ទូរទស្សន៍ប៉ុស្ដិ៍លេខ​​៥ បោះទុន​ផលិត​រឿង​​​​​​ភាគ​ស៊ើបអង្កេត​

កាលពីថ្ងៃទី៣សីហា មុននេះ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានប្រកាសពីគម្រោងផលិតរឿងប្រភេទស៊ើបអង្កេតបើកឆាកមួយ ដោយអះអាងថាក្រៅពីបោះទុនខ្ពស់ អមដោយការរៀបចំក្រុមការងារផលិតយ៉ាងម៉ត់ចត់ខុសប្លែកពីការផលិតរឿងភាគកន្លងមក ក៏រំពឹងខ្ពស់ផងដែរថារឿងដល់ទៅ២ដែលខ្លួនបានផលិត នឹងជោគជ័យ។ យ៉ាងណាក៏ដោយនោះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ចំពោះលទ្ធផលនៅមិនទាន់មានអ្នកដឹងនោះទេក្នុងពេលដែលរឿងប្រភេទស៊ើបអង្កេតត្រូវគេដឹងយូរមកហើយថាពិបាកផលិតនិងកម្រិតនៃការសម្ដែងរបស់តួអង្គក៏ខ្ពស់។

លោក ប៊ុន ស៊ា ចាងហ្វាងផលិតកម្ម B & S Good Day Video ដែលជាក្រុមផលិតមួយក្នុងចំណោមក្រុមផលិតរឿងភាគរបស់ប៉ុស្ដិ៍លេខ៥បានអះអាងថា នាពេលកន្លងមកស្ថាប័នមួយនេះមិនទាន់បានផលិតរឿងភាគប្រភេទស៊ើបអង្កេតនោះទេ ដោយសារតែក្រុមការងារមិនសូវថ្នឹកនឹងការដឹកនាំឈុតសម្ដែងប្រភេទបែបនោះនិងដោយសារតែកង្វះតួសម្ដែងអោយត្រូវនឹងឈុតឆាកជារបៀបស៊ើបអង្កេត។

លោក ប៊ុន ស៊ា ថាខ្លួនបានសម្រេចចិត្តផលិតរឿងប្រភេទនេះជាលើកដំបូងដល់ទៅ២រឿងក្នុងពេលតែមួយតែម្ដង ដោយសារតែយល់ឃើញថារឿងភាគទូរទស្សន៍ បើមានការផលិតរឿងភាគប្រភេទស៊ើបអង្កេតពិតជាទាក់ទាញជាងរឿងមនោសញ្ចេតនានិងស្នេហាកាច់កុង។

លោកថាខ្សែរឿងដែលខ្លួនធ្វើការផលិតនោះគឺរឿង «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» ដោយរឿងទាំងពីរគឺមានឈុតឆាកស៊ើបអង្កេតនិងអាថ៌កំបាំងមិនតិចជាង៣០ទៅ៤០ភាគរយនោះទេក្នុងរឿងនីមួយៗ។

លោក ប៊ុន ស៊ា បញ្ជាក់ថាខ្សែរឿងទាំងពីរទម្រាំឈានដល់ការចេញថតគឺមានការសិក្សាពីក្រុមផលិតនិងធ្វើតេស្ដតួសម្ដែងច្រើន ដើម្បីកុំឲ្យផលិតរឿងស៊ើបអង្កេតក្លាយជាការរិះគន់។ លោកនិយាយថា «រឿងស៊ើបអង្កេតគឺពិបាកផលិត ប៉ុន្តែបើយើងធ្វើបានគឺខ្លាំង ចឹងហើយទើបខ្ញុំប្រថុយផលិតអោយប៉ុស្ដិ៍លេខ៥ ព្រោះបើយើងគិតតែខ្លាចនៅតែអត់រឿងចឹងៗមើលហ្នឹង!»។

លោក ទិត្យ ធារិទ្ធិ អ្នកដឹកនាំផលិតបានអះអាងថាដ្វីដ្បិតតែផលិតកម្មរឿង «ឋានសួគ៌វណ្ណៈ» និងរឿង «វិរសេនីយ៍កំពូលស្នេហ៍» ត្រូវបានប្រកាសផលិតក្នុងពេលតែមួយ ប៉ុន្តែខ្សែរឿងទាំងពីរត្រូវកំណត់ឲ្យដឹកនាំផលិតដោយក្រុមផ្សេងគ្នានោះទេ។

លោកថាក្នុងចំណោមរឿងទាំងពីរ រឿង «ឋានសួគ៌វណ្ណៈ» មានលក្ខណៈជារឿងស៊ើបអង្កេតខ្លាំងជាង ដោយភាពអាថ៌កំបាំងស៊ីជម្រៅក៏ច្រើនជាងដែរ បើធៀបនឹងរឿង «វរសេនីយ៍កំពូលស្នេហ៍» ដែលបង្កប់នូវភាពកំប្លុកកំប្លែង និងកាច់កុងគ្នាលាយឡំ។

ក្នុងខ្សែរឿងទាំងពីរ លោកថា សាច់រឿងភាគច្រើនមានភាពស្មុគស្មាញគួរសម ហើយបើធៀបនឹងរឿងភាគស្នេហាដែលប៉ុស្ដិ៍លេខ៥ធ្លាប់ថតគឺសំបូរប្លង់ពិបាកជាង។ យ៉ាងណាមិញ លោកថាមិនអាចរារែកបានទេ ដោយសារតែលោកយល់ថាការផលិតរឿងភាគគឺវាល្មមដល់ពេលដែលត្រូវរំលេចឲ្យឃើញនូវប្រភេទខ្សែរឿងដែលមានលក្ខណៈជាប្រភេទរឿងស៊ើបអង្កេតជាបណ្ដើរៗ ដើម្បីកុំឲ្យមានតែរឿងប្រភេទស្នេហាឬឡប់ៗដដែលៗ។

លោកថាខ្សែរឿងប្រភេទស៊ើបអង្កេតទាក់ទាញមហាជនមិនចាញ់រឿងប្រភេទកំប្លែងនិងស្នេហាកាច់កុងនោះទេ ហើយទើបរឿងភាគហុងកុង ឥណ្ឌា កូរ៉េ និងរឿងសិង្ហបុរីជាដើមនៅមានឥទ្ធិពល។

ដោយមើលឃើញពីចំណុចទាក់ទាញនោះហើយ ដែលលោក ទិត្យ ធារិទ្ធិ ថាផលិតកម្ម B & S Good Day Video ក្នុងនាមប៉ុស្ដិ៍លេខ៥ក៏សម្រេចចិត្តសាកល្បងផលិតរឿងនេះ ដើម្បីស្ទាបស្ទង់ទឹកដៃនិងទីផ្សារ។ យ៉ាងណាមិញ លោកថាខ្សែរឿងទាំងពីរមិនទាន់ជារឿងប្រភេទស៊ើបអង្កេតពេញលក្ខណៈនៅឡើយទេ ដោយនៅតែមានបង្កប់ឈុតឆាកកំប្លែង ស្នេហា កាច់កុង និងកំសត់ច្រើននៅឡើយ។ លោកថារឿង «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» នឹងគ្រោងបញ្ចប់ព្រមគ្នានៅ៣ខែក្រោយ ដោយនឹងផ្ដើមការចាក់ផ្សាយជាផ្លូវការបណ្ដើរៗ នៅពាក់កណ្ដាលខែតុលា ព្រមគ្នានៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ