កម្លាំងសមត្ថកិច្ចចុះឆែកឆេររកភស្ដុតាងនៅផ្ទះលោក ញឹក ប៊ុនឆៃ

កម្លាំងសមត្ថកិច្ចចុះឆែកឆេររកភស្ដុតាងនៅផ្ទះលោក ញឹក ប៊ុនឆៃ

នៅល្ងាចថ្ងៃសុក្រនេះ មានកងកម្លាំងប្រដាប់អាវុធ ប្រមាណជិត២០នាក់ បានចុះឆែកឆេរនៅផ្ទះប្រធានគណបក្សខ្មែររួបរួមជាតិ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចម្នាក់នៅទីនោះ បង្ហើបឲ្យអ្នកសារព័ត៌មាន VOD ដឹងថា ការចុះឆែកឆេរនេះ កម្លាំងសមត្ថកិច្ច ក៏នាំខ្លួន លោក ញឹក ប៊ុនឆៃ ទៅជាមួយដែរ ដោយថា ដើម្បីស្វែងរកភស្ដុតាងសំខាន់ៗ នៅទីនោះ។

ចំពោះ មន្ដ្រីបក្សខ្មែររួបរួមជាតិ ឲ្យដឹងថា ក្រុមការងារគណបក្សនេះ កំពុងប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ ករណីសមត្ថកិច្ចឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ ដើម្បីសាកសួរពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០0៧។

មន្ដ្រីគណបក្សខ្មែររួបរួមជាតិ លោក មុយ ឈឿន ប្រាប់ VOD នៅថ្ងៃសុក្រទី៤ខែសីហាថា មកទល់ពេលនេះ ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបន្ដនិតីវិធីសាកសួរ លើប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ។

នៅពេលសួរថា គណបក្សនេះ នឹងមានវិធានការដូចម្ដេចបន្ដទៀត លោកអះអាងថា ក្រុមការងារគណបក្សកំពុងពិភាក្សាគ្នា រកដំណោះស្រាយក្នុងករណីនេះ ប៉ុន្ដែលោក មិនអាចបញ្ជាក់លម្អិតថាតើ គណបក្សនេះនឹងធ្វើយ៉ាងណាទៀតនោះទេ។

លោកថា៖ «គណបក្ស បានពិភាក្សាគ្នាអស់ហើយព្រឹកមិញ…ខ្ញុំអត់ដឹងរឿងហ្នឹងផង ទាល់តែសួរខាងគ្រួសារគាត់ មេធាវីអីហ្នឹង មិនដែលអត់ទេ…ខ្ញុំអត់ដឹងទេ ខាងគ្រួសារគាត់អ្នករៀបចំ ខាងខ្ញុំគ្រាន់តែពិភាក្សាថា តើយើងគួរស្នើយ៉ាងម៉េចទៅទៀត»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កាលពីថ្ងៃទី៣សីហា បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ កាលពីវេលាម៉ោង១២រសៀលម្សិលមិញ ដោយចោទថា លោក ញឹក ប៊ុនឆៃ មានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្នុងខេត្តកំពង់ស្ពឺ។

ដីកាបញ្ជាឲ្យនាំខ្លួន ដែលត្រូវបានចុះហត្ថលេខាដោយព្រះរាជអាជ្ញា សៀង សុខ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចនាំខ្លួនលោក ញឹក ប៊ុនឆៃ មកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរពីរឿងផលិតគ្រឿងញៀនខុសច្បាប់ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០០៧ ពោលគឺកាលពី១០ឆ្នាំមុន។

ការឃាត់ខ្លួនប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានគេមើលឃើញថា ទំនងជាធ្វើឡើង បន្ទាប់ពីគណបក្សកាន់អំណាច ប្រកាសផ្ដាច់សម្ព័ន្ធភាពជាមួយគណបក្សនេះ ដោយចោទថា លោក ញឹក ប៊ុនឆៃ មានចេតនាកុហក មិនស្មោះត្រង់។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីខែមិថុនាកន្លងទៅ លោក ញឹក ប៊ុនឆៃ អះអាងថា លោកបានទូរស័ព្ទច្រឡំលេខទៅមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីមុនបោះឆ្នោតឃុំសង្កាត់។ ប៉ុន្ដែលោកបដិសេធថា លោកគ្មានទំនាក់ទំនង ឬចង់ចុះចូលជាមួយគណបក្សប្រឆាំងឡើយ៕

វីអូឌី នឹងជូនព័ត៌មានលម្អិតនៅពេលខាងមុខ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ