រដ្ឋមន្រ្តីថា​មិន​មាន​ករណីយក​ដី​មន្ទីរព័ត៌មានខេត្តបាត់ដំបង​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ នាពេលកន្លង​មក

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអតីតប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបំភ្លឺថាមិនមានការយកដីដែលជាកម្មសិទ្ធិរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបង មកធ្វើជាកម្មសិទ្ធឯកជននោះទេ។

រដ្ឋមន្រ្តីព័ត៌មាន លោក ខៀវ កាញារីទ្ធនិងអតីតប្រធានមន្ទីរព័ត៌មាន លោក គ្រី ចំរើន ដែលបានចូលនិវត្តន៍កាលពីខែឧសភា ឆ្នាំ២០១៦ បានលើកឡើងបែបនេះនៅក្នុងសេចក្តីបំភ្លឺមួយដែលចេញផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃចន្ទនេះ ក្រោយពីមានការប្តឹងថាអតីតប្រធានមន្ទីររូបនោះបានយកដីកម្មសិទ្ធិរបស់មន្ទីរទៅសាងសង់ផ្ទះនិងកាត់យកដីស្ថានីយ៍វិទ្យុចម្ការចេក។

បើតាមសេចក្តីបំភ្លឺនេះ លោក គ្រី ចំរើន បានបញ្ជាក់ថាមន្ទីរបានកាត់ដីស្ថានីយ៍វិទ្យុចម្ការចេកដែលមានទំហំសរុបជាង១១,៥ហិកតាឲ្យទៅក្រុមហ៊ុន ភូ លុយ ជិត៩ហិកតា តាមការប្រកាសរួមចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០០៩។ លោកបន្ថែមថាដីដែលនៅសល់ប្រមាណ២,៧ហិកតា សុរិយោដីខេត្តបានកាត់ដីជាង១ពាន់ម៉ែត្រការ៉េសម្រាប់ធ្វើផ្លូវទទឹងចំនួន២០ម៉ែត្រ។

បើតាមសេចក្តីបំភ្លឺ លោក គ្រី ចំរើន បានឲ្យដឹងតាមសេចក្តីបំភ្លឺទៀតថាលោកត្រូវបានអនុញ្ញាតឲ្យកាប់ព្រៃ ចាក់ដី ដើម្បីធ្វើផ្ទះស្នាក់នៅបណ្តោះអាសន្នលើកន្ទុយដីដែលនៅសេសសល់ពីការកាត់។ សេចក្តីបំភ្លឺបានបញ្ជាក់ថា៖ “កាលនោះគាត់(គ្រី ចំរើន)មានជីវភាពលំបាកខ្លាំងនិងគ្មានផ្ទះស្នាក់នៅ គឺគាត់ដើរជួលផ្ទះគេ”។ សេចក្តីបំភ្លឺបន្តថាកាលពីដើមខែកក្កដា ឆ្នាំ២០១១ លោក គ្រី ចំរើន បានដាក់ពាក្យស្នើសុំកន្ទុយដីឡូត៍ពីលោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្ត តែមិនមានការចុះហត្ថលេខាទេ ដោយអភិបាលខេត្តប្រាប់ថាបើមានគេមកសួរថាលោកជាអ្នកប្រាប់ឲ្យធ្វើ។

នៅក្នុងសេចក្តីបំភ្លឺដែរនោះ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថាករណីលោក គ្រី ចំរើននិងមន្រ្តីព័ត៌មានពីររូបទៀតគឺលោក ទី សុខុនសក្តិនិងលោក ឈុន ឬទ្ធី រស់នៅលើដីមន្ទីរព័ត៌មាន គ្រាន់តែជាការចាំដីនិងអគារតែប៉ុណ្ណោះ គឺមិនមានសិទ្ធធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ថាមន្ទីរព័ត៌មានក៏បានរៀបចំដាក់បញ្ចូលក្នុងបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរដ្ឋនាឆ្នាំ២០១៤ កន្លងរួចមកហើយដែរ ក៏ប៉ុន្តែមន្ទីរហិរញ្ញវត្ថុនិងខេត្តមិនទាន់ចុះហត្ថលេខានិងទាមទារឲ្យមន្ទីរព័ត៌មានដាក់បញ្ជូលដីមួយចំនួនទៀត។ លោកបញ្ជាក់ថា៖ “ដូច្នេះមន្ត្រីទាំងបីរបស់មន្ទីរព័ត៌មានមិនមានសិទ្ធិយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទេ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ