សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹងទាស់របស់​លោក កឹម សុខា

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងទាស់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ករណីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់រូបលោកថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលខ្លួនទៅតុលាការ។

មេធាវីរបស់លោក កឹម សុខា បានចូលទៅតុលាការនៅព្រឹកថ្ងៃចន្ទនេះ ជំនួស លោក កឹម សុខា ដែលត្រូវបានព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា កោះហៅចូលមកសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះពីបទបដិសេធក្នុងការចូលខ្លួន

ក្រោយពីសវនាការជិត៣ម៉ោង មេធាវីលោក កឹម សុខា គឺលោក ហែម សុជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសាលាឧទ្ធរណ៍សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងករណីលោក កឹម សុខា។ លោកមានប្រសាសន៍ថា៖ “អយ្យការរបស់ចៅកក្រមស៊ើបសួរសាលាដំបូងភ្នំពេញហ្នឹង ឥលូវហ្នឹងសភាស៊ើបសួរសាលាឧទ្ធរណ៍គេបានបដិសេធសំណើរបស់មេធាវី ហើយគេបន្តឲ្យបញ្ជូនរឿងនេះត្រលប់ទៅវិញសាលាដំបូងក្រុងឲ្យស៊ើបសួរបន្តទៀត”។

លោកបន្តថាមេធាវីនឹងពិចារណាបណ្តឹងសាទុក្ខទៅតុលាការកំពូល។ លោកបន្តថាមេធាវីបានលើកឡើងពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ តែលោកថាសាលាឧទ្ធរណ៍បានច្រានចោល។ លោកបញ្ជាក់បន្ថែមថា៖ “មេធាវីទាំងអស់សុទ្ធតែបានលើកនូវគំនិតជុំវិញមាត្រា៨០នៃរដ្ឋធម្មនុញ្ញ មាត្រា៧ច្បាប់លក្ខន្តិកៈតំណាងរាស្រ្ត មាត្រា៩ ច្បាប់លក្ខន្តិកៈតំណាងរាស្រ្ត ដោយធ្វើការអះអាងថាឯកឧត្តម កឹម  សុខា គាត់ជាអ្នកតំណាងរាស្រ្តដែលនៅមានអភ័យឯកសិទ្ធិសភា ឥចឹងព្រះរាជអាជ្ញាគឺមិនអាចចោទប្រកាន់គាត់បានទេ បើចង់ធ្វើការចោទប្រកាន់គាត់ គឺត្រូវដកអភ័យឯកសិទ្ធិរបស់គាត់សិន ប៉ុន្តែជាក់ស្តែងសភាដែលប្រជុំកន្លងមកមានតែ៦៨រូបដែលមានស្លាបតែម្ខាងទេក៏បានប្រជុំហើយថាឲ្យបន្តនីតិវិធី ឥចឹងការសម្រេចរបស់សភាមិនស្របតាមខ្លឹមសារមាត្រា៨០របស់រដ្ឋធម្មនុញ្ញទេ”។ 

លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើតាំងពីថ្ងៃទី២៦ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចនួនពីរលើក។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ទៅ៦ខែ ប្រសិនបើតុលាការរកឃើញកំហុស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ