លោក ម៉ម សូណង់ដូ លាលែងពីតំណែងប្រធានបក្សសំបុកឃ្មុំ

លោក ម៉ម សូណង់ដូ (រូបថត៖ ទេព សូនី)

ប្រធានគណបក្សមួយបានប្រកាសលាលែងពីតំណែង បន្ទាប់លទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីខែកក្កដា បង្ហាញថា គណបក្សនេះមិនទទួលបានតំណែងជាមេឃុំនិងមិនល្អដូចការរំពឹងទុក។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃសុក្រទី៣ សីហា ឆ្នាំ២០១៧ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានប្រកាសលាលែងពីតំណែងប្រធានបក្ស ដោយថា លទ្ធផលកាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ មិនដូចការរំពឹងទុក ពោលគឺគណបក្សនេះ មិនទទួលបានអាសនៈមួយសោះ ក្នុងតំណែងក្រុមប្រឹក្សាឃុំសង្កាត់។

បើតាមសេចក្ដីប្រកាស លោក ម៉ម សូណង់ដូ នឹងឈប់កាន់តំណែងប្រធានបក្ស ចាប់ពីថ្ងៃទី៤កញ្ញាឆ្នាំ២០១៧ទៅ ដោយថា លោកនឹងទុកពេលឲ្យគណៈកម្មាធិការអចិន្ដ្រៃយ៍ រកដំណោះស្រាយតាមនីតិវិធីច្បាប់ ស្របតាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្សនេះ។

នៅឆ្នាំ១៩៩៤ លោកបានបង្កើតស្ថានីយវិទ្យុមួយឈ្មោះ វិទ្យុសំបុកឃ្មុំ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់លោកឈ្មោះ «គណបក្សសង្គមប្រជាធិបតេយ្យសម្បុកឃ្មុំ»។ ប៉ុន្ដែគណបក្សនេះ ត្រូវបានគេរំលាយ បន្ទាប់ពីមិនបានអាសនៈក្នុងរដ្ឋសភា ហើយ លោក ម៉ម សូណង់ដូ ក៏ត្រូវបានគេចាប់ដាក់ពន្ធនាគារចំនួន៣លើក ដោយចោទពីបទ «ញុះញង់កុបកម្ម» នៅឆ្នាំ២០០៣ បទ «បរិហាកេរ្តិ៍» នៅឆ្នាំ២០០៥ និងពីបទ «កុបកម្ម» នៅឆ្នាំ២០១២ ដោយត្រូវជាប់គុកសរុបចំនួន២០ឆ្នាំ។ ប៉ុន្ដែទោសទាំងនេះ ត្រូវបានព្យួរមួយចំនួន។

តមកនៅឆ្នាំ២០១៣  លោក ម៉ម សូណង់ដូ ក៏បានបង្កើតបក្សមួយទៀតគឺ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ប៉ុន្ដែលោក ក៏លាលែងពីតំណែងថ្មីៗនេះ។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សនេះ មិនបានឈ្នះគ្រងតំណែងមេឃុំ ឬចៅសង្កាត់នៅទេ ប៉ុន្តែ ឈ្នះបានមួយអសនៈគត់ ជាតំណែងជំទប់ទី២ នៅខេត្តកំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ