ពលរដ្ឋនៅបាត់ដំបងស្នើតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគេ

ពលរដ្ឋប្រមាណ៤០នាក់ដែលភាគច្រើនជាអតីតទាហានរបស់ខ្មែរក្រហមនៅឃុំបឹងប្រាំ ស្រុកបវិលខេត្តបាត់ដំបងនៅថ្ងៃនេះប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្ត ដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេពាក់ព័ន្ធរឿងវិវាទដីធ្លី។

អតីតកងទ័ពម្នាក់លោក អ៊ុល យ៉ាន ប្រាប់វីអូឌីថា​ នៅថ្ងៃទី៤ឧសភាឆ្នាំ២០១៧នេះអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង បានកោះហៅតំណាងអ្នកភូមិម្នាក់ទៀតមកសាកសួរពាក់ព័ន្ធ រឿងវិវាទដីធ្លីក្នុងឃុំបឹងប្រាំដែលបានប្តឹងដោយអាជ្ញាធរ។

លោក អ៊ុល យ៉ាន បន្តថា ករណីតុលាការកោះហៅតំណាងអ្នកភូមិមកសាកសួរនេះជារឿង អយុត្តិធម៌ ដោយថាអាជ្ញាធរបានលួចធ្វើប័ណ្ណកម្មសិទ្ធិយកដីពួកគាត់ចែកទៅឲ្យពលរដ្ឋផ្សេងហើយ បែរជាប្តឹងពួកគាត់ទៅតុលាការថែមទៀត។

លោកបន្ថែមថា «ពួកខ្ញុំរងភាពអយុត្តិធម៌នោះគឺថាពួកខ្ញុំជាម្ចាស់ដីគេអត់ធ្វើប័ណកម្មសិទ្ធិឲ្យទេ ទៅប័ណ្ណឲ្យអ្នកអត់ស្គាល់ដី អញ្ចឹងដីពលរដ្ឋពួកខ្ញុំដែលកំពុងធ្វើហ្នឹងបានកាន់កាប់យូរហើយ ប៉ុន្តែអាជ្ញាធរថ្មីលួយធ្វើប្លង់ឲ្យពលរដ្ឋដែលចូលមកនៅថ្មី និងធ្វើឲ្យពួកខ្ញុំដែលកាន់កាប់យូរ ហើយទទួលរងគ្រោះ»។

លោក អ៊ុល យ៉ាន ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលតុលាការកោះហៅអ្នកភូមិមក សាកសួរតាមបណ្តឹងរបស់អាជ្ញាធរដែលប្តឹងពលរដ្ឋរឿងវិវាទដីធ្លីគឺបានកោះហៅប្រមាណ១០ នាក់រួចមកហើយ ប៉ុន្តែមិនមានការឃុំខ្លួនពលរដ្ឋណាម្នាក់ឡើយ។

តំណាងពលរដ្ឋលោក ញែម ហៀង ដែលត្រូវតុលាការកោះហៅសាកសួរនៅថ្ងៃនេះប្រាប់វីអូឌី ថា ប្រជាពលរដ្ឋពួកគាត់១៩២គ្រួសារ មានទាំងអតីតទាហានខ្មែរក្រហមមួយចំនួនផងបានមក រស់នៅ និងកាន់ដីកំពុងមានជម្លោះនោះតាំងឆ្នាំ២០០០មកម្លេះ ដោយមានការទទួលស្គាល់ពីអតីតអាជ្ញាធរភូមិឃុំចាស់។

លោកបន្តថា ក្រោយពីដីតំបន់នោះក្លាយជាដីសម្បទានសង្គមកិច្ច អាជ្ញាធរបានឃុបឃិតគ្នាជាប្រព័ន្ធ ដោយលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីរបស់ពួកគាត់ចែកទៅឲ្យពលរដ្ឋផ្សេង និងដីមួយផ្នែកទៀតលោកថា អាជ្ញាធរទាំងនោះធ្វើប័ណ្ណកម្មសិទ្ធិយកខ្លួនឯង។

លោកបន្ថែមថា «ខ្ញុំមកកាប់ស្ការព្រៃដាំចំការតាំងពី ២០០០ បន្ទាប់គេធ្វើសមាហរណកម្មគេ សម្បទានឲ្យពួកខ្ញុំ ក្រោយមកពូកខ្ញុំធ្វើស្រែចំការបានប្រាំប្រាំមួយឆ្នាំ ទើបខាងបឹងប្រាំហ្នឹងគេ សុំអភិវឌ្ឍន៍ ហើយបានលួចធ្វើប្លង់យកដីពួកខ្ញុំទៅឲ្យប្រជាពលរដ្ឋផ្សេង ដោយអាជ្ញាធរមិន បានចុះមកវាសដីផ្លាល់ទេ គឺចាក់ជីភីអេស គេធ្វើប្លង់នៅក្នុងការិយាល័យតែម្តង»។

លោកបន្តថា ពេលពលរដ្ឋតវ៉ាមិនព្រមចេញពីដីនោះអាជ្ញាធរបានប្តឹងពួកគាត់ទៅតុលាការ ដោយចោទថាប៉ះពាល់កម្មសិទ្ធិឯកជនទៅវិញ។

វីអូឌីមិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលា​ខេត្ត​បាត់ដំបង គឺ​លោក សេង ផានិត ដែលកាន់ សុំរឿងនេះដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេនៅ​ថ្ងៃ​នេះ ។

មន្រ្តីអង្គការសង្គមស៊ីវិលធ្លាប់ឲ្យដឹងថា ជម្លោះដីធ្លីនៅបឹងប្រាំនេះមានរយៈពេលជាង១០ឆ្នាំហើយរវាងពលរដ្ឋមានប័ណ្ណអត់ដី និងពលរដ្ឋមានដីអត់ប័ណ្ណ ដោយមន្រ្តីសង្គមស៊ីវិលបាន ដាក់កំហុសនេះទៅលើអាជ្ញាធរពាក់ព័ន្ធថាធ្វើប័ណ្ណដោយមិនបានចុះវាស់វែងដីជាមុន ដែល បណ្តាលឲ្យកើតវិវាទដីធ្លីរវាងពលរដ្ឋមានប័ណ្ណអត់ដីនិងមានដីអត់ប័ណ្ណរហូតមកដល់បច្ចុប្បន្ននេះ។

មន្រ្តីអង្គការលីកាដូប្រចាំខេត្តបាត់ដំបងលោក ហេង សាហុង ដែលតាមដានករណីនេះធ្លាប់​ ដាក់អនុសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែលុបប្លង់ចាស់នោះចោល ហើយធ្វើការចុះវាស់ វែងដល់ដីជាក់ស្តែងនិងធ្វើប័ណ្ណកម្មសិទ្ធិជាថ្មី ដោយធ្វើយ៉ាងណាឲ្យមានការចូលរួមគ្រប់ភាគី ពាក់ព័ន្ធ ដូចជាពលរដ្ឋទាំងពីរភាគី អាជ្ញាធរ និងអង្គការសង្គមស៊ីវិលទើបអាចបញ្ចប់ជម្លោះ នោះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ