លោក ហ៊ុន សែន សួរខ្លួនឯង ហើយឆ្លើយខ្លួនឯងរឿងការបន្តគ្រប់គ្រងអំណាច

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:23 PM | នយោបាយបោះឆ្នោត | 0 | 3568 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចោទសួរខ្លួនឯងនូវសំណួរមួយចំនួន ហើយឆ្លើយខ្លួនឯងវិញដោយរំពឹងថានឹងធ្វើឲ្យបក្សកាន់អំណាចបន្ដឈ្នះឆ្នោតទៅដឹកនាំរដ្ឋាភិបាលមួយអាណត្តិទៀត​។

យោងតាមការចុះផ្សាយលើបណ្ដាញហ្វេសប៊ុក លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនមានចំណុចខ្លាំងចំនួន៤ គឺបានជួយរំដោះប្រទេសពីរបបខ្មែរក្រហម រកបាននូវសន្ដិភាពពិតប្រាកដជូនជាតិមាតុភូមិ និងកសាងប្រទេសពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ លោកហ៊ុន សែន អះអាងថា មានតែខ្លួនលោកទេ ដែលបានតស៊ូ រួមទុក្ខជាមួយពលរដ្ឋ និងមិនដែលរត់ទៅក្រៅប្រទេសដូចមេដឹកនាំឯទៀត។

បើតាមហ្វេសប៊ុក លោកសរសេរថា៖ «តើមេដឹកនាំគណបក្សណាមួយ ដែលហ៊ានលះបង់សូម្បីអាយុជីវិតខ្លួនមិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋ ទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេស ហើយនៅតែតស៊ូរួមសុខរួមទុក្ខជាមួយពលរដ្ឋ តាំងពីប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម រហូតមកទល់សព្វថ្ងៃនេះ? គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន»។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ហាក់ឌឺដងទៅអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

បើតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅ លោក សម រង្ស៊ី បានពន្យល់ថា មូលហេតុដែលលោកបង្ខំចិត្ត បន្ដនិរទេសខ្លួននៅបរទេស គឺដោយសារមានការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃ។ លោកអះអាងថា វត្តមានរបស់លោកក្នុងប្រទេសកម្ពុជា ធ្វើឲ្យមេដឹកនាំទាំងនោះមានការភ័យខ្លាច និងបន្ដយាយីមកលើគណបក្សសង្គ្រោះជាតិ។

បើតាមហ្វេសប៊ុក លោក សម រង្ស៊ី បានហៅអ្នកដែលចង់កែច្បាប់គណបក្សនយោបាយឡើងវិញ ដោយលោកទំនងជាសំដៅទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថាជាមេដឹកនាំផ្ដាច់ការ និងមនុស្សល្ងង់បំផុត។ លោកថា ការធ្វើវិសោធនកម្មច្បាប់ឡើងវិញ ដោយគ្រាន់ចង់កម្ចាត់លោកចេញពីឆាកនយោបាយ គឺជារឿងខុសឆ្គងនិងផ្ទុយពីការធ្វើច្បាប់ក្នុងសង្គមប្រជាធិបតេយ្យ ដែលធ្វើឡើងដើម្បីការពារប្រយោជន៍សាធារណៈ ជាជាងដើម្បីកម្ចាត់គ្នាទៅវិញទៅមក។

បើតាមហ្វេសប៊ុក លោក សម រង្ស៊ី សរសេរថា៖ «គេកែចុះកែឡើង ហើយយកច្បាប់នេះមកលេងសើច គ្រាន់តែក្នុងគោលបំណងចង់កម្ចាត់ខ្ញុំពីឆាកនយោបាយ កុំឲ្យខ្ញុំអាចប្រកួតប្រជែងជាមួយគេបានទៀត។ តែអ្នកដែលមានគំនិតបែបនេះ ជាមនុស្សល្ងង់ផុតលេខ ពីព្រោះសម័យនេះ មិនអាចរារាំង ឬទប់ស្កាត់ការផ្សព្វផ្សាយការពិត គំនិតស្នេហាជាតិ គំនិតយុត្តិធម៌ និងគំនិតជឿនលឿនបានទេ តាមរយៈបច្ចេកវិទ្យាទំនើប ដូចជា អ៊ីនធើណេតនិងហ្វេសប៊ុក»។

នៅក្នុងជីវិតជាអ្នកនយោបាយ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បាននិរទេសខ្លួនទៅនៅក្រៅប្រទេសជាបន្ដបន្ទាប់។ ហើយបច្ចុប្បន្ន លោក សម រង្ស៊ី ក៏កំពុងរស់នៅឯបរទេសដែរ ដោយសារមានបណ្ដឹងជាច្រើនមកលើរូបលោកពីសំណាក់មន្ដ្រីរដ្ឋាភិបាល។

កាលពីពេលថ្មីៗនេះដែរ មន្ដ្រីបក្សកាន់អំណាចឲ្យដឹងថា តំណាងរាស្ត្រគណបក្សប្រជាជនជាង​៣០​រូប បា​នចុះហ​ត្ថ​លេ​ខា​​​រួ​​មគ្នា ដើម្បីបើកផ្លូវឲ្យរដ្ឋសភាអនុម័តលើការស្នើ​សុំធ្វើ​វិសោធ​ន​​ក​​ម្មច្បា​​ប់ស្ដីពី​​​គ​​ណបក្ស​ន​យោ​​​បា​យ ជាលើទី២។ មន្ដ្រីបក្សកាន់អំណាចថា ការកែច្បាប់នេះ គឺដើម្បីរារាំងលោក សម រង្ស៊ី មិនឲ្យ​ធ្វើស​ក​ម្ម​ភា​ពនយោបាយនៅពីក្រោយគណបក្សសង្រ្គោះជាតិឡើយ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required