​អាមេរិក​ជំរុញ​ឲ្យ​ចិន​លាតត្រដាង​ការ​ពិត​នៃ​ការបង្ក្រាប​ទីលាន​ធៀន​អាន​មេន​

សហរដ្ឋអាមេរិក បានរំលឹកខួបលើកទី ២៧ឆ្នាំ នៃការបង្ក្រាបរបស់អាជ្ញាធរចិនទៅលើការតវ៉ានៅទីលានធៀនអានមេន កាលពីឆ្នាំ១៩៨៩ ដោយអាមេរិកបានអំពាវនាវឲ្យក្រុងប៉េកាំងបញ្ចប់ការរំលោភសិទ្ធិមនុស្ស។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា តែប៉ុន្មានថ្ងៃមុនការចាប់ផ្ដើមកិច្ចពិភាក្សាយុទ្ធសាស្ត្រអាមេរិក-ចិនប្រចាំឆ្នាំ ក្រសួងការបរទេសអាមេរិក បានជំរុញឲ្យចិនអនុញ្ញាតឲ្យមានការរំលឹកដល់ហេតុការណ៍បង្ក្រាបនោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បាននិយាយថា រដ្ឋាភិបាលអាមេរិកបន្តអំពាវនាវឲ្យបង្ហាញដោយពេញលេញជាសាធារណៈនូវតួលេខអ្នកស្លាប់ ជាប់ឃុំ ឬបាត់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Jack Lew នឹងធ្វើដំណើរទៅប្រទេសចិននៅសប្ដាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់មួយស្ដីពីទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ។

ប៉ុន្តែមន្ត្រីអាមេរិកនិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងឈរជើងរឹងមាំគ្រប់គ្រាន់សម្រាប់ឲ្យក្រុងវ៉ាស៊ីងតោន និយាយអំពីក្ដីបារម្ភរបស់ខ្លួនដោយមិនបង្កឲ្យមានបញ្ហានោះឡើយ។

លោក Toner បាននិយាយថា ចិនមានការផ្លាស់ប្ដូរជាច្រើន ចាប់តាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩ នៅពេលដែលរដ្ឋាភិបាលចិន បានបង្ក្រាបយ៉ាងហិង្សាទៅលើបាតុកម្មដោយសន្តិវិធី នៅកណ្ដាលទីក្រុងប៉េកាំង។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ បន្ថែមថា ក្រុងវ៉ាស៊ីងតោន បន្តមានក្ដីបារម្ភខ្លាំងលើការរំលោភសិទ្ធិមនុស្សកំពុងកើតមាននៅចិន ដោយលោកបានលើកឡើងពីការឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស មេធាវី អ្នកកាសែត និងមេដឹកនាំសង្គមស៊ីវិល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ