ពៅ បញ្ញាពេជ្រ សម្ងំ​ព្យាបាល​​​​​ជំងឺ​ច្រើន​ខែ​​នៅ​ថៃ​

កញ្ញា ពៅ បញ្ញា​ពេជ្រ(រូបថតពីហ្វេសប៊ុក​របស់នាង)

ប្រមាណ៣ខែមកហើយដែលអតីតតារាចម្រៀងនាងពៅ បញ្ញាពេជ្រ បានសម្រាកព្យាបាលនៅក្នុងប្រទេសថៃ ដោយការព្យាបាលលើកនេះគឺផ្ដោតជាសំខាន់លើការសម្រួលសរសៃនិងធ្វើចលនាតាមបែបធម្មជាតិ។ យ៉ាងណាមិញ នាងថាស្ថានភាពជំងឺហាក់មិនមានអ្វីប្រសើរឡើងនោះទេ បើទោះជាចំណាយពេលច្រើនខែទៅហើយក្នុងការព្យាបាល។

ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារVODតាមបណ្ដាញហ្វេសប៊ុក កញ្ញា ពៅ បញ្ញាពេជ្រ ដែលអះអាងថាស្ថិតក្នុងប្រទេសថៃ បានថ្លែងថានាងចេញទៅព្យាបាលនៅក្នុងប្រទេសនោះកាលពីដើមខែមេសា ដោយគិតមិនទល់ពេលនេះ គឺមានរយៈពេលចំនួន៣ខែមកហើយ។ នាងថាខ្លួនសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលសសៃធំមួយក្នុងខេត្តអ៊ូប៊ុន ដែលជាកន្លែងសម្រាប់សម្រាកព្យាបាលរបស់អ្នកជំងឺងាប់សរសៃរបស់ប្រទេសថៃ។ នាងបានឡើងទៅកាន់ទីនោះ ជាមួយអ្នកមើលថែម្នាក់ ដោយខាងក្រុមគ្រួសារគឺជាអ្នកផ្គត់ផ្គង់លើការចំណាយទាំងស្រុង ដោយសារតែចង់អោយនាងទទួលបានឱកាសកម្រើកមួយកំណាត់ក្រោមឡើងវិញ ក្នុងហេតុការណ៍បាញ់ប្រហារកាលពីខែកុម្ភៈ ក្នុងឆ្នាំ២០០៧។ យ៉ាងណាមិញ នាងថាកម្រិតនៃការចំណាយមិនខ្ពស់ដូចគ្នានឹងពេលដែលនាងចេញទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យថៃនោះទេ ដោយសារតែនៅទីនោះគ្រាន់តែជាមណ្ឌលធ្វើសរសៃ មិនមែនជាមន្ទីរពេទ្យ។ នាងថាលទ្ធផលក្នុងការព្យាបាលចាប់តាំងពីនាងមកទទួលធ្វើសសៃមិនមានអ្វីខុសគ្នានោះទេ បើធៀបនឹងពេលដែលនាងមិនទាន់ឡើងពីកម្ពុជាមកព្យាបាលនៅក្នុងប្រទេសថៃ។

ពៅ បញ្ញាពេជ្រ និយាយថា៖ “៣ខែហ្នឹងដូចជាអត់បានផលទេបងអើយ! ប្រហែលមកពីសរសៃខ្ញុំក្នុងពេលដែលត្រូវគ្រាប់ហ្នឹងវាប៉ះពាល់ធ្ងន់ពេក ទើបខាងពេទ្យគាត់ប្រើមធ្យោបាយបែបណាក៏ដូចជាជាអត់លទ្ធផល!”។ នាងថាខ្លួនមានគម្រោងបន្តការព្យាបាលនៅក្នុងមណ្ឌលធ្វើសរសៃនោះ ចំនួនរយៈពេល៤ខែ ប៉ុន្តែនាងក៏អាចត្រឡប់ទៅមុនផងដែរ ប្រសិនបើការព្យាបាលនៅតែដដែល។

ពៅ បញ្ញាពេជ្រ បានអះអាងថាហេតុផលដែលរុញអោយនាងនិងគ្រួសារសម្រចចិត្តបញ្ជូននាងទៅដល់ខេត្តអ៊ូប៊ុន ទៅកាន់មណ្ឌលធ្វើសរសៃនោះ គឺដោយសារតែចង់អោយនាងគេចចេញពីការលេបថ្នាំនិងការចាក់ថ្នាំ ដែលបង្កអោយនាងមានការប៉ះពាល់ច្រើន។ នាងនិយាយថា៖ “កន្លែងហ្នឹងគេមកបានផលគ្រប់គ្នា ទើបគ្រួសារខ្ញុំគាត់សុខចិត្តប្រថុយយកខ្ញុំមកព្យាបាលជាលើកដំបូង! ខ្ញុំឆ្ងល់ដែរ ព្រោះខ្ញុំមក៣ខែ ហើយខាងគ្រូពេទ្យគាត់ជួយខ្ញុំ(ធ្វើសសៃ)ច្រើនមែនទែន ប៉ុន្តែដូចជាអត់បានផលមិចទេ ខ្ញុំគិតថាមើលទៅដូចជាអត់មានអីប្លែកសោះ ចឹងហើយទើបខ្ញុំអត់ច្បាស់ថាក្រោយចប់៤ខែ តើខ្ញុំត្រលប់ត្រូវឡើងមកព្យាបាលនៅហ្នឹងម្ដងទៀតឬក៏អត់ដែរ បើខ្ញុំមកឡើងច្រើនខែហើយអត់បានផលចឹង!”។ នាងរំលេចភាពអស់សង្ឃឹមជាថ្មី សម្រាប់ឱកាសឈរបាន និងដើរបាន បន្ទាប់ពីបានចំណាយពេល៣ខែទៅហើយនៅខេត្តអ៊ូប៊ុន តែមិនបានផ្លែផ្កា។ នាងថ្លែងបែបមិនមានជំនឿចិត្តថា៖ “មួយកំណាត់ក្រោមហ្នឹងប្រហែលជាគ្មានថ្ងៃកំរើកបានទេបងអើយ បើទៅណាក៏ពេទ្យថាអត់សង្ឃឹមចឹង ប៉ុន្តែខ្ញុំចេះតែប្រឹងទៅ សំខាន់កុំអោយតែធ្វើទុក្ខចុកនេះចុកនោះទៅខ្ញុំសប្បាយចិត្តណាស់ហើយ!”។

ពៅ បញ្ញាពេជ្រ បញ្ជាក់ថា គ្រួសាររបស់នាងសឹងនឹងអស់លទ្ធភាពបញ្ជូនអោយនាងទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបែបនេះទៀតហើយ ប៉ុន្តែមកពីចង់ផ្សងព្រេងអោយនាងបានជា ទើបប្រឹងត្រដាបត្រដួសចំណាយប្រាក់អោយនាងទៅព្យាបាលនៅប្រទេសថៃដល់ទៅ៤ខែ ដែលនឹងបញ្ចប់នៅដើមខែកក្កដាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ