​បារាំង​សន្យា​ដាក់ទណ្ឌកម្ម​តឹងតែង​លើ​កូរ៉េខាងជើង​

ប្រធានាធិបតី​បារាំង លោក ហ្វ្រង់​ស័រ ហូ​ឡង់(ស្តាំ)​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye(រូបភាពពី​ទីភ្នាក់ងារ​ព័ត៌មាន AFP)

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានសន្យាកាលពីថ្ងៃស្រុកម្សិលមិញថា នឹងអនុវត្តទណ្ឌកម្មយ៉ាងតឹងរឹងទៅលើកូរ៉េខាងជើង ដែលកំពុងប្រឈមមុខនឹងការថ្កោលទោសនៅសប្ដាហ៍នេះ ដោយសារតែការព្យាយាមសាកល្បងគ្រាប់មីស៊ីលជាថ្មីម្ដងទៀតរបស់ប្រទេសមួយនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ការសន្យារបស់លោក ហូឡង់ កើតឡើងក្រោយជំនួបពិភាក្សាអស់រយៈពេល ១សប្ដាហ៍ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នៅទីក្រុងប៉ារីស។

លោក ហូឡង់ ថ្លែងថា៖ «យើងនឹងធានាថា នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបារាំងគឺជាសមាជិកអចិន្ត្រៃយ៍មួយ កូរ៉េខាងជើង នឹងរងទណ្ឌកម្ម ដោយសារយើងនឹងមិនអាចទទួលយកបាននោះឡើយ សូម្បីតែការគំរាមកំហែងតូចតាចចំពោះសុវត្ថិភាព និងសន្តិភាពតំបន់»។

លោក ហូឡង់ បានចាត់ទុកកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលកូរ៉េខាងជើងថាជា«ការគំរាមកំហែង»។

កាលពីថ្ងៃពុធកន្លងមកនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រជាឯកច្ឆ័នចំពោះសេចក្ដីថ្លែងការណ៍មួយធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលទាមទារឲ្យកូរ៉េខាងជើងដកខ្លួនពីសកម្មភាពនានាបន្ថែមទៀត ក្នុងនោះមានការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរផងដែរ ដែលបានរំលោភទៅនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។

សេចក្ដីថ្លែងការណ៍នោះបានរៀបរាប់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើការសាកល្បងបាញ់គ្រាប់មីស៊ីលបរាជ័យកាលពីថ្ងៃអង្គារកន្លងមកនេះ និងការសាកល្បងកាលពីថ្ងៃទី២៧ និង២៨ ខែមេសាកន្លងមក ដែលរំលោភយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចអន្តរជាតិរបស់កូរ៉េខាងជើង។

លោកស្រី Park ថ្លែងថា លោកស្រីបានស្វែងរកការគាំទ្រពីបារាំងក្នុងការរក្សាជំហរតឹងរឹងទៅលើកម្មវិធីផលិតគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកស្រីបន្តថា៖ «កូរ៉េខាងជើង ត្រូវតែយល់ថា គ្មានជម្រើសណាក្រៅពីបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះឡើយ»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តទណ្ឌកម្មដ៏តឹងរឹងមួយលើកូរ៉េខាងជើង បន្ទាប់ពីរដ្ឋឯកោមួយនេះបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទីបួនកាលពីខែមករាកន្លងមក និងការសាកល្បងគ្រាប់មីស៊ីលនាពេលថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ