យុវជនការពារបរិស្ថាននៅកោះកុង​ជំរុញឲ្យរុះរើការដ្ឋានលាងខ្សាច់ចេញពីតំបន់ការពារ​

យុវនារីការពារបរិស្ថានស្ម័គ្រចិត្ត ខេត្តកោះកុង កញ្ញា អ៊ុត រីឌី (FB: Mother Nature Cambodia)

ក្រុមយុវជនការពារបរិស្ថានស្ម័គ្រចិត្តនៅក្នុងខេត្តកោះកុងបានអំពាវនាវឲ្យក្រសួងពាក់ព័ន្ធអន្តរាគមន៍អនុវត្តតាមការសម្រេចរបស់ក្រសួង ក្នុងការតម្រូវឲ្យក្រុមហ៊ុន​បូមខ្សាច់រុះរើការដ្ឋានរបស់ពួកគេចេញពីតំបន់ការពារមួយនៅក្នុងខេត្តកោះកុង។​

កាលពីថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ ក្រុមយុវជនការពារបរិស្ថានចលនាមាតាធម្មជាតិ​ បានបង្ហាញរូបភាពជាវីឌីអូ ពី​ការដ្ឋានលាងខ្សាច់របស់ក្រុមហ៊ុនស្ថិតនៅតំបន់ការពារនៅកោះស្មាច់ ក្នុងខេត្តកោះកុង។​

នៅក្នុងវីឌីអូនោះ យុវនារីការពារបរិស្ថានស្ម័គ្រចិត្តកញ្ញា អ៊ុន រីឌី ថ្លែងថា ក្រុមហ៊ុននៅតែបន្តសាងសង់ការដ្ឋានលាងខ្សាច់ខុសច្បាប់ ទោះបីជាក្រសួងរ៉ែនិង ថាមពលបានចេញបញ្ជាឲ្យរុះរើហើយក៏ដោយ។​

កញ្ញាថ្លែងថា៖ «លោក ម៉េង សក្កធារ៉ា ថា ការដ្ឋានសាងសង់ត្រូវរុះរើជាបន្ទាន់ និងមិនឲ្យមានការសាងសង់នៅកន្លែងផ្សេងទៀតទេ តែអស់រយៈពេលមួយខែហើយ អត់ទាន់មានឃើញក្រសួងណាមករុះរើទីតាំងនេះទេ ហើយក្រុមហ៊ុនក៏នៅតែបន្តសាងសង់ដដែល ដោយឥតខ្លាចញញើតសេចក្តីប្រកាសរបស់ក្រសួងឡើយ»។

កញ្ញាក៏បានសួរទៅកាន់រដ្ឋាភិបាលថា តើក្រសួងមានអំណាចគ្រប់គ្រងដើម្បីរុះរើការដ្ឋាននេះទេ ឬក៏ក្រុមហ៊ុនមានអំណាចលើសក្រសួងទៅទៀត?

ឆ្លើយតបនឹងរឿងនេះ លោក យ៉ុម មុន្នីរ័ត្ន អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានច្រានចោលចំពោះការចោទថា ក្រុមហ៊ុន​បូមខ្សាច់នៅតែបន្តសាងសង់ការដ្ឋានរបស់ខ្លួន​នោះ។​ លោកថា បើសិនជានៅតែមានសកម្មភាពល្មើស ឲ្យយុវជនទាំងនោះរាយការណ៍ទៅក្រសួង ដើម្បីចាត់វិធានការ។​

លោកថា៖ «អត់មានក្រុមហ៊ុនណាគេធ្វើសកម្មភាពអីទេ អាជ្ញាប័ណ្ឌយើងដកហើយ អាជ្ញាប័ណ្ឌធ្វើអាជីវកម្មខ្សាច់យើងបញ្ចប់អស់ហើយរឿងដែលអ្នកណាគេឃើញគេកំពុងធ្វើអីនៅនោះ ក្រុមហ៊ុនគេថាគេអត់ធ្វើផង ចឹងសូមឲ្យអ្នកនឹងរាយការណ៍មកយើងផ្ទាល់ យើងនឹងចាត់មន្ត្រីយើងទៅដោះស្រាយ»។

កាលពីថ្ងៃទី១០កក្តដាឆ្នាំ២០១៧នេះ ក្រសួងរ៉ែ និងថាមពលបានចេញសេចក្តីប្រកាសមួយដោយបញ្ជា ទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងឈប់អនុញ្ញាតឲ្យមានការធ្វើអាជីកម្មនាំខ្សាច់សំណង់គ្រប់ប្រភេទនិងខ្សាច់ភក់ ដែលការហាមនោះធ្វើឡើងបន្ទាប់ពីក្រសួងរកឃើញថា ការធ្វើអាជីវកម្ម ប្រភេទនេះប៉ះពាល់ដល់បរិស្ថាននិងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ