានទិដ្ឋភាពពីរ ទិដ្ឋភាពមួយ គឺទាក់ទងនឹងការគ្រប់ដែនដីរបស់អាជ្ញាធរ ហើយទិដ្ឋភាពទីពីរគឺទាក់ទងនឹងច្បាប់ស្តីពីក្រុមប្រឹក្សាឃុំសង្កាត់។ [] គ.ជ.ប ត្រូវមើលឲ្យឃើញថា តើការស្នើសុំកុំឲ្យមានការហែក្បួនទៅលើផ្លូវមួយចំនួននោះ វាផ្តោតទៅលើផ្លូវទាំងមូលរបស់រាជធានី ក៏អត់ទេ។ អញ្ចឹងទេប្រសិនជាការហាមនៅផ្តោតទៅលើសង្កាត់ទាំងមូលតែម្តងនោះប្រាកដជាមានការលំបាក »

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជ​ន​កម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​គាំ​ទ្រ​​ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជធានី​នេះ។

លោក​ថា៖ «ទោះបីជាការបិទនេះ ផ្លូវតូច ផ្លូវធំក្តី ថាវាអាចផ្តល់ឲ្យមានការកកស្ទះចរាចរណ៍ហ្នឹង ហើយបានជារាជធានីភ្នំពេញ គាត់យកចិត្តទុកដាក់ ដើម្បីស្នើសុំគ.ជ.ប ដើម្បីកុំឲ្យគណបក្សឃោសនាឆ្លងពីសង្កាត់មួយទៅសង្កាត់មួយឲ្យវាស្របតាមខ្លឹមនៃច្បាប់ហើយម្យ៉ាងឲ្យវាស្របទៅនឹងច្បាប់ផង»

មន្ត្រី​ជាន់​ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ ចាត់​ទុក​គំរោងការ​ហាម​ឃាត់​នេះ ថាទំនងជា​ចេតនា​នយោបាយច្រើន​ជាង ​ដើម្បី​ខិត​ខំ​បិទ​សំឡេង​គណបក្ស​ដទៃ​ ​ខណៈបក្ស​កាន់​អំណាច​អាច​មានលទ្ធភាព​ និង​មធ្យោបាយ​ផ្សព្វផ្សាយផ្សេង​ពី​ការ​ឃោស​នា ដោយ​ហែ​ក្បូន​ច្រើន​ជាង​បក្ស​ដទៃ។

លោកថា៖ «គួរតែគ.ជ.បពិចារណាឲ្យបានជ្រៅជ្រះមុននឹងសម្រេចយ៉ាងណា។ ព្រោះនៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យដទៃទៀត ដូចជា មិនមានប្រទេសណាគេហាមឃាត់មិនឲ្យឃោសនានៅក្នុងតំបន់ ដែលមានពលរដ្ឋច្រើននោះទេ គឺយើងធ្វើការឃោសនា គឺដើម្បីបញ្ជូនសារនេះទៅពលរដ្ឋ ហើយបើទីប្រជុំជនមិនឲ្យឃោសនា ឲ្យយើងទៅឃោសនានៅទីណា! នេះជាការបង្ហាញនូវការខ្វះការទទួលខុសត្រូវ របស់អាជ្ញាធរដែលតែងតែបង្កការលំបាកដល់សិទ្ធិរបស់ពលរដ្ឋ សិទ្ធិរបស់គណបក្សនយោបាយ​ដោយ​លំអៀង ដោយច្រើនតែប្រើតួនាទីលំអៀងទៅកាន់គណបក្សរបស់ខ្លួននោះ »

នាយក​ប្រតិបត្តិអង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយហៅកាត់​ថា នីច​ហ្វិក លោក សំ គន្ធា​មី មាន​ប្រសាសន៍​​​ថា​​​​ បំរាម​ទៅ​លើមហាវិថី​មួយ​ចំនួននោះ ​វា​មិន​សូវ​ចោទ​ជា​បញ្ហានោះ​ទេ តែ​លោក​ថា ការហាមឃាត់​ទៅ​ដល់​ទី​ប្រជុំ​ជន និង​ផ្លូវ​ជុំ​វិញ​ផ្សារ​នោះ គឺ​វាបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ឃោស​នា​ដោយ​សេរីរបស់​គណបក្ស​នយោបាយ​។

លោក​ថា៖ «ប៉ុន្តែផ្លូវដែលមានទីប្រជុំជនដែលក្បែផ្សារដែលមានមនុស្សកុះករហ្នឹងមិនគួរបិទទេ ព្រោះអីគណបក្សនយោបាយគាត់ត្រូវទីជួបសាធារណៈ []គាត់ត្រូវផ្ញើរសារនយោបាយកម្មិវធីគោលនយោបាយគាត់នៅហ្នឹង ហើយបើគាត់បិទមិនឲ្យមានការផ្សព្វផ្សាយនៅតាមផ្សារថ្មី ផ្សារអូឡាំពិច ផ្សារចាស់អីហ្នឹង វាជាទីកន្លែងដែលត្រូវផ្សព្វផ្សាយគោលនយោបាយបក្សកម្មវិធីគោលនយោបាយរបស់គាត់ […]»

ការ​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់សម្រាប់​អណត្តិ​ទី​៤​ឆ្នាំ​២០១៧ នេះនឹងប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ឧសភា ដល់​ថ្ងៃ​ទី២មិថុនា​ឆ្នាំ​២០១៧។ ចំណែក​​ឯការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​ទី​៤មិថុនា​ឆ្នាំ​២០១៧៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ