កម្ពុជាបើកសម្ភោធការដ្ឋានសាងសង់រោងចក្រផលិតប្រេងកាតជាលើកដំបូង

រាជរដ្ឋាភិបាលកម្ពុជា នឹងបើកសម្ភោធការដ្ឋានសាងសង់រោងចក្រចម្រាញ់​ប្រេងកាតជា​លើក​ដំបូង​ ខណៈ​ដែល​​តម្រូវការប្រើប្រាស់ក្នុងស្រុកត្រូវពឹងផ្អែកការនាំចូលពីបរទេស។

ក្រសួងធនធានរ៉ែ និងថាមពល ឲ្យដឹងថា ការសម្ភោធការដ្ឋានសាងសង់រោងចក្រផលិតប្រេងកាត ដែល​អាចមាន​សមត្ថភាព​ផលិត​ប្រេងកាត​បាន ៥លានតោនក្នុងមួយឆ្នាំ ធ្វើឡើនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧នេះ។

រោងចក្រផលិតប្រេងកាតនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ខូអិលធីឌី (Cambodian Petrochemical Co, LTD) ហើយការសាងសង់ត្រូវបានចែកចេញជា២ដំណាក់កាល។

បើតាមក្រសួងរ៉ែ និងថាមពល ដំណាក់កាលទី១ នឹងត្រូវចាប់ផ្ដើមសាងសង់ពីថ្ងៃព្រហស្បតិ៍នេះ ហើយ​ត្រូវ​បិទ​បញ្ចប់​ការសាងសង់រហូតដល់កំឡុងពាក់កណ្ដាលឆ្នាំ២០១៩ ដោយចំណាយ​ទុនវិនិយោគ​៦២០​លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតប្រេងកាតបាន២លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

ចំណែកដំណាក់កាលទី២ នឹងត្រូវចាប់ផ្ដើមការសាងសង់ពីឆ្នាំ២០២២ ដោយប្រើទុន​វិនិ​យោគ​ចំនួន​១ពាន់លានដុល្លារអាមេរិក និង​មានសមត្ថភាពផលិត​ប្រេងកាត​បាន៣លានតោនក្នុងមួយឆ្នាំ សម្រាប់​ផ្គត់ផ្គង់​តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ឲ្យ VOD ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោង​សាង​សង់រោងចក្រផលិតប្រេងកាតនេះ នឹងអាចជួយឲ្យកម្ពុជាកាត់បន្ថយការប្រើប្រាស់ឥន្ធនៈពីបរទេស បញ្ចុះតម្លៃប្រេងឥន្ធនៈ និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាជាដើម។

លោកថា៖ «វាជាលទ្ធភាពមួយថ្មី ដែលអាចឲ្យយើងធ្វើពិសុទ្ធកម្មនៃថាមពលរបស់យើង​ ពីការនាំ​ចូលប្រេង​ចម្រាញ់ហើយ ជាប្រេងឥន្ធនៈចម្រាញ់ហើយសុទ្ធមកជាការនាំចូលនូវប្រេងឆៅ ដែល​អាចឲ្យ​យើងទទួលបាននូវ Added Values គឺជាតម្លៃបន្ថែម នៅក្នុងស្រុក។ អញ្ចឹងពីមុន​យើងទិញ​របស់ស្រាប់យកមក ហើយដែលបងប្អូនយើងចេះ​តែប្រកាន់ខឹងថាហេតុអីបានជាតម្លៃប្រេងចេះតែឡើង»

បើតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល អត្រាប្រើប្រាស់ថាមពលបានកើនឡើង ៦,៩ភាគរយ ពី២ ៤៤៩ តោន នៅឆ្នាំ២០១០ ដល់៣៤១៣តោន នៅឆ្នាំ២០១៥។ មន្ដ្រីក្រសួងរ៉ែព្យាករណ៍ថា ការប្រើប្រាស់ថាមពលនេះ នឹងបន្ដកើនឡើងខ្ពស់នៅបណ្ដាឆ្នាំខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ