មន្ដ្រីរដ្ឋាភិបាលជំរុញឲ្យពលរដ្ឋនៅសៀមរាបចុះកម្មសិទ្ធិដីធ្លីនិងបង់ពន្ធលើអចលនៈទ្រព្យ

មន្ដ្រីពន្ធដាសាខាខេត្ដសៀមរាប ជុំរុញឲ្យប្រជាពលរដ្ឋ បង់ពន្ធលើអចលនៈ​ទ្រព្យ និង ចុះបញ្ជី កម្មសិទ្ធិដីធ្លី បន្ទាប់ពីផ្ទេរសិទ្ធដោយថា ជាគុណប្រយោជន៍ថវិកាជាតិ និង ខ្លាចមានការ រំលោភពីបុគ្គលផ្សេងៗ។​

ការជុំរុញនេះ ធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីអាករលើតម្លៃបន្ថែម អាករពិសេស អាករ​បំភ្លឺ​សាធារណៈ និងប្រើប្រាស់វិធានវិក្ក័យបត្រ ដែលធ្វើឡើងនៅសៀមរាប​នា​ព្រឹក​ថ្ងៃ​ទី៤ខែឧសភានេះ។

ប្រធានសាខាពន្ធដាខេត្ដសៀមរាបលោក ខូយ ឈីន ថ្លែងថា ប្រជាពលរដ្ឋ​ដែល​កាន់កាប់អចលនៈទ្រព្យ​មិនទាន់មានបានចុះបញ្ជី ហើយមានប័ណ្ណកម្មសិទ្ធិមុនឆ្នាំ២០១៧ បើទោះបីផ្ទេកម្មសិទ្ធជាច្រើនតំណរក៏ដោយ ត្រូវធ្វើសុំណុំបែបបទផ្ទេសិទ្ធិពីមន្ទីរសុរិយោដី ដើម្បីចុះកម្មសិទ្ធិដីធ្លីស្របច្បាប់។

លោកឲ្យដឹងថា បន្ទាប់ពីផ្ទេរប័ណ្ណកាន់កាប់ស្របច្បាប់ហើយ ពលរដ្ឋត្រូវបង់ពន្ធជូនរដ្ឋ ដោយ​លោក​ថា ការរធ្វើបែបនេះ​​ជៀសវៀងការរំលោភដីធ្លីពីអ្នកដ៍ទៃ និងជាគុណប្រយោជ​ន៍ថវិកាជាតិ។

លោកបន្ដថា ការចុះបញ្ជីសារពើពន្ធនេះ ដែល​រដ្ឋាភិបាល​បានលើក​ទឹកចិត្ដក្នុងរយៈពេលពីរឆ្នាំចាប់ដើមឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០១៨ខាងមុខ។ លោកថា ការយឺតយ៉ាងនៃការអនុវត្ដការបង់ពន្ធលើអចលនៈទ្រព្យអាចពិបាកដល់ពេលខាងមុខ។

លោកថា «ខ្ញុំចង់ប្រកាសពេលនេះតែម្ដង បួនរយនាក់ បីរយនាក់ អាចពាំនាំអ្វី ដែលរាជរដ្ឋាភិបាលបានចេញប្រកាសហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋ យើងទំាងអស់ បានទៅចុះបញ្ជីអចលនៈទ្រព្យស្របច្បាប់អត់មានពិបាកលើកស្លាកសម្ដេចសម្ដេចយាយសម្ដេចម៉ែសម្ដេចតាឲ្យជួយគេរំលោភយកទៀតទេ

លោក ខូយ ឈីន ព្រមានថា បើពលរដ្ឋកាន់កាប់ដីធ្លីជាច្រើនតំណរ ហើយមិនបង់ពន្ធជូនរដ្ឋក្នុងរយៈពេលពីរឆ្នាំដែលរដ្ឋាភិបាលលើកទឹកចិត្ដនេះទេ និងត្រូវពិន័យធ្ងន់ធ្ងរ ដោយមាន​ការរឹបអូសទ្រព្យសម្បត្ដិទុកជាសម្បត្ដិរដ្ឋផងដែរ។

បើតាមមន្ដ្រីពន្ធដាខេត្ដសៀមរាប អះអាងថា ការប្រមូលប្រាក់ពន្ធលើអចលនៈវត្ថទ្រព្យនៅក្នុងខេត្ដសៀមរាប បានប្រមាណ៩០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ