បក្សប្រឆាំង​គ្រោង​ស្នើ​គ.ជ.ប បកស្រាយរឿងទទួលស្គាល់​លោក សម រង្ស៊ី ជាបេក្ខភាព​តំណាងរាស្រ្ត

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សនឹងដាក់លិខិតមួយច្បាប់ទៅគណៈកម្មាធិការជិតរៀបចំការបោះឆ្នោត(គ.ជ.ប)និងរដ្ឋសភា ឲ្យពន្យល់ពីមូលហេតុដែលប្រធានគណបក្ស លោក សម រង្ស៊ី ត្រូវបានទទួលស្គាល់ជាបេក្ខភាពតំណាងរាស្រ្ត។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋសភាបានប្រកាសទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បន្ទាប់ពីគ.ជ.ប បានទទួលស្គាល់បេក្ខភាពរបស់លោក។ កាលពីខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសលើករណីមួយចំនួនដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីស្នាក់ការគណបក្ស នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តបក្សប្រឆាំង លោក សុន ឆ័យ បានថ្លែងថាលោក សម រង្ស៊ី ក្លាយជាបេក្ខភាពតំណាងរាស្រ្ដបាន ទាល់តែមានលិខិតថ្កោលទោសថាតើលោកមានទោសឬយ៉ាងណា។ លោកបន្តថាគ.ជ.ប បានទទួលស្គាល់លោកជាបេក្ខភាពតំណាងរាស្រ្តដែលលោកចាត់ថាលោក សម រង្ស៊ី ពុំមានទោសនោះទេ។

លោក សុន ឆ័យ ឲ្យដឹងថាគណបក្សនឹងដាក់លិខិតទៅគ.ជ.ប ឲ្យបកស្រាយពីករណីនេះ។ លោកមានប្រសាសន៍ថា៖ “យើងនឹងរៀបចំលិខិតស្នើទៅគ.ជ.ប បំភ្លឺអំពីហេតុផលដែលខ្ញុំបាននិយាយអំបាញ់មិញ អំពីករណីឯកឧត្ដម សម រង្ស៊ី ថាតើហេតុអ្វីបានជាគ.ជ.ប ថាគាត់សម្រេចអត់មានជាប់ពាក់ព័ន្ធរឿងទោសកាលពីអតីតកាល ស្អាតល្អឥតខ្ចោះ ទទួលគាត់ថាជាបេក្ខជន ហើយប្រកាសថាគាត់ជាប់ឆ្នោត ហើយបណ្ដោយឲ្យរដ្ឋសភានិងអាជ្ញាធរជាពិសេសតុលាការយកហេតុផលណាផ្សេង ដើម្បីដាក់ទោសគាត់ ហើយទម្លាក់គាត់ចេញពីសមាជិកតំណាងរាស្រ្ដ។ នេះជាលិខិតនឹងធ្វើថ្ងៃនេះ”

បើតាមលោក សុន ឆ័យ គណបក្សប្រឆាំងក៏នឹងដាក់លិខិតទៅរដ្ឋសភាបកស្រាយលើករណីលោក សម រង្ស៊ី ផងដែរ។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ គណបក្សសង្រ្គោះជាតិចាត់ទុកថានេះជាដីកានយោបាយ។

បើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែវិច្ឆិកា សាលដីការបស់សាលាឧទ្ធរណ៍កាត់ទោសលោក សម រង្ស៊ី បានចូលជាស្ថាពរតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ប៉ុន្តែសាលាដំបូងទើបបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី មកអនុវត្តទោសនៅពេលនេះ គឺធ្វើឡើងទៅតាមពាក្យសុំអនុវត្តសាលដីកានៅថ្ងៃទី១៣ ខែវិច្ឆិកា របស់មេធាវី ការ សាវុត្ថ ការពារក្តីឲ្យលោក ហោ ណាំហុង។

តំណាងរាស្រ្តបក្សកាន់អំណាច លោក ឈាង វុន ធ្លាប់បានលើកឡើងថាដោយសារមានការសម្របសម្រួលនយោបាយនិងមិនបានគិតពីរឿងវិវាទបុគ្គលជាមួយលោក ហោ ណាំហុង ទើបរដ្ឋសភាបានទទួលស្គាល់លោក សម រង្ស៊ី ជាតំណាងរាស្រ្ត។ លោកបញ្ជាក់ថានីតិវិធីសម្រាប់ឲ្យទណ្ឌិតអនុវត្តទោសមានការយឺតយ៉ាវ ដែលមិនត្រូវបានស្នើមកសាលាដំបូងវិញឲ្យបានទាន់ពេលវេលា។ លោកបញ្ជាក់បន្ថែមថាលោក សម រង្ស៊ី បានបាត់បង់អភ័យឯកសិទ្ធិរួចទៅហើយ បើតាមច្បាប់៕ ដោយ ណយ ធានី ខាន់ លក្ខិណា និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ