វិភាគ៖ តើ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ពី​សំណាក់​​អាជ្ញាធរ​ថៃ​រង្គោះ​រង្គើ​ដល់​សេដ្ឋកិច្ច​ឬ​ទេ?

(រូបភាពពីបាងកកប៉ុស្តិ៍)

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ ពលករ​ខ្មែរ​រាប់​ពាន់​នាក់ ដែល​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ បន្ទាប់​ពី​ប្រទេស​នេះ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស​ខុស​ច្បាប់។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា ពលករ​ខ្មែរ​ជិត ២​ពាន់​នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​មិន​ក្រោម ៦០០​នាក់​នោះ​ឡើយ​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ នៅ​តាម​ច្រក​ព្រំដែន​មួយ​នេះ។

សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ ពលករ​បរទេស​ខុស​ច្បាប់​ប្រហែល ៦​ម៉ឺន​នាក់ មិន​ថា​ជា​ពលករ​ខ្មែរ ឬ​ពលករ​ភូមា​ទេ បាន​រត់​គេច​ចេញ​ពី​ប្រទេស​ថៃ នៅ​ចន្លោះ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដោយ​បារម្ភ​អំពី​ការប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​រាប់​ម៉ឺន​បាត ហើយ​ថៅកែ​ដែល​ជួល​ពលករ​បរទេស​ដោយ​ខុស​ច្បាប់ ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​ដល់​ ៨​​សែន​បាត ឬ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​ឯណោះ។

បន្ទាប់​ពី​ចលនា​ពលករ​បរទេស​គេច​ខ្លួន​ដ៏​ច្រើន​បែប​នេះ រដ្ឋាភិបាល​ថៃ​ក៏​បាន​ផ្អាក​អនុវត្តផ្នែក​ខ្លះ​នៃ​ច្បាប់​ថ្មី​នេះ​ក្នុង​រយៈ​ពេល ១២០​ថ្ងៃ ឬ​ ៤ខែ​ ក្នុង​នោះ​ផ្អាក​អនុវត្ត​ប្រការ​ផាក​ពិន័យ​ទៅលើ​ថៅកែ​ជួល​ពលករ​បរទេស​ខុស​ច្បាប់​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ការងារ​ផង​ដែរ។

ក្រោយ​ពី​បញ្ហា​នេះ​បាន​ផ្ទុះ​ឡើង វា​ជំរុញឲ្យ​មាន​ការ​​ចោទ​សួរ​​ តើ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ទៅ​លើ​ពលករ​ខ្មែរ និង​ពលករ​ភូមា ​នឹង​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់​សេដ្ឋកិច្ច​ថៃ​ឬ​ទេ?

មុន​នឹង​ឈាន​ទៅ​ស្វែង​យល់​ថា តើ​វិធានការ​រដ្ឋាភិបាល​ថៃ​ទៅ​លើ​​ពលករ​បរទេស​ខុស​ច្បាប់ ប៉ះ​ពាល់​ដល់​សេដ្ឋិច្ច​ថៃ​ក្នុង​កម្រិត​ណា​នោះ ជា​ដំបូង​នេះ គេ​តែ​ស្វែង​យល់​ថា តើ​ពលករ​បរទេស​មាន​ចំនួន​ប៉ុន្មាន​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​សព្វ​ថ្ងៃ​នេះ ជា​ពិសេស ពលករ​ខ្មែរ​យើង។

បើ​ផ្អែក​ទៅ​តាម​អង្គការ​សន្ត​ប្រវេសន៍​អន្តរជាតិ ហៅ​កាត់​ថា IOM បាន​ឲ្យ​ដឹង​ថា ពលករ​អន្តោ​ប្រវេសន៍​ជាង ៣​លាន​នាក់ កំពុង​ស្នាក់នៅ និង​​បម្រើការងារ​នៅ​ក្នុង​ប្រទេស​ថៃ។ ពលករ​បរទេស​ទាំង​នោះ ភាគច្រើន​ ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការងារ​ក្នុង​វិស័យ​មិន​ត្រូវ​ការ​ជំនាញ និង​ផ្ដល់​ប្រាក់​ឈ្នួល​ទាបៗ ដូចជា វិស័យ​នេសាទ និង​កែច្នៃ​ត្រី វិស័យ​សំណង់ កសិកម្ម និង​នៅ​តាម​រោងចក្រ​។ ពលករ​ទាំង​នោះ ជា​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​ជិត​ខាង​ថៃ មាន​ភូមា កម្ពុជា និង​ឡាវ។

និយាយ​ដោយ​ឡែក​អំពី​ពលករ​ខ្មែរ​វិញ គ្មាន​តួលេខ​ណា​ច្បាស់​លាស់​អំពីចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ មិន​ថា​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ​នោះ​ឡើយ។ បើ​ផ្អែក​តាម​តួលេខ​របស់​រដ្ឋាភិបាល​ថៃ ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេះ មាន​ចំនួន​ជិត ៧០​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​រដ្ឋាភិបាល​ថៃ ក្រោយ​ការ​ចាប់​បញ្ជូន​ចេញ​យ៉ាង​ធំ​កាល​ពី​ឆ្នាំ​២០១៤។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ថៃ បាន​ចុះ​បញ្ជី​មនុស្ស​ដល់​ទៅ​ជាង ៤​ម៉ឺន ២​ពាន់​នាក់​ទៀត ដែល​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ស្ថិត​ក្នុង​​បន្ទុក​របស់​ពលករ​ខ្មែរ មាន​ន័យ​ថា ពួកគេ​អាច​ជា​កូន អាច​ជា​ប្រពន្ធ ជា​ដើម។ សុរប​ទាំង​អស់ ជន​អន្តោ​ប្រវេសន៍​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ អាចមាន​ចំនួន​ជាង ៧៣​ម៉ឺន ៦​ពាន់​នាក់ គិត​ត្រឹម​ឆ្នាំ​២០១៤​កន្លង​មក។

ពលករ​ខ្មែរ ក៏​ដូចជា​ពលករ​ភូមា​ដែរ ភាគ​ច្រើន​បម្រើ​ការងារ​នៅ​តំបន់​ភាគ​កណ្ដាល​ បណ្ដា​ខេត្ត​ស្ថិត​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត និង​បណ្ដា​ខេត្ត​សម្បូរ​ចម្ការ​កៅស៊ូ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

ងាក​ទៅ​ពិនិត្យ​មើល​ផល​ប៉ះ​ពាល់​លើ​វិស័យ​សេដ្ឋ​កិច្ច​វិញ វា​ប្រាកដ​ណា​ស់​ថា វិធានការ​ដ៏​តក់​ក្រហល់​បែប​នេះ​របស់​រដ្ឋាភិបាល​ថៃ ពិត​ជា​ប៉ះ​ពាល់​ទៅ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ មិន​ថាតិច ឬ​ច្រើន​នោះ​ទេ ដែល​នេះ​ហើយ​ជា​មូល​ហេតុ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​សម្រេច​ផ្អាក​ការ​អនុវត្ត​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដី​ពីការ​គ្រប់​គ្រង​ពលករ​បរទេស នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក វា​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​ថៃ​ប្រាកដ​ជា​ទទួល​ស្គាល់​នូវ​ការ​ចូល​រួម​ចំណែក​កាន់​តែ​ធំ​ឡើង​របស់​ពលករ​បរទេស ក្នុង​ការ​ជួយ​ពូន​ផ្ដុំ​ជំរុញ​កម្លាំង​ម៉ាក្រូ​សេដ្ឋកិច្ច​ថៃ នោះ​ក៏​ព្រោះ​តែ​ស្ថាប័ន​អន្តរជាតិ​ធំៗ បាន​សិក្សា​ទៅ​លើ​ផល​ចំណែក​ដែល​ពលករ​បរទេស​បាន​ចូល​រួម​ក្នុង​សរសៃរ​​សេដ្ឋកិច្ច​ថៃ​អស់​រយៈ​ពេល​​មិន​តិច​ជាង ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

​របាយការណ៍​សិក្សា​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ បាន​រក​ឃើញ​ថា កាល​ពី​ ១០​ឆ្នាំ​មុន កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ មាន​ចំនួន ៣៦លាន​នាក់ ក្នុង​នោះ​មាន​ពលករ​ប្រហែល ៥​ភាគរយ ឬ​ស្មើ​នឹង ១.៨​លាន​នាក់។ ពលករ​ចំណាក​ស្រុក​នេះ ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការងារ​មិន​ត្រូវការ​ជំនាញ ដែល​ការងារ​ទាំង​នោះ មិន​ត្រូវ​បាន​ពលរដ្ឋ​ថៃ​ចាប់​អារម្មណ៍​ទៀត​នោះ​ទេ ប៉ុន្តែ ប្រទេស​នេះ​ពិត​ជា​មាន​តម្រូវការ​កម្លាំង​ពលកម្ម​បែប​នេះ​ខ្ពស់។ ដូច្នេះ ពលករ​ទាំង​នេះ ប្រាកដ​ណាស់​ថា បាន​ជួយ​ឲ្យ​រោងចក្រ សហគ្រាស ផលិតកម្ម​ខ្នាត​តូច និង​មធ្យម​របស់​ថៃ​មាន​ដំណើរ​ការ​ទៅ​ដោយ​រលូន និង​ចំណាយ​ប្រាក់​ឈ្នួល​ទាប ប៉ុន្តែ ពោរ​ពេញ​ទៅ​ដោយ​ការ​កេង​ប្រវ័ញ្ច។

បើ​គេ​ក្រឡេក​ទៅ​មើល​ទំហំ​នៃ​ការ​ចូល​រួម​របស់​ពលករ​បរទេស​ទៅ​ក្នុង​ម៉ាក្រូ​​សេដ្ឋកិច្ច​ថៃ​វិញ វា​ពិត​ណាស់​ថា វា​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​រាប់​រយ​លាន​ដុល្លារ រហូត​ដល់​ពាន់​ដុល្លារ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

កាល​ពី​ឆ្នាំ​១៩៩៥ នៅ​ពេល​ដែល​ពលករ​បរទេស​មាន​ចំនួន​ត្រឹម​តែ ៧៥​ម៉ឺន​នាក់ វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍ​ថៃ បាន​ប៉ាន់​ប្រមាណ​ថា ពលករ​អន្តោ​ប្រវេសន៍បាន​ចូលរួម​ចំណែក​ប្រហែល ០.៥​ភាគរយ​ ឬ​ប្រហែល ៨៣៩​លាន​ដុល្លារ នៃ​ទំហំ​សេដ្ឋកិច្ច​ថៃ​ទាំង​មូល​នា​ពេល​នោះ ១៦៨​ពាន់​លាន​ដុល្លារ។ រយៈ​ពេល ១០​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ចំនួន​ពលករ​កាន់​តែ​មាន​ចំនួន​ច្រើន ពួកគេ​បាន​ចូល​រួម​ចំណែក​ដល់​ទៅ ១.២៥​ភាគរយ ឬ​ស្មើ​នឹង ២​ពាន់​លាន​ដុល្លារ នៃ​ទំហំ​សេដ្ឋកិច្ច​ថៃ​ទាំង​មូល។ ផល​ចំណែក​ដែល​ពលករ​បរទេស​បាន​ចូល​រួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ពោល​អាច​មាន​ចំនួន​លើស​ពី ៥​ពាន់​លាន​ដុល្លារ។

បើ​និយាយ​ដោយ​លម្អិត​ទៅ​ទៀត ពលករ​អន្តោ​ប្រវេសន៍ បាន​ចូល​រួម​ចំណែក​ក្នុង​ទំហំ​មួយ​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដែល​ទ្រទ្រង់​​សេដ្ឋកិច្ច​ថៃ។ ពលករ​បរទេស​បាន​ចូល​រួម​ចំណែក​ដល់​ទៅ ១២​ភាគរយ​នៅ​ក្នុង​វិស័យ​កសិកម្ម ១៥​ភាគរយ​នៅ​ក្នុង​វិស័យ​នេសាទ ៤០​ភាគរយ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ ២០​ភាគរយ​ទៀត​នៅ​ក្នុង​វិស័យ​សេវាកម្ម។ របាយការណ៍​អង្គការ​អន្តរជាតិ​នានា សុទ្ធ​តែ​ផ្ដល់​ជា​មតិ​ថា ប្រសិន​ពលករ​បរទេស​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការងារ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​រៀបចំ​ឲ្យ​មាន​របៀប​រៀប​រយ ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​ការពារ​សុវត្ថិភាព សុខមាលភាព និង​របប​សង្គម​កិច្ច ពួកគេ​នឹង​កាន់​តែ​ចូល​រួម​ចំណែក​​ដល់​ទៅ​ ៦.២​ភាគរយ នៅ​​ក្នុង​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

ដោយ​ដឹង និង​ទទួល​ស្គាល់​ពី​ការ​ចូល​រួម​ចំណែក​ដ៏​ធំរបស់​ក្រុម​ពលករ​អន្តោ​ប្រវេសន៍​ទៅ​ក្នុង​សេដ្ឋកិច្ច​ថៃ ចុះ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​យោធា​ថៃ​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​មក​វិញ? បញ្ហា​ដែល​មិន​ទាន់​ចប់​មួយ​គឺ​ថា រដ្ឋាភិបាល​ថៃ​មិន​ថា​បច្ចុប្បន្ន ឬ​រដ្ឋាភិបាល​ស៊ីវិល​មុនៗ​ទេ សុទ្ធ​តែ​រង​ការ​រិះគន់​យ៉ាង​បែក​ផ្សែង​ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​មនុស្ស និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ មាន​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ​នោះ​ឡើយ នៅ​ក្នុង​កែវ​ភ្នែក​របស់​បណ្ដា​ប្រទេស​ការពារ និង​ជំរុញ​ការ​គោរព​សិទ្ធិ។ ជាក់​ស្ដែង នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ដាក់​ថៃ​ឲ្យ​ស្ថិត​ក្នុង​បញ្ជីអាក្រក់​មួយ ជុំ​វិញ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​ប្រទេស​នេះ មិន​ទាន់​បំពេញ​បាន​ពេញ​លេញ​ទៅ​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​នោះ​ឡើយ។

ដូច្នេះ ដោយ​ពិនិត្យ​មើល​លើ​ចំណុច​វិជ្ជមាន រដ្ឋាភិបាល​ថៃ​កំពុង​ព្យាយាម​គ្រប់គ្រង​លើ​ពលករ​បរទេស​ឲ្យ​បាន​ណែន ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ ឬ​ក៏​លុប​បំបាត់​ទាំង​ស្រុង​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន ការ​កេង​ប្រវ័ញ្ច​ពលកម្ម​មនុស្ស និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ហើយ​នៅ​ពេល​ដែល​ស្ថានភាព​ពលករ​កាន់​តែ​ល្អ​ប្រសើរ​នោះ វា​ប្រាកដ​ណាស់​ថា នឹង​ចូល​រួម​ចំណែក​កាន់​តែ​ធំ​បន្ថែម​ទៀត​ក្នុង​ម៉ាក្រូ​សេដ្ឋកិច្ច​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ