នាយករដ្ឋមន្រ្តីប្រកាសលុបចោលគម្រោងអភិវឌ្ឍន៍ផ្សារនៅខេត្តកំពង់ស្ពឺ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសលុបចោលគម្រោងសង់ផ្សារឯកជននិងចំណតរថយន្តនៅក្រុងច្បារមក ខេត្តកំពង់ស្ពឺ ខណៈមានការតវ៉ាពីសំណាក់អាជីវករ។

ការសម្រេចនេះធ្វើឡើងនៅពេលលោក ហ៊ុន សែន ចុះទៅកាន់ខេត្តកំពង់ស្ពឺនៅថ្ងៃនេះ។

នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ក៏បានបន្ថែមថា លោកនាយករដ្ឋមន្រ្តីបានបដិសេធគម្រោងធ្វើព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺនេះផងដែរ។

មន្ត្រីរៀបចំដែនដីនគររូបនីយកម្មនិងភូមិបាលក្រុងច្បារមនធ្លាប់ប្រាប់ VOD កាលពីឆ្នាំ២០១៣ថា ចំណតរថយន្តផ្សារកំពង់ស្ពឺនេះត្រូវបានក្រសួងសេដ្ឋកិច្ចនិងក្រសួងមហាផ្ទៃបានសម្រេចផ្តល់ទៅឲ្យក្រុមហ៊ុន ឈួន គីមសាន ដើម្បីពង្រីកដីឡូតិ៍របស់ខ្លួន។ ដោយក្រុមហ៊ុនសន្យានឹងធ្វើការសាងសង់ចំណតរថយន្តនិងផ្សារជូនអាជីវករនៅទីតាំងថ្មី។ តែអាជីករផ្សារនេះបានតវ៉ាជាបន្តបន្ទាប់។

នាយកប្រតិបត្តិសម័ន្ធគណនេយ្យសង្គម លោក សន ជ័យ យល់ថាការសម្រេចរបស់លោកនាយករដ្ឋមន្រ្តីនៅពេលនេះ ជាការទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋច្រើនជាង។ តែលោកថាអ្វីដែលលោកចង់ឃើញនោះគឺការសម្រេចចិត្តមួយមានលក្ខណៈជាប្រព័ន្ធជាជាងការសម្រេចចិត្តតែលើបុគ្គលតែម្នាក់។

លោកថា៖ ខ្ញុំចង់ឃើញក្រសួងជំនាញដើតួនាទីនេះជាជាងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី។ ព្រោះក្រសួងជំនាញគេមុននឹងធ្វើអី គេធ្វើការសិក្សាទៅលើផលប្រយោជន៍និងផលប៉ះពាល់បានស៊ីជម្រៅជាង។ និយាយទៅយើងនៅតែទទួចឲ្យមានការសិក្សារបស់ស្ថាប័នជំនាញបើសិនជារកឃើញថាការផ្តល់ឲ្យដោយក្រសួងមហាផ្ទៃនោះវាខុស វាខាតប្រយោជន៍ប្រជាពលរដ្ឋហ្នឹង គួរតែមានការបង្ហាញជាសាធារណៈ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រីទើបសម្រេចចិត្តតាមក្រោយវាមិនហួសពេលទេ។ ធ្វើទៅវាចំណេញទាំងសងខាង ទាំងគោលនយោបាយរបស់រដ្ឋាភិបាល ចំណេញទាំងភាគីពាក់ព័ន្ធ

គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលលោកនាយករដ្ឋមន្ត្រីសម្រេចភ្លាមៗបែបនេះ។ ជាក់ស្តែងកាលពីចុងឆ្នាំ២០១៥ គឺក្នុងរយៈពេលតែ២ថ្ងៃលោកបានសម្រេចចិត្ត២លើកក្នុងការឈប់យកលុយនិងសម្រេចឲ្យរដ្ឋាភិបាលទិញយកផ្លូវវិនិយោគរបស់ក្រុមហ៊ុន Tollway ដែលប្រមូលប្រាក់ពីអ្នកដំណើរឆ្លងកាត់ផ្លូវវេងស្រេងមកឲ្យរដ្ឋកាន់កាប់វិញ។

ហើយនៅថ្ងៃទី១៣ មករា ឆ្នាំ២០១៦ លោកបានប្រាប់នៅក្នុងរដ្ឋសភាថា លោកបានសម្រេចបញ្ឈប់មិនឲ្យយកលុយទាំងស្រុងពីអ្នកដំណើរទាំងអស់ដែលឆ្លងកាត់ផ្លូវជាតិលេខ៤ និងក្រោយមករដ្ឋាភិបានបានដកការវិនិយោគរបស់ក្រុមហុន AZ ទៅលើកំណាត់ផ្លូវនេះមកឲ្យរដ្ឋាភិបាលគ្រប់គ្រងវិញ។ បន្ទាប់ពីការដកនោះបានធ្វើឲ្យបុគ្គលិកក្រុមហ៊ុននេះជាច្រើននាក់បានបាត់បង់ការងាររបស់ខ្លួន។

ប៉ុន្តែការសម្រេចចិត្តរបស់លោក ហ៊ុន សែន នៅពេលនេះគឺធ្វើឡើងក្នុងយុទ្ធនាការ២៥រាជធានីខេត្តដោយ ចាប់ផ្តើមតាំងពីថ្ងៃទី២០ខែកក្កដា ដែលថាបំណងគឺជំរុញឲ្យមន្ត្រីធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ